សុភា‌សិត 13

13
1កូន​ដែល​មាន​ប្រាជ្ញា
តែង​ស្តាប់​ពាក្យ​ទូន្មាន​របស់​ឪពុក
តែ​មនុស្ស​ចំអក
មិន​ព្រម​ស្តាប់​ពាក្យ​បន្ទោស​ទេ។
2មនុស្ស​នឹង​បាន​សេចក្ដី​ល្អ
ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​មក
តែ​ព្រលឹង​របស់​មនុស្ស​ក្បត់
នឹង​បាន​តែ​សេចក្ដី​ច្រឡោត​វិញ។
3អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន
តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ
នោះ​នឹង​ត្រូវ​វិនាស​ទៅ។
4ព្រលឹង​នៃ​មនុស្ស​ខ្ជិល​ច្រអូស​ប្រាថ្នា​ចង់​បាន
តែ​មិន​បាន​អ្វី​សោះ
ឯ​ព្រលឹង​នៃ​មនុស្ស​ព្យាយាម
នោះ​នឹង​បាន​ជា​បរិបូរ​វិញ។
5មនុស្ស​សុចរិត​រមែង​ស្អប់​ពាក្យ​ភូត​ភរ
តែ​មនុស្ស​អាក្រក់​គេ​គួរ​ខ្ពើម
ហើយ​មាន​សេចក្ដី​ខ្មាស​ផង។
6សេចក្ដី​សុចរិត​តែង​តែ​ការ​ពារ​អ្នក​ណា
ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់
តែ​អំពើ​អាក្រក់​រមែង​ផ្តួល​មនុស្ស​មាន​បាប​វិញ។
7មាន​គេ​ដែល​ខំ​ប្រឹង​ឲ្យ​បាន​ជា​អ្នក​ស្តុក‌ស្តម្ភ
តែ​គេ​គ្មាន​អ្វី​សោះ
ក៏​មាន​មនុស្ស​ដែល​ទៅ​ជា​ក្រ
តែ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។
8ឯ​ទ្រព្យ​សម្បត្តិនឹង​ទុក​សម្រាប់
លោះ​ជីវិត​មនុស្ស​បាន
តែ​មនុស្ស​ក្រ​គេ​មិន​ដែល​ឮ​ពាក្យ​កំហែង​ទេ។
9ពន្លឺ​នៃ​មនុស្ស​សុចរិត នោះ​ជា​ទី​សប្បាយ​ហើយ
តែ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ។
10ផល​នៃ​សេចក្ដី​ឆ្មើង‌ឆ្មៃ
នោះ​មាន​តែ​ការ​ទាស់​ទែង​គ្នា​ប៉ុណ្ណោះ
តែ​ប្រាជ្ញា​ស្ថិត​នៅ​នឹង​ពួក​អ្នក
ដែល​ស្តាប់​តាម​សេចក្ដី​ទូន្មាន។
11ទ្រព្យ​សម្បត្តិ​ដែល​រក​បានរហ័ស
នោះ​ក៏រលោះ​ទៅ​រហ័ស​ដែរ
តែ​អ្នក​ណា​ដែល​សន្សំ​ដោយ​ប្រឹង‌ប្រែង
នោះ​នឹង​ចម្រើន​ឡើង​ជា​ដរាប។
12សេចក្ដី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ
នោះ​នាំ​ឲ្យ​រអា​ចិត្ត
តែ​កាល​ណា​បាន​ដូច​ប្រាថ្នា
នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ​នៃ​ជីវិត​វិញ។
13អ្នក​ណា​ដែល​មើល​ងាយ​ព្រះ‌បន្ទូល
នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស
តែ​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ក្រឹត្យ‌វិន័យ
នោះ​នឹង​បាន​រង្វាន់​វិញ។
14ឱវាទ​របស់​អ្នក​ប្រាជ្ញ​ជា​រន្ធ​ទឹក​នៃ​ជីវិត
សម្រាប់​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។
15គំនិត​ដែល​ចេះ​ពិចារណា
តែង​មាន​គេ​គោរព​រាប់​អាន
តែ​ផ្លូវ​របស់​មនុស្ស​វៀច​វេរ
នោះ​ជា​សេចក្ដី​វិនាស វិញ។
16គ្រប់​ទាំង​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត
រមែង​ប្រព្រឹត្ត​ដោយ​តម្រិះ
តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​បង្អួត
សេចក្ដី​ចម្កួត​របស់​ខ្លួន​វិញ។
17មនុស្ស​អាក្រក់​ដែល​នាំ​ដំណឹង
នោះ​តែង​ធ្លាក់​ទៅ​ក្នុង​ការ​អាក្រក់
តែ​ទូត​ស្មោះ​ត្រង់ នោះ​ចម្រើន​សេចក្ដី​សុខ​វិញ។
18អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ
នឹង​ត្រូវ​ក្រ​លំបាក ហើយ​អៀន​ខ្មាស​ទៅ
តែ​អ្នក​ណា​ដែល​ព្រម​ស្តាប់​តាម
សេចក្ដី​បន្ទោស​វិញ នោះ​នឹង​បាន​កិត្តិ‌សព្ទ។
19ការ​ដែល​បាន​សម្រេច​តាម​បំណង​ចិត្ត
នោះ​មាន​រស់​ផ្អែម​ដល់​ព្រលឹង​ហើយ
តែ​ដែល​លះ​ចេញ​ពី​អំពើ​អាក្រក់
នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ល្ងី‌ល្ងើ​វិញ។
20អ្នក​ណា​ដែល​ដើរ​ជា‌មួយ​មនុស្ស​មាន​ប្រាជ្ញា
នោះ​នឹង​មាន​ប្រាជ្ញា​ដែរ
តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងី‌ល្ងើ
នោះ​នឹង​ត្រូវ​ខូច‌បង់​វិញ។
21សេចក្ដី​អាក្រក់​ដេញ​ជាប់​តាម​មនុស្ស​មាន​បាប
តែ​មនុស្ស​សុចរិត
នឹង​បាន​រង្វាន់​ជា​សេចក្ដី​ល្អ​វិញ។
22មនុស្ស​ល្អ​តែង​តែ​ទុក​មត៌ក
ដល់​កូន​ចៅ​របស់​ខ្លួន
តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប
នោះ​បាន​ប្រមូល​ទុក
សម្រាប់​មនុស្ស​សុចរិត​វិញ។
23ការ​ភ្ជួរ​រាស់​របស់​មនុស្ស​ក្រី‌ក្រ
នោះ​រមែង​បង្កើត​អាហារ​ជា​ច្រើន
តែ​ត្រូវ​មាន​គេ​បំផ្លាញ​វិញ
ដោយ​ខ្វះ​សេចក្ដី​យុត្តិ‌ធម៌។
24អ្នក​ណា​ដែល​មិន​សូវ​ប្រើ​រំពាត់
នោះ​ឈ្មោះ​ថា ស្អប់​កូន
តែ​អ្នក​ណា​ដែល​ស្រឡាញ់​កូន
នោះ​ឧស្សាហ៍​វាយ​ផ្ចាល​វា។
25មនុស្ស​សុចរិត​គេ​បរិ‌ភោគ​ទាល់​តែ​ស្កប់‌ស្កល់
តែ​ពោះ​របស់​មនុស្ស​អាក្រក់
នឹង​ត្រូវ​អត់​ឃ្លាន​វិញ។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 13: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ