ជន‌គណនា 11:10-17

ជន‌គណនា 11:10-17 គកស១៦

លោក​ម៉ូសេ​ឮ​ប្រជាជន​យំ​នៅ​គ្រប់​គ្រួសារ​របស់​គេ គឺ​គ្រប់​គ្នា​យំ​នៅ​ទ្វារ​ចូល​ជំរំ​របស់​ខ្លួន។ ពេល​នោះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ជា​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អន់​ចិត្ត​ដែរ។ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មិន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ផ្ទុក​មនុស្ស​ទាំង​អស់​នេះ​មក​លើ​ទូល‌បង្គំ? តើ​ទូល‌បង្គំ​បាន​បង្កើត​មនុស្ស​ទាំង​អស់​នេះ​មក​ឬ? តើ​ទូល‌បង្គំ​ជា​ឪពុក​របស់​គេ​ឬ បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ថា "ចូរ​បី​គេ ដូច​មេ‌ដោះ​បី​កូន​ដែល​នៅ​បៅ" រហូត​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ​ដូច្នេះ? តើ​ទូល‌បង្គំ​ទៅ​រក​សាច់​ឯ​ណា​មក​ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បរិ‌ភោគ​បាន? ដ្បិត​គេ​មក​យំ​ដាក់​ទូល‌បង្គំ​ថា "ចូរ​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ​ផង"។ ទូល‌បង្គំ​មិន​អាច​បី​ទ្រ​មនុស្ស​ទាំង​អស់​នេះ​ម្នាក់​ឯង​បាន​ទេ ដ្បិត​គេ​ជា​បន្ទុក​ធ្ងន់​ពេក​សម្រាប់​ទូល‌បង្គំ​ហើយ។ ប្រសិន‌បើ​ព្រះ‌អង្គ​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​ដូច្នេះ ហើយ​ប្រសិន‌បើ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​មែន នោះ​សូម​សម្លាប់​ទូល‌បង្គំ​ទៅ កុំ​ទុក​ឲ្យ​ទូល‌បង្គំ​ឃើញ​សេចក្ដី​វេទនា​របស់​ទូល‌បង្គំ​បែប​នេះ​ឡើយ»។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រមូល​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ចិត​សិប​នាក់ ដែល​អ្នក​ដឹង​ថា​ជា​ចាស់‌ទុំ​ក្នុង​ចំណោម​ប្រជាជន និង​ជា​អ្នក​ដឹក​នាំ​លើ​ពួកគេ ឲ្យ​មក​ជួប​យើង។ ចូរ​នាំ​គេ​មក​កាន់​ត្រសាល​ជំនុំ ហើយ​ឲ្យ​ឈរ​នៅ​ទី​នោះ​ជា‌មួយ​អ្នក យើង​នឹង​ចុះ​មក​និយាយ​ជា‌មួយ​អ្នក​នៅ​ទី​នោះ ហើយ​យើង​នឹង​យក​វិញ្ញាណ​ខ្លះ ដែល​ស្ថិត​លើ​អ្នក ទៅ​ដាក់​លើ​គេ នោះ​គេ​នឹង​ជួយ​ផ្ទុក​បន្ទុក​ប្រជាជន​ទាំង​នេះ​ជា‌មួយ​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​ផ្ទុក​បន្ទុក​ទាំង​អស់​នេះ​តែ​ម្នាក់​ឯង។

អាន ជន‌គណនា 11

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ជន‌គណនា 11:10-17