ជន‌គណនា 20

20
ប្រភព​ទឹក​នៅ​មេរីបា
(ជន‌គណនា ១៧.១-៧)
1កូន​ចៅ​អ៊ីស្រា‌អែល គឺ​ក្រុម​ជំនុំ​ទាំង​មូល បាន​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទីមួយ ហើយ​ប្រជាជន​ស្នាក់​នៅ​កាដេស។ នាង​ម៉ារាម​បាន​ស្លាប់​នៅ​ទី​នោះ ហើយ​គេ​ក៏​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ​ទៅ។
2កន្លែង​នោះ​គ្មាន​ទឹក​សម្រាប់​ក្រុម​ជំនុំ​ទេ ដូច្នេះ គេ​ក៏​លើក​គ្នា​មក​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន។ 3ប្រជាជន​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ​ថា៖ «ស៊ូ​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​កាល​ដែល​បង​ប្អូន​របស់​យើង​បាន​ស្លាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​ទៅ​ចុះ! 4ហេតុ​អ្វី​បាន​ជា​លោក​នាំ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា​មក​ក្នុង​ទី​រហោ‌ស្ថាន ឲ្យ​យើង​ត្រូវ​ស្លាប់​នៅ​ទី​នេះ ជាមួយ​ហ្វូង​សត្វ​របស់​យើង​ដូច្នេះ? 5ហេតុ​អ្វី​បាន​ជា​លោក​បង្ខំ​ពួក​យើង​ឲ្យ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​នាំ​យើង​មក​កន្លែង​ហិន‌ហោច​ដូច្នេះ? ទី​នេះ​គ្មាន​កន្លែង​សាប‌ព្រោះ គ្មាន​ដើម​ល្វា គ្មាន​ដើម​ទំពាំង‌បាយ‌ជូរ ឬ​ដើម​ទទឹម​ទេ ហើយ​សូម្បី​តែ​ទឹក​ផឹក​ក៏​គ្មាន​ផង»។ 6ពេល​នោះ លោក​ម៉ូសេ និង​លោក​អើរ៉ុន​នាំ​គ្នា​ចេញ​ពី​ក្រុម​ជំនុំ​ទៅ​កាន់​ទ្វារ​ចូល​ត្រសាល​ជំនុំ។ ពួក​លោក​ក្រាប​ចុះ​មុខ​ដល់​ដី ហើយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​ពួក​លោក​ឃើញ។ 7ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 8«ចូរ​យក​ដំបង ហើយ​ប្រមូល​ក្រុម​ជំនុំ​ឲ្យ​ជួប​ជុំ​គ្នា គឺ​អ្នក និង​អើរ៉ុន​ជា​បង​របស់​អ្នក រួច​បង្គាប់​ថ្មដា​នៅ​ចំពោះ​មុខ​គេ ឲ្យ​ទឹក​ហូរ​ចេញ​មក។ ដូច្នេះ អ្នក​ត្រូវ​នាំ​ទឹក​ចេញ​ពី​ថ្ម​សម្រាប់​ពួកគេ។ អ្នក​ត្រូវ​ឲ្យ​ទឹក​ដល់​ក្រុម​ជំនុំ ព្រម​ទាំង​ហ្វូង​សត្វ​របស់​គេ​ផឹក តាម​របៀប​នេះ​ឯង»។
9ដូច្នេះ លោក​ម៉ូសេ​ក៏​យក​ដំបង​ដែល​ស្ថិត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ព្រះ‌អង្គ​បាន​បង្គាប់​លោក។ 10លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ប្រមូល​ក្រុម​ជំនុំ​មក​ជួប​ជុំ​គ្នា​នៅ​មុខ​ថ្ម​ដា ហើយ​មាន​ប្រ‌សាសន៍​ទៅ​គេ​ថា៖ «ចូរ​ស្តាប់​ចុះ ពួក​បះ‌បោរ​អើយ តើ​យើង​ត្រូវ​យក​ទឹក​ចេញ​ពី​ថ្ម​ដា​នេះ​សម្រាប់​អ្នក​រាល់​គ្នា​ឬ?»។ 11ពេល​នោះ លោក​ម៉ូសេ​លើក​ដៃ​ឡើង ហើយ​យក​ដំបង​វាយ​ថ្ម​នោះ​ពីរ​ដង។ ទឹក​ក៏​ហូរ​ចេញ​មក​យ៉ាង​បរិបូរ ហើយ​ក្រុម​ជំនុំ និង​ហ្វូង​សត្វ​របស់​គេ​ក៏​នាំ​គ្នា​ផឹក។ 12ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ដោយ​ព្រោះ​អ្នក​មិន​បាន​ជឿ​ដល់​យើង ដើម្បី​លើក​យើង​ជា​បរិសុទ្ធ​នៅ​ចំពោះ​ភ្នែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ហេតុ​នោះ អ្នក​មិន​ត្រូវ​នាំ​ក្រុម​ជំនុំ​នេះ ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​គេ​ឡើយ»។ 13នេះ​ជា​ទឹក​នៅ​មេរីបា ដែល​ប្រជាជន​អ៊ីស្រា‌អែល​បាន​រក​រឿង​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​សម្ដែង​ភាព​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដោយ‌សារ​ទឹក​នោះ​ឯង។
ស្តេច​ស្រុក​អេដុម​មិន​ព្រម​ឲ្យ​អ៊ីស្រា‌អែល​ឆ្លង​កាត់​ទឹក​ដី​របស់​គេ
14លោក​ម៉ូសេ​បាន​ចាត់​អ្នក​នាំ​សារ​ពី​កាដេស ទៅ​ជួប​ស្តេច​ស្រុក​អេដុម​ទូល​ថា៖ «អ៊ីស្រាអែល​ជា​ប្អូន សូម​ទូល​ព្រះ‌ករុណា​ថា ទ្រង់​ជ្រាប​ពី​អស់​ទាំង​ការ​លំបាក​ដែល​កើត​ឡើង​ដល់​យើង​ខ្ញុំ​ហើយ 15គឺ​ពី​ដំណើរ​ដែល​ដូន​តា​របស់​យើង​ខ្ញុំ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យើង​ខ្ញុំ​បាន​រស់​នៅ​ស្រុក​នោះ​ជា​យូរ​ឆ្នាំ។ សាសន៍​អេស៊ីព្ទ​បាន​ធ្វើ​បាប​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ។ 16តែ​កាល​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​ឮ​សំឡេង​យើង​ខ្ញុំ ហើយ​ចាត់​ទេវតា​មួយ​មក​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ ឥឡូវ​នេះ មើល៍ យើង​ខ្ញុំ​នៅ​កាដេស ជា​ក្រុង​មួយ​នៅ​ជាប់​នឹង​ដែនដី​របស់​ព្រះកុរណា។ 17ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ព្រះ‌ករុណា​ផង។ យើង​ខ្ញុំ​នឹង​មិន​ដើរ​កាត់​ស្រែ ឬ​ចម្ការ​ទេ ក៏​មិន​ផឹក​ទឹក​ពី​អណ្តូង​ណា​មួយ​ដែរ គឺ​យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ស្ដេច វិញ ដោយ​ឥត​ងាក​ទៅ​ខាង​ស្តាំ ឬ​ទៅ​ខាង​ឆ្វេង​ឡើយ រហូត​ទាល់​តែ​យើង​ខ្ញុំ​បាន​ឆ្លង​ផុត​ដែន​ដី​របស់​ព្រះ‌ករុណា»។ 18ប៉ុន្តែ ស្តេច​ស្រុក​អេដុម​តប​ថា៖ «មិន​ឲ្យ​ឆ្លង​កាត់​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ចេញ​ទៅ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដោយ​ដាវ​មិន​ខាន»។ 19កូន​ចៅ​អ៊ីស្រា‌អែល​អង្វរ​ស្ដេច​ថា៖ «យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ធំ​ប៉ុណ្ណោះ ហើយ​ប្រសិន‌បើ​យើង​ខ្ញុំ ឬ​ហ្វូង​សត្វ​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ព្រះករុណា នោះ​យើង​ខ្ញុំ​នឹង​ចេញ​ថ្លៃ​សង សូម​គ្រាន់​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ប៉ុណ្ណោះ​បាន​ហើយ»។ 20ប៉ុន្តែ ស្តេច​នោះ​តប​ថា៖ «មិន​ឲ្យ​ឆ្លង​កាត់​ដាច់​ខាត!» ហើយ​ស្តេច​អេដុម​ក៏​ចេញ​ទៅ​ទាស់​នឹង​គេ ដោយ​លើក​ទ័ព​ទៅ​ជា​ច្រើន ទាំង​កាន់​គ្រឿង​អាវុធ​យ៉ាង​សំណំ។ 21ដូច្នេះ ស្តេច​អេដុម​មិន​ព្រម​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ដើរ​កាត់​ដែនដី​របស់​ខ្លួន​ទេ ហើយ​អ៊ីស្រា‌អែល​ក៏​ងាក​ចេញ​ពី​គេ​ទៅ។
មរណភាព​របស់​លោក​អើរ៉ុន
22ក្រោយ​ពី​គេ​បាន​ចេញ​ដំណើរ​ពី​កាដេស កូន​ចៅ​អ៊ីស្រា‌អែល គឺ​ក្រុម​ជំនុំ​ទាំង​មូល បាន​មក​ដល់​ភ្នំ​ហោរ។ 23ពេលនោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នៅ​ភ្នំ​ហោរ​នោះ ត្រង់​ព្រំ‌ប្រទល់​ស្រុក​អេដុម​ថា៖ 24«អើរ៉ុន​ត្រូវ​បាន​ប្រមូល​ទៅ​ជួប​ដូនតា​របស់​គាត់​ហើយ។ ដ្បិត​គាត់​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ ព្រោះ​អ្នក​ទាំង​ពីរ​បាន​បះបោរ​ទាស់​នឹង​បញ្ជា​របស់​យើង នៅ​កន្លែង​ទឹក​មេរីបា។ 25ចូរ​យក​អើរ៉ុន និង​អេលាសារ ជា​កូន​របស់​គាត់ នាំ​ឡើង​ទៅ​លើ​ភ្នំ​ហោរ​ទៅ 26ចូរ​ដោះ​សម្លៀក‌បំពាក់​ពី​អើរ៉ុន ហើយ​យក​ទៅ​បំពាក់​ឲ្យ​អេលាសារ ជា​កូន​របស់​គាត់​វិញ។ ឯ​អើរ៉ុន​ត្រូវ​បាន​ប្រមូល​ទៅ​ជួប​ដូន​តា​របស់​គាត់ គឺ​គាត់​ត្រូវ​ស្លាប់​នៅ​ទី​នោះ»។ 27លោក​ម៉ូសេ​ក៏​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ គឺ​ពួក​លោក​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ នៅ​ចំពោះ​ភ្នែក​របស់​ក្រុម​ជំនុំ​ទាំង​មូល។ 28លោក​ម៉ូសេ​ដោះ​សម្លៀក‌បំពាក់​ពី​អើរ៉ុន ហើយ​យក​ទៅ​បំពាក់​ឲ្យ​អេលាសារ ជា​កូន​របស់​លោក រួច​លោក​អើរ៉ុន​ក៏​ស្លាប់​នៅ​លើ​កំពូល​ភ្នំ​នោះ​ទៅ។ លោក​ម៉ូសេ និង​អេលាសារ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ។ 29កាល​ក្រុម​ជំនុំ​ទាំង​មូល​ឃើញ​ថា អើរ៉ុន​បាន​ស្លាប់ នោះ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​នាំ​គ្នា​កាន់​ទុក្ខ​នឹង​លោក​រយៈ​ពេល​សាម‌សិប​ថ្ងៃ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 20: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល