សុភា‌សិត 27

27
1កុំ​ឲ្យ​អួត​ខ្លួន​ពី​ថ្ងៃ​ស្អែក
ដ្បិត​ឯង​មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​កើត​មាន​ការ​អ្វី​ទេ។
2ទុក​ឲ្យ​មនុស្ស​ឯ​ទៀត​សរសើរ​ឯង​ចុះ
កុំ​ឲ្យ​មាត់​ឯង​សរសើរ​ខ្លួន​ឡើយ
គឺ​ជា​អ្នក​ដទៃ មិន​មែន​ជា​បបូរ​មាត់
របស់​ឯង​ឡើយ។
3ដុំ​ថ្ម​ជា​របស់​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទម្ងន់​ដែរ
តែ​សេចក្ដី​កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ
នោះ​ធ្ងន់​ជាង​ទាំង​ពីរ​មុខ​នោះ​ទៅ​ទៀត។
4សេចក្ដី​ឃោរ‌ឃៅ ជា​សេចក្ដី​ដែល​សាហាវ​ណាស់
ហើយ​សេចក្ដី​កំហឹង​ក៏​ខ្លាំង‌ក្លា​ដែរ
តែ​ឯ​សេចក្ដី​ប្រចណ្ឌ តើ​អ្នក​ណា​នឹង​ទប់‌ទល់​បាន។
5ការ​ដែល​ត្រូវ​បន្ទោស​នៅ​កណ្ដាល​ជំនុំ
នោះ​វិសេស​ជាង​សេចក្ដី​ស្រឡាញ់​លាក់​កំបាំង។
6របួស​ដែល​មិត្ត​សម្លាញ់​ធ្វើ​ដល់​យើង
នោះ​តែង​ធ្វើ​ដោយ​ស្មោះ​ត្រង់​ទេ
តែ​ឯ​ការ​ថើប​របស់​ខ្មាំង​សត្រូវ
នោះ​ជា​សេចក្ដី​បញ្ឆោត​វិញ។
7អ្នក​ណា​ដែល​ឆ្អែត​ហើយ
ទោះ​ទាំង​សំណុំ​ឃ្មុំ​ក៏​ណាយ​ចិត្ត​ដែរ
តែ​ឯ​អ្នក​ណា​ដែល​ឃ្លាន
ទោះ​ទាំង​របស់​ជូរ​ល្វីង​ក៏​ផ្អែម​ដល់​គេ​វិញ។
8មនុស្ស​ណា​ដែល​វង្វេង​ឆ្ងាយ​ពី​ទី​លំ‌នៅ​ខ្លួន
នោះ​ប្រៀប​ដូច​ជា​សត្វ​ហើរ
ដែល​វង្វេង​ឆ្ងាយ​ពី​សម្បុក​វា​ដែរ។
9ប្រេង​លាប និង​ទឹក​អប់ តែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ
តែ​ទុក្ខ​លំបាក តែង​ហែក​ហួរ​ព្រលឹង​មនុស្ស ។
10កុំ​ឲ្យ​បោះ‌បង់​ចោល​មិត្ត‌ភក្តិ​របស់​ខ្លួន
និង​មិត្ត‌ភក្តិ​របស់​ឪពុក​ឡើយ
ក៏​កុំ​ចូល​ក្នុង​ផ្ទះ​របស់​បង‌ប្អូន​របស់អ្នក​ក្នុង​គ្រា
ដែល​អ្នក​មាន​ទុក្ខ​ព្រួយ។
អ្នក​ជិត​ខាង​ដែល​នៅ​ក្បែរ
នោះ​វិសេស​ជាង​បង‌ប្អូន​ដែល​នៅ​ឆ្ងាយ។
11កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង
ហើយ​ឲ្យ​ចិត្ត​យើង​បាន​រីក‌រាយ​ចុះ
ដើម្បី​ឲ្យ​យើង​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស
ដែល​ដៀល‌តិះ​ដល់​យើង។
12មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត
គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន
តែ​មនុស្ស​ល្ងង់‌ខ្លៅ
គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ក៏​ត្រូវ​មាន​ទុក្ខ។
13ចូរ​យក​អាវ​របស់​អ្នក​ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ
ទុក​ជា​របស់​បញ្ចាំ
ហើយ​ទារ​យក​របស់​បញ្ចាំ​ពី​អ្នក
ដែល​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។
14បើ​អ្នក​ណា​ក្រោក​ពី​ព្រលឹម​ស្រាង
និង​ឲ្យ​ពរ​ដល់​មិត្ត​សម្លាញ់​ដោយ​សំឡេង​ខ្លាំង
នោះ​នឹង​បាន​រាប់​ជា​ពាក្យ​ជេរ​ដល់​គេ​វិញ។
15ទឹក​ដែល​ស្រក់​ចុះ​តក់ៗ​ជា‌និច្ច
នៅ​ថ្ងៃ​ភ្លៀង​ច្រើន
ហើយ​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង នោះ​ក៏​ដូច​គ្នា
16អ្នក​ណា​ដែល​ចង់​ឃាត់​នាង
នោះ​ដូច​ជា​ឃាត់​ខ្យល់
ឬ​ដូច​ជា​យក​ដៃ​ស្ដាំទៅ​ចាប់​ក្តាប់​ប្រេង​ដូច្នោះ​ដែរ។
17ដែក​រមែង​សំលៀង​ដែក
ឯ​មនុស្សក៏​ធ្វើ​ឲ្យ​មិត្ត​សម្លាញ់​ខ្លួន
មុត​ស្រួច​យ៉ាង​នោះ​ដែរ។
18អ្នក​ណា​ដែល​ថែ​ទាំ​ដើម​ល្វា
អ្នក​នោះ​នឹង​បាន​ផ្លែ​បរិ‌ភោគ
ហើយ​អ្នក​ណា​ដែល​បម្រើ​ចៅ‌ហ្វាយ​ខ្លួន​ដោយ​ល្អ
នោះ​នឹង​បាន​កិត្តិ‌សព្ទ។
19មុខ​ឆ្លុះ​ឃើញ​មុខ​នៅ​ក្នុង​ទឹក​ជា​យ៉ាង​ណា
នោះ​ចិត្ត​របស់​មនុស្ស
ក៏​ច្បាស់​ដល់​មនុស្ស​យ៉ាង​នោះ​ដែរ។
20ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
ហើយ​នឹង​ទី​វិនាស​នោះ​មិន​ចេះ​ស្កប់‌ស្កល់​ឡើយ
ឯ​ភ្នែក​នៃ​មនុស្ស​ក៏​មិន​ចេះ​ស្កប់‌ស្កល់​ដូច​គ្នា​ដែរ។
21មាន​ឡ​សម្រាប់​សម្រង់​ប្រាក់
ហើយ​មានភ្លើង​សម្រាប់​មាស
តែ​នឹង​ស្គាល់​មនុស្ស​បាន​ដោយ‌សារ​តែ
សេចក្ដី​ដែល​គេ​សរសើរ​ពី​អ្នក​នោះ។
22ទោះ​បើ​នឹង​បុក​មនុស្ស​ល្ងី‌ល្ងើ
នៅ​ក្នុង​ត្បាល់​ជា‌មួយ​ស្រូវ​ក៏​ដោយ
គង់​តែ​សេចក្ដី​ចម្កួត​របស់​វា
មិន​ព្រម​របក​ចេញ​ពី​វា​ឡើយ។
23ចូរ​មាន​ចិត្ត​ខ្នះ‌ខ្នែង​ឲ្យ​ស្គាល់
សណ្ឋាន​នៃ​ហ្វូង​ចៀម​ឯង
ហើយ​ឲ្យ​ថែ​មើល​ហ្វូង​គោ​ឯង​ឲ្យ​ល្អ​ចុះ
24ដ្បិត​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ទេ
មកុដ​ស្តេច​ក៏មិន​នៅ​ជាប់គ្រប់​ជំនាន់ដែរ។
25ឯ​ស្មៅ​ក្រៀម​គេ​ដឹក​យក​ទៅ
រួច​ស្មៅ​ខ្ចី​លូត​លាស់​ឡើង
ហើយ​គេ​ប្រមូល​ស្មៅ​ព្រៅ​ពី​ភ្នំ​មក​ដែរ
26កូន​ចៀម​ទាំង​ប៉ុន្មាន​នឹង​បាន​សម្រាប់​ធ្វើ​ជា
សម្លៀក‌បំពាក់​ដល់​អ្នក
ឯ​ពពែ​ឈ្មោល​ក៏​សម្រាប់​សង​ថ្លៃ​ចម្ការ​ដែរ
27ហើយ​មាន​ទឹក​ដោះ​ពពែ
ល្មម​ទុក​ជា​អាហារ​ដល់​ឯង
គឺ​ជា​អាហារ​សម្រាប់​គ្រួសារ​ឯង
ហើយ​សម្រាប់​ចិញ្ចឹម​ពួក​ស្រី​បម្រើ​របស់​ឯង​ទៀត។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 27: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល