ជន‌គណនា 13

13
លោក​ម៉ូសេ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កាណាន
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កាណាន ដែល​យើង​ប្រគល់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​នោះ​ទៅ។ ត្រូវ​ចាត់​មនុស្ស​ម្នាក់​ពី​កុល‌សម្ព័ន្ធ​នីមួយៗ​របស់​ឪពុក​គេ ហើយ​គ្រប់​គ្នា​ត្រូវ​តែ​ជា​មេ​ដឹក‌នាំ​ក្នុង​ចំណោម​ពួកគេ»។ 3ដូច្នេះ លោក​ម៉ូសេ​ក៏​ចាត់​ពួក‌គេ​ពី​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​ឲ្យ​ទៅ​តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល។ 4ឈ្មោះ​របស់​អ្នក​ទាំង​នោះ​មាន កុល‌សម្ព័ន្ធ​រូបេន គឺ​សាំមួរ ជា​កូន​របស់​សាគើរ។ 5កុល‌សម្ព័ន្ធ​ស៊ីម្មាន គឺ​សាផាត ជា​កូន​របស់​ហូរី។ 6កុល‌សម្ព័ន្ធ​យូដា គឺ​កាលែប ជា​កូន​របស់​យេភូនេ។ 7កុល‌សម្ព័ន្ធ​អ៊ីសាខារ គឺ​យីកាល ជា​កូន​របស់​យ៉ូសែប។ 8កុល‌សម្ព័ន្ធ​អេប្រាអិម គឺ​ហូសេ ជា​កូន​របស់​នុន។ 9កុល‌សម្ព័ន្ធ​បេនយ៉ាមីន គឺ​ប៉ាលធី ជា​កូន​របស់​រ៉ាភូ។ 10កុល‌សម្ព័ន្ធ​សាប់‌យូឡូន គឺ​កាឌាល ជា​កូន​របស់​សូឌី។ 11កុល‌សម្ព័ន្ធ​ម៉ាណា‌សេ (ដែល​ជា​កូន​ចៅ​យ៉ូសែប) គឺ​កាឌី ជា​កូន​របស់​ស៊ូស៊ី។ 12កុល‌សម្ព័ន្ធ​ដាន់ គឺ​អាំមាល ជា​កូន​របស់​កេម៉ាលី។ 13កុល‌សម្ព័ន្ធ​អេស៊ើរ គឺ​សេធើរ ជា​កូន​របស់​មីកែល។ 14កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​ណាប៊ី ជា​កូន​របស់​វ៉ុបស៊ី។ 15កុល‌សម្ព័ន្ធ​កាដ គឺ​កេអួល ជា​កូន​របស់​ម៉ាគី។ 16នេះ​ហើយ​ជា​ឈ្មោះ​របស់​មនុស្ស​ដែល​លោក​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ហើយ​លោក​ម៉ូសេ​បាន​ប្ដូរ​ឈ្មោះ​ហូសេ ជា​កូន​របស់​នុន ថា​យ៉ូស្វេ។
17លោក​ម៉ូសេ​បាន​ចាត់​អ្នក​ទាំង​នោះ ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​កាណាន ដោយ​ប្រាប់​គេ​ថា៖ «ចូរ​នាំ​គ្នា​ចូល​ទៅ​តំបន់​ណេកិប ហើយ​ឡើង​ចូល​ទៅ​ស្រុក​ភ្នំ 18រួច​សង្កេត​មើល​ស្រុក​នោះ​តើ​មាន​លក្ខណៈ​ដូច​ម្ដេច ហើយ​តើ​មនុស្ស​ដែល​រស់​នៅ​ក្នុង​ស្រុក​ខ្លាំង ឬ​ខ្សោយ តើ​គេ​មាន​គ្នា​ច្រើន ឬ​តិច 19តើ​ស្រុក​ដែល​គេ​រស់​នៅ​នោះ​ល្អ ឬ​អាក្រក់ ហើយ​ក្រុង​ដែល​គេ​រស់​នៅ​នោះ ជា​ជំរំ ឬ​ជា​កំផែង​មាំ‌មួន 20រីឯ​ស្រុក​នោះ តើ​មាន ឬ​ក្រ តើ​មាន​ដើម​ឈើ ឬ​គ្មាន។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​នាំ​យក​ផ្លែ​ឈើ​ខ្លះ​ពី​ស្រុក​នោះ​មក​ជា‌មួយ​ផង»។ ពេល​នោះ ជា​រដូវ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​ទើប​នឹង​ទុំ​លើក​ដំបូង។
21ដូច្នេះ ពួកគេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ ចាប់​ពី​ទី​រហោ‌ស្ថាន​ស៊ីន រហូត​ដល់​ស្រុក​រេហុប ក្បែរ​ស្រុក​ហាម៉ាត។ 22ពួកគេ​ឡើង​ទៅ​តំបន់​ណេកិប ហើយ​ចូល​ទៅ​ក្រុង​ហេប្រុន។ នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ និង​តាលម៉ាយ ជា​កូន​របស់​អ័ណាក់​រស់​នៅ។ (គេ​បាន​សង់​ក្រុង​ហេប្រុន​ប្រាំពីរ​ឆ្នាំ មុន​ក្រុង​សូអាន​នៅ​ស្រុក​អេស៊ីព្ទ)។ 23ពួកគេ​បាន​ទៅ​ដល់​ជ្រលង​ភ្នំ​អែស‌កុល ហើយ​កាត់​ផ្លែ​ទំពាំង‌បាយ‌ជូរ​មួយ​ចង្កោម រួច​គេ​ឲ្យ​គ្នា​ពីរ​នាក់​យក​ឈើ​សែង។ គេ​ក៏​បាន​បេះ​ផ្លែ​ទទឹម និង​ផ្លែ​ល្វា​ខ្លះ​មក​ជា‌មួយ​ដែរ។ 24គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​អែស‌កុល ដោយ​ព្រោះ​ចង្កោម​ទំពាំង‌បាយ‌ជូរ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​កាត់​ពី​ទី​នោះ។ 25ក្រោយ​ពី​បាន​សង្កេត​ស្រុក​នោះ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ គេ​ក៏​វិល​ត្រឡប់​មក​វិញ។
26ពួកគេ​បាន​មក​ជួប​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក‌គេ​ក៏​បាន​រាយការណ៍​ជូន​លោក​ទាំង​ពីរ និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។ 27គេ​ជម្រាប​លោក​ម៉ូសេ​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ​នោះ​ហើយ។ ស្រុក​នោះ​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ជា​ប្រាកដ​មែន នេះ​ហើយ​ជា​ផ្លែ​ឈើ​របស់​ស្រុក​នោះ។ 28ប៉ុន្តែ មនុស្ស​ដែល​នៅ​ក្នុង​ស្រុក​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ ទី​ក្រុង​របស់​គេ​មាន​កំផែង​រឹង‌មាំ ហើយ​ធំៗ ម្យ៉ាង​ទៀត យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​របស់​អ័ណាក់​នៅ​ទី​នោះ​ទៀត​ផង។ 29សាសន៍​អាម៉ា‌ឡេក​រស់​នៅ​តំបន់​ណេកិប ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស និង​សាសន៍​អាម៉ូរី រស់​នៅ​ស្រុក​ភ្នំ រីឯ​សាសន៍​កាណាន រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាម​ទន្លេ​យ័រ‌ដាន់»។
30ប៉ុន្ដែ កាលែប​បាន​ប្រាប់​ឲ្យ​ប្រជាជន​នៅ​ស្ងៀម​នៅ​ចំពោះ​មុខ​លោក​ម៉ូសេ ហើយ​ពោល​ថា៖ «ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់ ដ្បិត​យើង​អាច​នឹង​យក​ជ័យ​ជម្នះ​បាន​ដោយ​ស្រួល»។ 31ពេល​នោះ មនុស្ស​ដែល​បាន​ឡើង​ទៅ​ជា‌មួយ​លោក​ពោល​ថា៖ «ពួក​យើង​ពុំ​អាច​ឡើង​ទៅ​ទាស់​នឹង​ប្រជាជន​នេះ​បាន​ទេ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​ពួក​យើង»។ 32ដូច្នេះ អ្នក​ទាំង​នោះ​នាំ​គ្នា​និយាយ​អាក្រក់​ពី​ស្រុក​ដែល​គេ​បាន​សង្កេត​មើល​នោះ ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ស្រុក​ដែល​យើង​បាន​ដើរ​កាត់ ហើយ​សង្កេត​មើល​នោះ ជា​ស្រុក​ដែល​បង្ហិន‌បង្ហោច​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ឯ​មនុស្ស​ដែល​យើង​ឃើញ​ក្នុង​ស្រុក​នោះ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​មាឌ​ធំៗ។ 33នៅ​ស្រុក​នោះ យើង​បាន​ឃើញ​ពួក​មនុស្ស​មាឌ​ធំ​សម្បើម (គឺ​ជា​កូន​ចៅ​អ័ណាក់ ដែល​ជា​ពូជ​មនុស្ស​មាន​មាឌ​ធំ​សម្បើម) ហើយ​យើង​មើល​មក​ខ្លួន​យើង​ដូច​ជា​កណ្តូប ហើយ​គេ​ក៏​ចាត់​ទុក​យើង​ដូច​ជា​កណ្ដូប​ដែរ»។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 13: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល