សុភាសិត 12
12
1អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ
នោះក៏ស្រឡាញ់តម្រិះ
តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស
នោះជាមនុស្សកំរោលវិញ។
2មនុស្សល្អនឹងប្រកបដោយព្រះគុណ
របស់ព្រះយេហូវ៉ា
តែព្រះអង្គនឹងកាត់ទោសមនុស្សណា
ដែលគិតគូរបង្កើតការអាក្រក់។
3គ្មានមនុស្សណាបានតាំងមាំមួនឡើង
ដោយសារអំពើអាក្រក់ទេ
តែឫសរបស់មនុស្សសុចរិត
មិនត្រូវរលើងឡើយ។
4ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្តី
តែស្ត្រីណាដែលនាំឲ្យមានសេចក្ដីខ្មាស
នោះប្រៀបដូចជាសេចក្ដីពុករលួយ
នៅក្នុងឆ្អឹងរបស់ប្តីវិញ។
5អស់ទាំងគំនិតរបស់មនុស្សសុចរិត
នោះសុទ្ធតែទៀងត្រង់
តែគំនិតរបស់មនុស្សអាក្រក់
នោះជាសេចក្ដីឆបោកវិញ។
6ពាក្យសម្ដីរបស់មនុស្សអាក្រក់
សុទ្ធតែនិយាយពីការលបចាំកម្ចាយឈាម
តែមាត់របស់មនុស្សទៀងត្រង់
នឹងជួយឲ្យគេរួចវិញ។
7មនុស្សអាក្រក់ត្រូវដួល ហើយមិននៅទៀតទេ
តែផ្ទះរបស់មនុស្សសុចរិត
បានស្ថិតស្ថេរនៅវិញ។
8មនុស្សនឹងបានគេសរសើរតាមប្រាជ្ញារបស់ខ្លួន
តែអ្នកណាដែលមានចិត្តវៀច
នោះគេនឹងស្អប់វិញ។
9អ្នកណាដែលគេរាប់អានតិច តែមានបាវបម្រើ
នោះវិសេសជាជាងមនុស្សណាដែលតំកើងខ្លួន
ប៉ុន្តែ ខ្វះខាតអាហារវិញ។
10មនុស្សសុចរិតរមែងប្រណី
ដល់ជីវិតនៃសត្វរបស់ខ្លួន
តែចិត្តរបស់មនុស្សអាក្រក់
នោះសាហាវណាស់។
11អ្នកណាដែលធ្វើស្រែខ្លួន
នោះនឹងបានបាយជាបរិបូរ
តែអ្នកណាដែលតាមសេចក្ដីឥតប្រយោជន៍
នោះគ្មានយោបល់វិញ។
12មនុស្សអាក្រក់លោភចង់បានទ្រព្យ
របស់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់
តែឫសរបស់មនុស្សសុចរិត
នោះបង្កើតផលផ្លែវិញ។
13មានអន្ទាក់អាក្រក់
នៅក្នុងអំពើរំលងរបស់បបូរមាត់
តែមនុស្សសុចរិតនឹងចេញរួចពីសេចក្ដីលំបាក។
14មនុស្សនឹងបានស្កប់ចិត្តនឹងសេចក្ដីល្អ
ដោយសារផលដែលកើតពីមាត់ខ្លួន
ហើយកិច្ចការដែលដៃមនុស្សធ្វើនោះ
នឹងបានសងដល់អ្នកនោះវិញ។
15មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួន
ជាត្រឹមត្រូវហើយ
តែអ្នកដែលមានប្រាជ្ញា
នោះតែងស្តាប់សេចក្ដីទូន្មានវិញ។
16សេចក្ដីគ្នាន់ក្នាញ់ក្នុងចិត្តមនុស្សល្ងីល្ងើ
នោះបានសម្ដែងមកឲ្យឃើញភ្លាម
តែមនុស្សឆ្លៀវឆ្លាត
គេតែងគ្របបាំងសេចក្ដីខ្មាសវិញ។
17អ្នកណាដែលពោលពាក្យពិត
នោះរមែងសម្ដែងចេញនូវសេចក្ដីសុចរិត
តែសាក្សីក្លែងក្លាយ
នោះសម្ដែងសេចក្ដីកំភូតវិញ។
18មានគេដែលពោលពាក្យឥតបើគិត
ដូចជាចាក់ដោយដាវ
តែសម្ដីរបស់មនុស្សមានប្រាជ្ញាជាថ្នាំផ្សះវិញ។
19បបូរមាត់ដែលបញ្ចេញសេចក្ដីពិត
នោះនឹងបានតាំងជាប់នៅជានិច្ច
តែអណ្ដាតភូតភរ នោះនៅតែមួយភ្លែតទេ។
20ការឆបោករមែងនៅក្នុងចិត្តនៃមនុស្ស
ដែលគិតគូរបង្កើតការអាក្រក់
តែមានអំណរសម្រាប់មនុស្ស
ដែលប្រឹក្សាឲ្យមានសេចក្ដីសុខ។
21មនុស្សសុចរិតនឹងមិនត្រូវកើតមាន
សេចក្ដីភិតភ័យអន្តរាយឡើយ
តែមនុស្សដែលប្រព្រឹត្តអាក្រក់
នឹងបានឆ្អែតដោយការអាក្រក់។
22បបូរមាត់ដែលពោលពាក្យភូតភរ
ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់
នោះជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
23មនុស្សឈ្លាសវៃតែងលាក់បាំងចំណេះរបស់ខ្លួន
តែចិត្តរបស់មនុស្សល្ងីល្ងើ
តែងប្រកាសពីសេចក្ដីល្ងង់ខ្លៅវិញ។
24ដៃរបស់មនុស្សព្យាយាម
នឹងបានឡើងគ្រប់គ្រង
តែមនុស្សខ្ជិលច្រអូស
នឹងត្រូវទទួលការបម្រើវិញ។
25ការកើតទុក្ខដែលគ្របសង្កត់ចិត្ត
នោះធ្វើឲ្យរួញថយចុះ
តែពាក្យល្អមួយម៉ាត់នឹងធ្វើឲ្យរីករាយឡើង។
26មនុស្សដែលសុចរិតជាអ្នកបង្ហាញផ្លូវ
ដល់អ្នកជិតខាងខ្លួន
តែផ្លូវរបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។
27មនុស្សណាដែលខ្ជិលច្រអូស
មិនអាំងសាច់សត្វដែលខ្លួនចាប់បានទេ
តែមនុស្សឧស្សាហ៍
នឹងរកបានសម្បត្តិដ៏មានតម្លៃ។
28ជីវិតស្ថិតនៅក្នុងផ្លូវនៃសេចក្ដីសុចរិត
ហើយក្នុងផ្លូវច្រកនោះ
គ្មានសេចក្ដីស្លាប់ឡើយ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies