ជន‌គណនា 14

14
ប្រជាជន​នាំ​គ្នា​បះ‌បោរ
1ពេល​នោះ ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ប្រជាជន​នាំ​គ្នា​យំ​នៅ​យប់​នោះ។ 2ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអូ‌រទាំ​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន។ ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ស៊ូ​ឲ្យ​យើង​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​ស្លាប់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​វិញ​ប្រសើរ​ជាង! 3ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ឲ្យ​ដួល​ស្លាប់​ដោយ​ដាវ​ដូច្នេះ? ប្រពន្ធ និង​កូនៗ​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​រំពា​របស់​គេ​មិន​ខាន ហើយ​ដែល​យើង​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ នោះ​តើ​មិន​ប្រសើរ​ជាង​ទេ​ឬ?» 4ដូច្នេះ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចូរ​យើង​ជ្រើស​រើស​មេ​ដឹកនាំ​ម្នាក់ ហើយ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ»។
5ពេល​នោះ លោក​ម៉ូសេ និង​អើរ៉ុន ក្រាប​ចុះ​មុខ​ដល់​ដី​នៅ​ចំពោះ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា។ 6ក្នុង​ចំណោម​អស់​អ្នក​ដើរ​សង្កេត​មើល​ស្រុក គឺលោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន 7រួច​ពោល​ទៅ​កាន់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ស្រុក​ដែល​យើង​បាន​ដើរ​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃ‌លែង។ 8ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ពួក​យើង នោះ​ព្រះ‌អង្គ​នឹង​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ហើយ​ប្រទាន​ស្រុក​នោះ​មក​យើង​ជា​មិន​ខាន គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ។ 9សូម​កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ឬ​ខ្លាច​មនុស្ស​នៅ​ស្រុក​នោះ​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​អាហារ​សម្រាប់​យើង​ប៉ុណ្ណោះ ទី​ការ​ពារ​របស់​គេ​បាន​រើ​ចេញ​ពី​គេ​ទៅ​ហើយ ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ជា‌មួយ​យើង​ដែរ មិន​ត្រូវ​ខ្លាច​គេ​ឡើយ»។ 10ប៉ុន្តែ ក្រុម​ជំនុំ​ទាំង​មូល​គិត​គ្នា​បម្រុង​នឹង​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួកគេ។ ពេល​នោះ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល​ជំនុំ ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ។
11ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ប្រជាជន​នេះ​នៅ​តែ​មើល៍‌ងាយ​យើង​ដល់​កាល​ណា? យើង​បាន​ធ្វើ​អស់​ទាំង​ទី​សម្គាល់​ក្នុង​ចំ​ណោម​ពួកគេ តើ​ពួក‌គេ​នៅ​តែ​មិន​ជឿ​ដល់​យើង​ដល់​កាល​ណា​ទៀត? 12យើង​នឹង​វាយ​គេ​ដោយ​ជំងឺ​អាសន្ន‌រោគ ហើយ​កាត់‌កាល់​គេ​ចោល​ចេញ រួច​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​សាសន៍​មួយ​ដែល​ធំ​ជាង ហើយ​ពូកែ​ជាង​ពួក​នេះ»។
លោក​ម៉ូសេ​ទូល​អង្វរ​ឲ្យ​ប្រជាជន
13ប៉ុន្តែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «បើ​ដូច្នោះ​សាសន៍​អេស៊ីព្ទ​នឹង​ឮ​ដំណឹង​នេះ ដ្បិត​ព្រះ‌អង្គ​បាន​នាំ​ប្រជាជន​នេះ​ចេញ​ពី​ចំណោម​ពួកគេ​មក ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ 14ហើយ​គេ​នឹង​ប្រាប់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ គេ​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​គង់​នៅ​កណ្ដាល​ប្រជាជន​នេះ ក៏​ឮ​ថា ប្រជាជន​នេះ​ឃើញ​ព្រះ‌យេហូវ៉ា​ផ្ទាល់​នឹង​ភ្នែក ហើយ​ថា ពពក​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ពី​លើ​គេ ហើយ​ព្រះ‌អង្គ​យាង​នាំ​មុខ​គេ​ក្នុង​បង្គោល​ពពក​នៅ​ពេល​ថ្ងៃ និង​ក្នុង​បង្គោល​ភ្លើង​នៅ​ពេល​យប់។ 15ដូច្នេះ ប្រសិន‌បើ​ព្រះ‌អង្គ​សម្លាប់​ប្រជាជន​នេះ ដូច​ជា​មនុស្ស​តែ​ម្នាក់ នោះ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​បាន​ឮ​ល្បី​ពី​ព្រះ‌អង្គ គេ​នឹង​ពោល​ថា 16"ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​មិន​អាច​នាំ​ប្រជាជន​នេះ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​គេ​ហើយ បាន​ជា​ព្រះ‌អង្គ​សម្លាប់​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ដូច្នេះ"។ 17ឥឡូវ​នេះ ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ សូម​ឲ្យ​ព្រះ‌ចេស្តា​របស់​ព្រះ‌អម្ចាស់​បាន​ធំ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​រួច​ហើយ​ថា 18"ព្រះ‌យេហូវ៉ា​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដីសប្បុរស​ជា​បរិបូរ ព្រះ‌អង្គ​អត់​ទោស​សេចក្ដី​ទុច្ចរិត និង​អំពើ​រំលង តែ​មិន​រាប់​មនុស្ស​មាន​ទោស ទុក​ជា​គ្មាន​ទោស​ឡើយ គឺ​ព្រះ‌អង្គ​ដាក់​ទោស​អំពើ​ទុច្ចរិត​របស់​ឪពុក​ដល់​កូន​ចៅ រហូត​ដល់​បី​បួន​ជំនាន់​ផង"។ 19សូម​អត់​ទោស​អំពើ​ទុច្ចរិត​របស់​ប្រជាជន​នេះ តាម​សេចក្ដី​សប្បុរស​ដ៏​ធំ​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​បាន​អត់​ទោស​ដល់​គេ​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ​ដែរ»។
20ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​អត់​ទោស​ឲ្យ​តាម​ពាក្យ​របស់​អ្នក 21ប៉ុន្តែ ដូច​ដែល​យើង​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ផែនដី​ទាំង​មូល​នឹង​មាន​ពេញ​ដោយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​យ៉ាង​ណា 22ក្នុង​ចំណោម​អ្នក​ទាំង​នេះ ដែល​បាន​ឃើញ​សិរី‌ល្អ​របស់​យើង ព្រម​ទាំង​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​នៅ​ទី​រហោ‌ស្ថាន​នេះ តែ​គេ​បាន​ល្បង​ល​យើង​ដល់​ទៅ​ដប់​ដង ហើយ​មិន​បាន​ស្ដាប់​សំឡេង​របស់​យើង 23នោះ​គ្មាន​អ្នក​ណា​នឹង​ឃើញ​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ដូន​តា​របស់​គេ​ឡើយ គឺ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែល​មើល‌ងាយ​យើង គ្មាន​អ្នក​ណា​បាន​ឃើញ​ស្រុក​នោះ​ឡើយ។ 24ប៉ុន្តែ កាលែប​ជា​អ្នក​បម្រើ​របស់​យើង ព្រោះ​គាត់​មាន​វិញ្ញាណ​ខុស​ពី​អ្នក​ដទៃ ហើយ​គាត់​បាន​ប្រព្រឹត្ត​តាម​យើង​គ្រប់​ជំពូក នោះ​យើង​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គាត់​បាន​ទៅ​មើល​នោះ ហើយ​ពូជ‌ពង្ស​របស់​គាត់​នឹង​កាន់​កាប់​ស្រុក​នោះ។ 25ឥឡូវ​នេះ ដោយ​ព្រោះ​សាសន៍​អាម៉ា‌ឡេក និង​សាសន៍​កាណាន​រស់​នៅ​តាម​ជ្រលង​ភ្នំ ស្អែក​នេះ អ្នក​រាល់​គ្នា​ត្រូវ​បក​ក្រោយ ចេញ​ទៅ​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម វិញ»។
ព្រះ‌អម្ចាស់​ដាក់​ទោស​មនុស្ស​រអ៊ូរទាំ
26ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ 27«តើ​យើង​ត្រូវ​ទ្រាំ‌ទ្រ​នឹង​ក្រុម​ជំនុំ​អាក្រក់ ដែល​គេ​រអ៊ូ‌រទាំ​ទាស់​នឹង​យើង​នេះ ដល់​កាល​ណា​ទៀត? យើង​បាន​ឮ​ពាក្យ​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រអ៊ូ‌រទាំ​ទាស់​នឹង​យើង​ហើយ 28ចូរ​ប្រាប់​គេ​ថា "ដូច​ដែល​យើង​មាន​ព្រះ‌ជន្ម​រស់​នៅ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា តាម​ពាក្យ​ដែល​យើង​ឮ​អ្នក​រាល់​គ្នា​និយាយ 29ខ្មោច​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដួល​នៅ​ទី​រហោ‌ស្ថាន​នេះ រហូត​ដល់​គ្រប់​ចំនួន គឺ​អស់​អ្នក​ដែល​គេ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ជា​មនុស្ស​ដែល​បាន​រអ៊ូ‌រទាំ​ទាស់​នឹង​យើង 30អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ្នក​រាល់​គ្នា​រស់​នៅ​នោះ​ឡើយ ចូល​បាន​តែ​កាលែប ជា​កូន​របស់​យេភូនេ និង​យ៉ូស្វេ ជា​កូន​របស់​នុន​ប៉ុណ្ណោះ។ 31រីឯ​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ពោល​ថា គេ​នឹង​ក្លាយ​ទៅ​ជា​រំពា​ដល់​គេ នោះ​យើង​នឹង​នាំ​ពួកគេ​ចូល​វិញ ហើយ​ពួកគេ​នឹង​ស្គាល់​ស្រុក​ដែល​អ្នក​រាល់​គ្នា​បាន​ស្អប់​ខ្ពើម។ 32ចំណែក​អ្នក​រាល់​គ្នា​វិញ សាក‌សព​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ។ 33កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដើរ​សាត់‌ព្រាត់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​អស់​សែ‌សិប​ឆ្នាំ ហើយ​ត្រូវ​ទទួល​រង​នូវ​អំពើ​ផិត​ក្បត់​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​ទាំង​អស់​គ្នា​ស្លាប់​ចោល​សាក‌សព​នៅ​ក្នុង​ទី​រហោ‌ស្ថាន។ 34អ្នក​រាល់​គ្នា​ត្រូវ​ទទួល​រង​នូវ​អំពើ​ទុច្ចរិត​របស់​ខ្លួន​អស់​សែ‌សិប​ឆ្នាំ តាម​ចំនួន​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ដើរ​សង្កេត​មើល​ក្នុង​ស្រុក​នោះ គឺ​សែ‌សិប​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​សម្រាប់​មួយ​ឆ្នាំ ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ដែល​ប្រឆាំង​នឹង​យើង​នោះ​ជា​យ៉ាង​ណា"។ 35យើង​ជា​ព្រះ‌យេហូវ៉ា យើង​បាន​និយាយ​ហើយ ពិត​ប្រាកដ​ជា​យើង​នឹង​ប្រព្រឹត្ត​នឹង​ក្រុម​ជំនុំ​ដ៏​អាក្រក់​នេះ ដែល​បាន​ប្រមូល​គ្នា​ទាស់​នឹង​យើង​យ៉ាង​ដូច្នេះ គឺ​គេ​នឹង​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា​ក្នុង​ទី​រហោ‌ស្ថាន​នេះ»។
36មនុស្ស​ដែល​លោក​ម៉ូសេ​បាន​ចាត់​ទៅ​សង្កេត​មើល​ក្នុង​ស្រុក ហើយ​ត្រឡប់​មក​វិញ រួច​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​ទាំង​អស់​រអ៊ូ‌រទាំ​ទាស់​នឹង​លោក ដោយ​នាំ​ដំណឹង​អាក្រក់​អំពី​ស្រុក​នោះ 37គឺ​ពួក​អ្នក​ដែល​បាន​នាំ​ដំណឹង​អាក្រក់​ពី​ស្រុក​នោះ គេ​បាន​ស្លាប់​ដោយ​គ្រោះ​កាច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 38ប៉ុន្ដែ ក្នុង​ចំណោម​មនុស្ស​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក មាន​តែ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ​ប៉ុណ្ណោះ ដែល​នៅ​រស់។
39កាល​លោក​ម៉ូសេ​ប្រាប់​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នោះ​ប្រជាជន​ក៏​យំ​ទួញ​ជា​ខ្លាំង។ 40ពួកគេ​ក្រោក​ពី​ព្រលឹម ហើយ​ឡើង​ទៅ​លើ​ចំណុច​ខ្ពស់ៗ​របស់​ស្រុក​ភ្នំ ដោយ​ពាក្យ​ថា៖ «ពួក​យើង​មក​ដល់​ទីនេះ​ហើយ ពួក​យើង​នឹង​ឡើង​ទៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​សន្យា ដ្បិត​ពួក​យើង​បាន​ធ្វើ​បាប​មែន»។ 41ប៉ុន្តែ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​រំលង​បង្គាប់​ព្រះ‌យេហូវ៉ា​ដូច្នេះ? ដ្បិត​ធ្វើ​យ៉ាង​នេះ​មិន​កើត​ទេ។ 42កុំ​ឲ្យ​ឡើង​ទៅ​ធ្វើ​អី ដ្បិត​ព្រះ‌យេហូវ៉ា​មិន​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ទេ កុំ​ឲ្យ​ខ្មាំង‌សត្រូវ​ប្រហារ​អ្នក​រាល់​គ្នា។ 43ដ្បិត​សាសន៍​អាម៉ា‌ឡេក និង​សាសន៍​កាណាន​នៅ​ខាង​មុខ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដួល​ដោយ​ដាវ​របស់​គេ​មិន​ខាន។ ព្រះ‌យេហូវ៉ា​មិន​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ទេ ព្រោះ​អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​ពី​ព្រះ‌យេហូវ៉ា​ហើយ»។ 44ប៉ុន្តែ គេ​នៅ​តែ​មាន​ចិត្ត​មានះ​ឡើង​ទៅ​លើ​ចំណុច​ខ្ពស់ៗ​របស់​ស្រុក​ភ្នំ តែ​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា និង​លោក​ម៉ូសេ មិន​បាន​ចេញ​ពី​ជំរំ​ឡើយ។ 45ពេល​នោះ សាសន៍​អាម៉ា‌ឡេក និង​សាសន៍​កាណាន ដែល​រស់​នៅ​លើ​ស្រុក​ភ្នំ​នោះ ក៏​ចុះ​មក​វាយ​ប្រហារ​ពួកគេ ទាំង​ដេញ​តាម​ពួកគេ​រហូត​ដល់​ស្រុក​ហោម៉ា។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 14: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល