សុភា‌សិត 2

2
តម្លៃ​នៃ​ប្រាជ្ញា
1កូន​អើយ បើ​ឯង​ទទួល​ពាក្យ​យើង
ហើយ​ប្រមូល​ពាក្យ​បណ្ដាំ​របស់​យើង
ទុក​នៅ​ជាប់​នឹង​ឯង
2ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា
ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោ‌បល់
3អើ បើ​ឯង​ស្រែក​ហៅ​រក​តម្រិះ
ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោ‌បល់
4បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់
ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ
5នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច
ដល់​ព្រះ‌យេហូវ៉ា
ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ‌អង្គ។
6ដ្បិត​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា
ឯ​តម្រិះ​នឹង​យោ‌បល់
នោះ​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​មក
7ព្រះ‌អង្គ​បម្រុង​ទុក​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍
សម្រាប់​មនុស្ស​សុចរិត
ក៏​ជា​ខែល​ដល់​អស់​អ្នក
ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់
8ដើម្បី​ឲ្យ​បាន​រក្សា​អស់​ទាំង​ផ្លូវ​ច្រក
នៃ​សេចក្ដី​យុត្តិ‌ធម៌
ហើយ​ការ​ពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ។
9យ៉ាង​នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​សុចរិត
សេចក្ដី​យុត្តិ‌ធម៌
និង​សេចក្ដី​ទៀង​ត្រង់ គឺ​គ្រប់​ទាំង​ផ្លូវ​ល្អ
10ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង
ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង
11គំនិត​វាង​វៃ​នឹង​ការ​ពារ​ឯង
ហើយ​យោ‌បល់​នឹង​ថែ​រក្សា​ឯង
12ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ផ្លូវ​អា‌ក្រក់
ហើយ​ពី​ពួក​មនុស្ស
ដែល​តែង​តែ​និយាយ​ពាក្យ​វៀច
13ជា​អ្នក​ដែល​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់
ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ងងឹត​វិញ
14ក៏​មាន​ចិត្ត​រីក‌រាយ​ដោយ​ប្រព្រឹត្ត​ការ​អា‌ក្រក់
ហើយ​ត្រេក‌អរ​ដោយ​ចិត្ត​វៀច
របស់​មនុស្ស​អា‌ក្រក់។
15ផ្លូវ​គេ​សុទ្ធ​តែ​ក្ងិច‌ក្ងក់
ហើយ​ផ្លូវ​ច្រក​របស់​គេ​ក៏​ទាស​ចេញ
16ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ស្រី​អាវ៉ាសែ
គឺ​ឲ្យ​រួច​ពី​ស្រី​ផិត​ក្បត់
ដែល​ប្រលោម​ដោយ​ពាក្យ​ផ្អែម‌ល្ហែម
17ជា​អ្នក​ដែល​លះ​ចោល​គូ​សម្លាញ់
ដែល​បាន​គ្នា​ពី​ក្រមុំ​កំលោះ
ក៏​ភ្លេច​សេចក្ដី​សញ្ញា​នៃ​ព្រះ​របស់​ខ្លួន
18ដ្បិត​ផ្ទះ​របស់​ស្ត្រី​នោះ
ទ្រេត​ទៅ​ខាង​សេចក្ដី​ស្លាប់
ហើយ​ផ្លូវ​ច្រក​របស់​នាង
នាំ​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់។
19ឯ​ពួក​អ្នក​ដែល​ដែល​ទៅ​វា
នោះ​គ្មាន​អ្នក​ណា​ត្រឡប់​មក​វិញ​ឡើយ
ក៏​មិន​ចាប់​កាន់​ផ្លូវ​ច្រក​នៃ​ជីវិត​ដែរ។
20ដូច្នេះ ចូរ​ឯង​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ
ព្រម​ទាំង​រក្សា​ផ្លូវ​ច្រក​នៃ​ពួក​សុចរិត។
21ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​អា‌ស្រ័យ​នៅ​ផែនដី
ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់
22តែ​មនុស្ស​អា‌ក្រក់​នឹង​ត្រូវ​កាត់
ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ
ហើយ​មនុស្ស​ប្រទូស‌រ៉ាយ
នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល