នេហេមា ពាក្យ​លំនាំ

ពាក្យ​លំនាំ
លោក​នេហេមា​ក៏​រស់​នៅ​ជំនាន់​សង្ឃ​អែសរ៉ា​ដែរ។ លោក​ជា​មន្ត្រី​មួយ​រូប​ដ៏​សំខាន់​របស់​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ជា​សេ្តច​ស្រុក​ពើស៊ី។ លោក​បាន​ទទួល​រាជា‌នុញ្ញាត​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ដើម្បី​ស្តារ​ស្រុក​ទេស​ឡើង​វិញ ផ្នែក​ខាង​នយោ‌បាយ សេដ្ឋ‌កិច្ច និង​សង្គម‌កិច្ច (១.១-២.១០)។ ពេល​ទៅ​ដល់ ទោះ‌បី​មាន​ការ​ប្រឆាំង​ពី​សំណាក់​បច្ចា‌មិត្ត​មួយ​ចំនួន​ក្តី ក៏​មាន​ជន​រួម​ជាតិ​របស់​លោក​ជា​ច្រើន បាន​ជួយ​គាំ‌ទ្រ​លោក ក្នុង​ការ​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ (២.១១-៧.៧២)។ បន្ទាប់​មក លោក​បាន​រួម​សហ‌ការ​ជា​មួយ​សង្ឃ​អែសរ៉ា ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​ផ្សេងៗ ហើយ​នៅ​ពេល​នោះ លោក​អែសរ៉ា អាន​គម្ពីរ​វិន័យ​ឲ្យ​បណ្ដា‌ជន​ស្តាប់។ ក្រុម​លេវី​មាន​ភារ‌កិច្ច​ពន្យល់​គម្ពីរ​វិន័យ និង​បក​ប្រែ​ឲ្យ​អស់​អ្នក​ដែល​ពុំ​យល់​ភាសា​ហេព្រើរ​ស្តាប់។ ដូច្នេះ បណ្ដា‌ជន​នាំ​គ្នា​ប្ដេជ្ញា​ចិត្ត​សម្ដែង​ភក្តី‌ភាព​ចំពោះ​ព្រះ‌អម្ចាស់ សា​ជា​ថ្មី (៨.១-១០.៤០)។ ក្រោយ​ពី​បាន​រៀបចំ​សណ្តាប់‌ធ្នាប់​សម្រាប់​ស្រុក​ទេស ជា​ពិសេស​សណ្តាប់‌ធ្នាប់​ផ្នែក​នយោ‌បាយ​ចប់​សព្វ​គ្រប់​ហើយ (១១.១-១២.២៦) លោក​នេហេមា​នាំ​មុខ​បណ្ដា‌ជន​ធ្វើ​ពិធី​បុណ្យ​ឆ្លង​កំផែង​ក្រុង ដែល​គេ​ទើប​នឹង​សង់​រួច (១២.២៧-៤៣)។ បន្ទាប់​មក​ទៀត លោក​រៀបចំ​កែ​ទម្រង់​ខ្លះ​ផ្នែក​ខាង​ជំនឿ​សាសនា (១២.៤៤-១៣.៣១)។
គម្ពីរ​នេហេមា​បង្ហាញ​ឲ្យ​យើង​ស្គាល់​មនុស្ស​ម្នាក់​ដែល​មាន​ចិត្ត​ពុះ‌ពារ ធ្វើ​សកម្ម‌ភាព​ផ្សេងៗ ដើម្បី​សម្ដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ជាតិ​មាតុ‌ភូមិ។ លោក​នេហេមា​ជា​មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់ មាន​ចិត្ត​ក្លាហាន ហើយ​បំពេញ​កិច្ច‌ការ​ទាំង​អស់​ដោយ​អធិស្ឋាន។

ទើបបានជ្រើសរើសហើយ៖

នេហេមា ពាក្យ​លំនាំ: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល