សុភា‌សិត 3:18-35

សុភា‌សិត 3:18-35 គកស១៦

ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ។ ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់​ដែរ ដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ នោះ​អស់​ទាំង​ទី​ជម្រៅ​បាន​ធ្លាយ​ចេញ ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ និង​គំនិត​វាង​វៃ​ចុះ ដូច្នេះ សេចក្ដី​នោះ​នឹង​បាន​ជា​ជីវិត ដល់​ព្រលឹង​ឯង ហើយ​ជា​គ្រឿង​លម្អ​នៅ​ក​ឯង។ នោះ​ឯង​នឹង​បាន​ដើរ​តាម​ផ្លូវ​ឯង ដោយ​សេចក្ដី​សុខ ហើយ​ជើង​ឯង​នឹង​មិន​ចំពប់​ឡើយ។ ប្រសិន​បើ​ឯង អង្គុយ​ចុះ ឯងនឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ កាល​ណា​ឯង​ចូល​ដេក នោះ​ឯង​នឹង​ដេក​លក់​យ៉ាង​ស្កប់​ស្កល់។ កុំ​ឲ្យ​នឹក​ខ្លាច ក្រែង​លោ​មាន​ហេតុ​ភ័យ កើត​មក​ឆាប់​ភ្លាម​នោះ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ការ​ហិន​វិនាស​របស់​មនុស្ស​អា‌ក្រក់ ក្នុង​កាល​ដែល​កើត​មក​នោះ​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​បាន​ជា​ទី​ទុក​ចិត្ត​ដល់​ឯង ព្រះ‌អង្គ​នឹង​រក្សា​ជើង​ឯង​មិន​ឲ្យ​ត្រូវ​ជាប់​ឡើយ។ កាល​ណា​ឯង​មាន​លទ្ធភាព​អាច​នឹង​ធ្វើ​បាន នោះ​មិន​ត្រូវ​បដិសេធ​នឹង​អ្នក ដែល​ត្រូវ​ការ​ជំនួយ​ពី​ឯង​ឡើយ។ បើ​កាល​ណា​ឯង​មាន​របស់​អ្វី​នៅ​ជិត​ឯង ដែល​អ្នក​ជិត​ខាង​ត្រូវ​ការ នោះ​កុំ​និយាយ​ឡើយ​ថា ទៅ​សិន​ចុះ ស្អែក​សឹម​មក នោះ​ខ្ញុំ​នឹង​ឲ្យ។ កុំ​បង្កើត​ការ​អា‌ក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ឯង ដែល​អា‌ស្រ័យ​នៅ​ជិត​ឯង ដោយ​សុខ​សាន្ត​នោះ​ឡើយ បើ​មនុស្ស​ណា​មិន​បាន​ធ្វើ​ប្រទូស្ត​ដល់​ឯង នោះ​កុំ​ឲ្យ​ត​តាំង​នឹង​គេ​ដោយ​ឥត​ហេតុ​ឲ្យ​សោះ កុំ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​មិត្ត​នឹង​គេ​វិញ។ បណ្ដាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អា‌ក្រក់ តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ទី​លំ‌នៅ របស់​មនុស្ស​សុចរិត​វិញ។ ព្រះ‌អង្គ​តែង​មើល​ងាយ ដល់​ពួក​អ្នក​ដែល​មើល​ងាយ តែ​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ចំពោះ​មនុស្ស​រាប‌សា​វិញ។ មនុស្ស​មាន​ប្រាជ្ញា​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មត៌ក តែ​សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់ ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។

អាន សុភា‌សិត 3