សុភាសិត 27
27
1កុំឲ្យអួតខ្លួនពីថ្ងៃស្អែក
ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។
2ទុកឲ្យមនុស្សឯទៀតសរសើរឯងចុះ
កុំឲ្យមាត់ឯងសរសើរខ្លួនឡើយ
គឺជាអ្នកដទៃ មិនមែនជាបបូរមាត់
របស់ឯងឡើយ។
3ដុំថ្មជារបស់ធ្ងន់ ហើយខ្សាច់ក៏មានទម្ងន់ដែរ
តែសេចក្ដីកំហឹងរបស់មនុស្សល្ងីល្ងើ
នោះធ្ងន់ជាងទាំងពីរមុខនោះទៅទៀត។
4សេចក្ដីឃោរឃៅ ជាសេចក្ដីដែលសាហាវណាស់
ហើយសេចក្ដីកំហឹងក៏ខ្លាំងក្លាដែរ
តែឯសេចក្ដីប្រចណ្ឌ តើអ្នកណានឹងទប់ទល់បាន។
5ការដែលត្រូវបន្ទោសនៅកណ្ដាលជំនុំ
នោះវិសេសជាងសេចក្ដីស្រឡាញ់លាក់កំបាំង។
6របួសដែលមិត្តសម្លាញ់ធ្វើដល់យើង
នោះតែងធ្វើដោយស្មោះត្រង់ទេ
តែឯការថើបរបស់ខ្មាំងសត្រូវ
នោះជាសេចក្ដីបញ្ឆោតវិញ។
7អ្នកណាដែលឆ្អែតហើយ
ទោះទាំងសំណុំឃ្មុំក៏ណាយចិត្តដែរ
តែឯអ្នកណាដែលឃ្លាន
ទោះទាំងរបស់ជូរល្វីងក៏ផ្អែមដល់គេវិញ។
8មនុស្សណាដែលវង្វេងឆ្ងាយពីទីលំនៅខ្លួន
នោះប្រៀបដូចជាសត្វហើរ
ដែលវង្វេងឆ្ងាយពីសម្បុកវាដែរ។
9ប្រេងលាប និងទឹកអប់ តែងធ្វើឲ្យចិត្តរីករាយ
តែទុក្ខលំបាក តែងហែកហួរព្រលឹងមនុស្ស ។
10កុំឲ្យបោះបង់ចោលមិត្តភក្តិរបស់ខ្លួន
និងមិត្តភក្តិរបស់ឪពុកឡើយ
ក៏កុំចូលក្នុងផ្ទះរបស់បងប្អូនរបស់អ្នកក្នុងគ្រា
ដែលអ្នកមានទុក្ខព្រួយ។
អ្នកជិតខាងដែលនៅក្បែរ
នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយ។
11កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង
ហើយឲ្យចិត្តយើងបានរីករាយចុះ
ដើម្បីឲ្យយើងអាចតបឆ្លើយចំពោះមនុស្ស
ដែលដៀលតិះដល់យើង។
12មនុស្សដែលមានគំនិតឆ្លៀវឆ្លាត
គេឃើញការអាក្រក់មក ក៏ពួនខ្លួន
តែមនុស្សល្ងង់ខ្លៅ
គេចេះតែដើរទៅ ហើយក៏ត្រូវមានទុក្ខ។
13ចូរយកអាវរបស់អ្នកដែលធានាឲ្យមនុស្សដទៃ
ទុកជារបស់បញ្ចាំ
ហើយទារយករបស់បញ្ចាំពីអ្នក
ដែលសន្យាជំនួសអ្នកក្រៅចុះ។
14បើអ្នកណាក្រោកពីព្រលឹមស្រាង
និងឲ្យពរដល់មិត្តសម្លាញ់ដោយសំឡេងខ្លាំង
នោះនឹងបានរាប់ជាពាក្យជេរដល់គេវិញ។
15ទឹកដែលស្រក់ចុះតក់ៗជានិច្ច
នៅថ្ងៃភ្លៀងច្រើន
ហើយស្ត្រីដែលចេះតែរករឿង នោះក៏ដូចគ្នា
16អ្នកណាដែលចង់ឃាត់នាង
នោះដូចជាឃាត់ខ្យល់
ឬដូចជាយកដៃស្ដាំទៅចាប់ក្តាប់ប្រេងដូច្នោះដែរ។
17ដែករមែងសំលៀងដែក
ឯមនុស្សក៏ធ្វើឲ្យមិត្តសម្លាញ់ខ្លួន
មុតស្រួចយ៉ាងនោះដែរ។
18អ្នកណាដែលថែទាំដើមល្វា
អ្នកនោះនឹងបានផ្លែបរិភោគ
ហើយអ្នកណាដែលបម្រើចៅហ្វាយខ្លួនដោយល្អ
នោះនឹងបានកិត្តិសព្ទ។
19មុខឆ្លុះឃើញមុខនៅក្នុងទឹកជាយ៉ាងណា
នោះចិត្តរបស់មនុស្ស
ក៏ច្បាស់ដល់មនុស្សយ៉ាងនោះដែរ។
20ស្ថានឃុំព្រលឹងមនុស្សស្លាប់
ហើយនឹងទីវិនាសនោះមិនចេះស្កប់ស្កល់ឡើយ
ឯភ្នែកនៃមនុស្សក៏មិនចេះស្កប់ស្កល់ដូចគ្នាដែរ។
21មានឡសម្រាប់សម្រង់ប្រាក់
ហើយមានភ្លើងសម្រាប់មាស
តែនឹងស្គាល់មនុស្សបានដោយសារតែ
សេចក្ដីដែលគេសរសើរពីអ្នកនោះ។
22ទោះបើនឹងបុកមនុស្សល្ងីល្ងើ
នៅក្នុងត្បាល់ជាមួយស្រូវក៏ដោយ
គង់តែសេចក្ដីចម្កួតរបស់វា
មិនព្រមរបកចេញពីវាឡើយ។
23ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់
សណ្ឋាននៃហ្វូងចៀមឯង
ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ
24ដ្បិតទ្រព្យសម្បត្តិមិនស្ថិតស្ថេរនៅជាដរាបទេ
មកុដស្តេចក៏មិននៅជាប់គ្រប់ជំនាន់ដែរ។
25ឯស្មៅក្រៀមគេដឹកយកទៅ
រួចស្មៅខ្ចីលូតលាស់ឡើង
ហើយគេប្រមូលស្មៅព្រៅពីភ្នំមកដែរ
26កូនចៀមទាំងប៉ុន្មាននឹងបានសម្រាប់ធ្វើជា
សម្លៀកបំពាក់ដល់អ្នក
ឯពពែឈ្មោលក៏សម្រាប់សងថ្លៃចម្ការដែរ
27ហើយមានទឹកដោះពពែ
ល្មមទុកជាអាហារដល់ឯង
គឺជាអាហារសម្រាប់គ្រួសារឯង
ហើយសម្រាប់ចិញ្ចឹមពួកស្រីបម្រើរបស់ឯងទៀត។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 27: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies