ជនគណនា 11:10-17

ជនគណនា 11:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​ឮ​ប្រជាជន​យំ​នៅ​គ្រប់​គ្រួសារ​របស់​គេ គឺ​គ្រប់​គ្នា​យំ​នៅ​ទ្វារ​ចូល​ជំរំ​របស់​ខ្លួន។ ពេល​នោះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ជា​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អន់​ចិត្ត​ដែរ។ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មិន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ផ្ទុក​មនុស្ស​ទាំង​អស់​នេះ​មក​លើ​ទូល‌បង្គំ? តើ​ទូល‌បង្គំ​បាន​បង្កើត​មនុស្ស​ទាំង​អស់​នេះ​មក​ឬ? តើ​ទូល‌បង្គំ​ជា​ឪពុក​របស់​គេ​ឬ បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ថា "ចូរ​បី​គេ ដូច​មេ‌ដោះ​បី​កូន​ដែល​នៅ​បៅ" រហូត​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ​ដូច្នេះ? តើ​ទូល‌បង្គំ​ទៅ​រក​សាច់​ឯ​ណា​មក​ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បរិ‌ភោគ​បាន? ដ្បិត​គេ​មក​យំ​ដាក់​ទូល‌បង្គំ​ថា "ចូរ​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ​ផង"។ ទូល‌បង្គំ​មិន​អាច​បី​ទ្រ​មនុស្ស​ទាំង​អស់​នេះ​ម្នាក់​ឯង​បាន​ទេ ដ្បិត​គេ​ជា​បន្ទុក​ធ្ងន់​ពេក​សម្រាប់​ទូល‌បង្គំ​ហើយ។ ប្រសិន‌បើ​ព្រះ‌អង្គ​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​ដូច្នេះ ហើយ​ប្រសិន‌បើ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​មែន នោះ​សូម​សម្លាប់​ទូល‌បង្គំ​ទៅ កុំ​ទុក​ឲ្យ​ទូល‌បង្គំ​ឃើញ​សេចក្ដី​វេទនា​របស់​ទូល‌បង្គំ​បែប​នេះ​ឡើយ»។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រមូល​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ចិត​សិប​នាក់ ដែល​អ្នក​ដឹង​ថា​ជា​ចាស់‌ទុំ​ក្នុង​ចំណោម​ប្រជាជន និង​ជា​អ្នក​ដឹក​នាំ​លើ​ពួកគេ ឲ្យ​មក​ជួប​យើង។ ចូរ​នាំ​គេ​មក​កាន់​ត្រសាល​ជំនុំ ហើយ​ឲ្យ​ឈរ​នៅ​ទី​នោះ​ជា‌មួយ​អ្នក យើង​នឹង​ចុះ​មក​និយាយ​ជា‌មួយ​អ្នក​នៅ​ទី​នោះ ហើយ​យើង​នឹង​យក​វិញ្ញាណ​ខ្លះ ដែល​ស្ថិត​លើ​អ្នក ទៅ​ដាក់​លើ​គេ នោះ​គេ​នឹង​ជួយ​ផ្ទុក​បន្ទុក​ប្រជាជន​ទាំង​នេះ​ជា‌មួយ​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​ផ្ទុក​បន្ទុក​ទាំង​អស់​នេះ​តែ​ម្នាក់​ឯង។

ចែក​រំលែក
អាន ជនគណនា 11

ជនគណនា 11:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​បាន​ឮ​ប្រជា‌ជន​យំ​សោក​នៅ​មាត់​ទ្វារ​ជំរំ​នៃ​អំបូរ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អាក់‌អន់​ចិត្ត​ដែរ។ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ពិបាក​ចិត្ត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មិន​អាណិត​មេត្តា​ទូលបង្គំ? ហេតុ​អ្វី​បាន​ជា​ឲ្យ​ទូលបង្គំ​ទទួល​បន្ទុក​លើ​ប្រជា‌ជន​ទាំង​នេះ? តើ​ទូលបង្គំ​ជា​អ្នក​បង្កើត​ប្រជា‌ជន​ទាំង​នេះ​ឬ តើ​ទូលបង្គំ​ជា​ឪពុក​របស់​ពួក​គេ​ឬ បាន​ជា​ព្រះអង្គ​បង្គាប់​ឲ្យ​ទូលបង្គំ​បី​បាច់​ថែ‌រក្សា​ពួក​គេ ដូច​ម្ដាយ​ថែ‌រក្សា​កូន រហូត​ទៅ​ដល់​ទឹក​ដី​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ដូនតា​របស់​ពួក​គេ​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ? តើ​ទូលបង្គំ​ទៅ​រក​សាច់​ឯ​ណា​មក​ឲ្យ​ប្រជា‌ជន​ទាំង​នេះ​បរិភោគ​បាន? ពួក​គេ​នាំ​គ្នា​យំ​សោក​ដាក់​ទូលបង្គំ ទទូច​ថា “សូម​រក​សាច់​មក​ឲ្យ​ពួក​យើង​បរិភោគ!”។ ទូលបង្គំ​ពុំ​អាច​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​នេះ​តែ​ម្នាក់​ឯង​ទេ ព្រោះ​ជា​បន្ទុក​ធ្ងន់​ពេក​សម្រាប់​ទូលបង្គំ។ ប្រសិន​បើ​ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដូច្នេះ សូម​មេត្តា​ដក​ជីវិត​ទូលបង្គំ​ទៅ។ ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ សូម​កុំ​ទុក​ឲ្យ​ទូលបង្គំ​ឃើញ​ទុក្ខ​វេទនា​បែប​នេះ​ឡើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រមូល​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ចិត‌សិប​នាក់​ឲ្យ​មក​ជួប​យើង គឺ​ព្រឹទ្ធា‌ចារ្យ និង​មេ​ដឹក​នាំ ដែល​អ្នក​ស្គាល់​ច្បាស់​ថា​ពិត​ជា​ព្រឹទ្ធា‌ចារ្យ និង​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​មែន។ ចូរ​នាំ​ពួក​គេ​មក​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ឈរ​នៅ​ទី​នោះ​ជា​មួយ​អ្នក។ យើង​នឹង​ចុះ​មក​និយាយ​ជា​មួយ​អ្នក យើង​នឹង​យក​វិញ្ញាណ​ដែល​ស្ថិត​នៅ​ក្នុង​អ្នក ទៅ​ដាក់​ក្នុង​ពួក​គេ​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​រំលែក​បន្ទុក ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ជា​មួយ​អ្នក​ដែរ កុំ​ឲ្យ​អ្នក​ទទួល​បន្ទុក​នេះ​តែ​ម្នាក់​ឯង។

ចែក​រំលែក
អាន ជនគណនា 11

ជនគណនា 11:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម៉ូសេ​ក៏​ឮ​បណ្តាជន​យំ នៅ​គ្រប់​ទាំង​គ្រួសារ​គេ គឺ​គ្រប់​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ជា​ខ្លាំង ហើយ​ម៉ូសេ​ក៏​អន់​ចិត្ត​ដែរ រួច​ម៉ូសេ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ទុក្ខ​ដល់​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​មិន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់ គឺ​ទ្រង់​បាន​ផ្ទុក​មនុស្ស​ទាំង​នេះ​ជា​បន្ទុក​លើ​ទូលបង្គំ​វិញ តើ​ទូលបង្គំ​ជា​ឪពុក​នៃ​មនុស្ស​ទាំង​នេះ​ឬ តើ​ទូលបង្គំ​បាន​បង្កើត​គេ​មក​ឬ​អី បាន​ជា​ទ្រង់​មាន​បន្ទូល ចូរ​បី​គេ ដូច​ជា​មេ‌ដោះ​បី​កូន​ដែល​នៅ​បៅ នាំ​ទៅ​ឯ​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ​ដូច្នេះ តើ​ទូលបង្គំ​នឹង​បាន​សាច់​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ​បាន ដ្បិត​គេ​យំ​តាម​ទូលបង្គំ​ថា ចូរ​ឲ្យ​សាច់​មក​យើង​បរិភោគ​ផង រូប​ទូលបង្គំ​តែ​ម្នាក់​ឯង នឹង​បី​ទ្រ​មនុស្ស​ទាំង​នេះ​មិន​បាន​ទេ ដ្បិត​គេ​ជា​បន្ទុក​ធ្ងន់​ហួស​កំឡាំង​ទូលបង្គំ​ហើយ បើ​ទ្រង់​ប្រព្រឹត្ត​នឹង​ទូលបង្គំ​យ៉ាង​ដូច្នេះ ហើយ​បើ​ទូលបង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត នោះ​សូម​សំឡាប់​ទូលបង្គំ​ទៅ​វិញ​ចុះ ដើម្បី​កុំ​ឲ្យ​ទូលបង្គំ​នៅ​ឃើញ​សេចក្ដី​វេទនា របស់​ទូលបង្គំ​ទៀត។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ប្រមូល​៧០​នាក់​ពី​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល ដែល​ឯង​ដឹង​ថា ជា​ចាស់‌ទុំ​ក្នុង​បណ្តាជន នឹង​ជា​នាយក​ត្រួត‌ត្រា​លើ​គេ​មែន ឲ្យ​គេ​មក​ឯ​អញ ត្រូវ​នាំ​គេ​មក​ឯ​ត្រសាល​ជំនុំ ឲ្យ​ឈរ​នៅ​ទី​នោះ​ជា​មួយ​នឹង​ឯង អញ​នឹង​ចុះ​មក​និយាយ​នឹង​ឯង ហើយ​នឹង​ចែក​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​លើ​ឯង​ទៅ​ដាក់​លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តាជន​នេះ​ជា​មួយ​នឹង​ឯង ដើម្បី​កុំ​ឲ្យ​ឯង​ត្រូវ​ផ្ទុក​តែ​ម្នាក់​ឯង​ឡើយ

ចែក​រំលែក
អាន ជនគណនា 11