សុភាសិត 26
26
1ការដែលហិមៈធ្លាក់នៅរដូវក្តៅ
ហើយភ្លៀងធ្លាក់នៅរដូវចម្រូតមិនសមយ៉ាងណា
កិត្តិយសក៏មិនសម
នឹងមនុស្សល្ងីល្ងើយ៉ាងនោះដែរ។
2ការដែលចាបហើរទៅបាត់
ហើយសត្វត្រចៀកកាំចេះតែហើរទៅមកយ៉ាងណា
នោះបណ្ដាសាឥតហេតុ
ក៏មិនទំជាប់យ៉ាងនោះដែរ
3មានត្មោងសម្រាប់សេះ មានបង្ហៀរសម្រាប់លា
ហើយរំពាត់ក៏សម្រាប់ខ្នងមនុស្សល្ងីល្ងើដែរ។
4កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ
តាមសេចក្ដីចម្កួតរបស់គេឡើយ
ក្រែងអ្នកក៏បានដូចជាគេដែរ
5ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ
ឲ្យចំនឹងសេចក្ដីចម្កួតរបស់គេចុះ
ក្រែងគេមើលខ្លួនដោយសេចក្ដីអំនួតថា
ជាអ្នកមានប្រាជ្ញា
6អ្នកណាដែលប្រើមនុស្សល្ងីល្ងើឲ្យនាំដំណឹងទៅ
នោះឈ្មោះថា កាប់ផ្តាច់ជើងរបស់ខ្លួន
ហើយក៏ផឹកស្រូបសេចក្ដីអន្តរាយដែរ
7ជើងរបស់មនុស្សដែលដើរចាក់ខ្ញើច
បានខ្សោយយ៉ាងណា នោះពាក្យសុភាសិត
នៅក្នុងមាត់មនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ
8អ្នកដែលចងក្រួសភ្ជាប់ក្នុងខ្សែដង្ហក់
ជាយ៉ាងណា
នោះអ្នកដែលលើកមុខមនុស្សល្ងីល្ងើ
ក៏យ៉ាងនោះដែរ
9បន្លាមុតចូលក្នុងដៃរបស់មនុស្សស្រវឹង
ជាយ៉ាងណា
នោះពាក្យសុភាសិតនៅក្នុងមាត់មនុស្សល្ងីល្ងើ
ក៏យ៉ាងនោះដែរ
10ពលធ្នូម្នាក់ដែលជំនាញបាញ់ឲ្យរបួសទាំងអស់
ជាយ៉ាងណា
អ្នកដែលជួលមនុស្សខ្លៅអនាថា ឬមនុស្សប្រមឹក
ក៏យ៉ាងនោះដែរ។
11មនុស្សល្ងីល្ងើដែលចេះតែធ្វើអំពើចម្កួតរបស់គេ
ច្រំដែលទៀត
នោះធៀបដូចជាឆ្កែដែលត្រឡប់ទៅស៊ីកម្អួតវាវិញ
12អ្នកដែលឃើញមនុស្សដែលប្រកាន់ថា
ខ្លួនមានប្រាជ្ញាឬទេ?
មានសង្ឃឹមចំពោះមនុស្សល្ងីល្ងើ
ជាជាងអ្នកនោះទៅទៀត។
13មនុស្សខ្ជិលច្រអូសតែងតែថា
«មានសិង្ហមួយនៅកណ្ដាលថ្នល់
មានសិង្ហមួយនៅត្រង់ផ្លូវ»។
14មនុស្សខ្ជិលច្រអូសចេះតែបម្រាស់
ននៀលនៅលើគ្រែ បែបដូចទ្វារ
ដែលបិទបើកទៅមកជាប់នៅត្រចៀកដែរ
15មនុស្សខ្ជិលច្រអូសគេលូកដៃទៅក្នុងចាន
ហើយដែលដកមកបញ្ចុកមាត់វិញនោះ
ក៏រួយដៃដល់គេណាស់
16មនុស្សខ្ជិលច្រអូសគេតែងប្រកាន់ថា
ខ្លួនមានប្រាជ្ញាជាជាងមនុស្សប្រាំពីរនាក់
ដែលតបឆ្លើយដោយវាងវៃ។
17អ្នកណាដែលកំពុងតែដើរតាមផ្លូវ
ព្រមទុកឲ្យខ្លួនក្តៅក្រហាយ
ដោយការឈ្លោះប្រកែករបស់អ្នកដទៃ
នោះធៀបដូចជាមនុស្សដែលចាប់ត្រចៀកឆ្កែ
18ដូចជាមនុស្សឆ្កួតដែលបោះអង្កត់ឧស
កំពុងឆេះចោល និងព្រួញផង ហើយត្រូវស្លាប់
19មនុស្សដែលបញ្ឆោតអ្នកជិតខាង
រួចពោលថា «ខ្ញុំគ្រាន់តែធ្វើលេងទេតើ»
20ទីណាដែលឥតមានឧស នោះភ្លើងក៏រលត់
ហើយទីណាដែលឥតមានអ្នកបេះបួយ
នោះសេចក្ដីទាស់ទែងគ្នាក៏បាត់អស់ទៅដែរ។
21មនុស្សដែលចេះតែរករឿង
គេរមែងអុចអាលឲ្យមានសេចក្ដីទាស់ទែងគ្នា
ឧបមាដូចជាដាក់ធ្យូងនៅលើរងើកភ្លើង
ហើយដូចជាដាក់ឧសនៅលើភ្លើងដែរ
22ពាក្យសម្ដីរបស់មនុស្សបេះបួយ
ធៀបដូចជាចំណីដែលឆ្ងាញ់ពិសា
ក៏ចូលទៅក្នុងពោះរបស់មនុស្ស។
23បបូរមាត់ហៃខាងនិយាយ តែចិត្តអាក្រក់
ធៀបដូចជាភាជនៈដីស្រោបដោយអាចម៍ប្រាក់។
24អ្នកណាដែលស្អប់គេ
នោះរមែងក្លែងពាក្យដោយបបូរមាត់
នោះក៏ប្រមូលទុកសេចក្ដីបញ្ឆោតនៅក្នុងចិត្តដែរ
25កាលណាអ្នកនោះពោលពាក្យល្អ
នោះកុំឲ្យជឿឲ្យសោះ
ដ្បិតនៅក្នុងចិត្តគេមានសេចក្ដីគួរស្អប់ខ្ពើមប្រាំពីរមុខ
26ទោះបើសេចក្ដីសម្អប់របស់គេបានគ្របបាំង
ដោយពុតមាយាក៏ដោយ
គង់តែសេចក្ដីអាក្រក់របស់គេ
នឹងសម្ដែងចេញឲ្យច្បាស់
នៅចំពោះមុខពួកជំនុំ។
27អ្នកណាដែលជីករណ្តៅ
អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅនោះឯង
ហើយអ្នកណាដែលប្រមៀលថ្ម
ថ្មនោះនឹងរមៀលត្រឡប់មកកិនខ្លួនវិញ
28ឯអណ្ដាតភូតភរ នោះរមែងស្អប់ដល់ពួកអ្នក
ដែលវាបានធ្វើទុក្ខនោះ
ហើយមាត់បញ្ចើចតែងតែបណ្ដាលឲ្យវិនាស។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 26: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies