នេហេមា 1
1
លោកនេហេមាទូលអង្វរឲ្យសាសន៍យូដា
1នេះជាពាក្យរបស់លោកនេហេមា ជាកូនលោកហាកាលា។
នៅខែមិគ្គសិរ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទអើថាស៊ើកសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសាន ជារាជធានី 2នោះមានបងប្អូនខ្ញុំម្នាក់ ឈ្មោះហាណានី និងអ្នកខ្លះទៀតបានមកពីស្រុកយូដា ហើយខ្ញុំសួរពួកគេពីដំណើរពួកយូដាដែលបានភៀសខ្លួន គឺពួកអ្នកដែលនៅរស់រានមានជីវិត រួចផុតពីការជាប់ជាឈ្លើយ និងពីដំណើរក្រុងយេរូសាឡិមដែរ»។ 3អ្នកទាំងនោះតបមកខ្ញុំថា៖ «ពួកអ្នកនៅសល់ក្នុងខេត្តនោះ គឺពួកអ្នកដែលនៅរស់រានមានជីវិត រួចផុតពីការជាប់ជាឈ្លើយ កំពុងរងទុក្ខវេទនា និងសេចក្ដីអាម៉ាស់ជាខ្លាំង។ រីឯកំផែងក្រុងយេរូសាឡិមក៏ត្រូវបាក់បែក ហើយទ្វារក្រុងក៏ត្រូវបានគេដុតបំផ្លាញដែរ»។
4កាលខ្ញុំបានឮពាក្យទាំងនេះ ខ្ញុំក៏អង្គុយយំ ហើយសោកសៅអស់រយៈពេលពីរបីថ្ងៃ ទាំងតមអាហារ ហើយអធិស្ឋាននៅចំពោះព្រះនៃស្ថានសួគ៌។ 5ខ្ញុំទូលព្រះអង្គថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គអើយ 6សូមទ្រង់ផ្ទៀងព្រះកាណ៌ ហើយបើកព្រះនេត្រ ដើម្បីស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ជាអ្នកបម្រើព្រះអង្គ ដែលឥឡូវនេះ ទូលបង្គំអធិស្ឋាននៅចំពោះព្រះអង្គទាំងយប់ទាំងថ្ងៃ ពីដំណើរប្រជាជនអ៊ីស្រាអែល ជាអ្នកបម្រើព្រះអង្គ ដោយលន់តួអំពើបាបរបស់ប្រជាជនអ៊ីស្រាអែល ដែលយើងខ្ញុំបានប្រព្រឹត្តទាស់នឹងព្រះអង្គ។ ទូលបង្គំ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំក៏បានប្រព្រឹត្តអំពើបាបដែរ។ 7យើងខ្ញុំបានប្រព្រឹត្តនឹងព្រះអង្គដោយខូចអាក្រក់ជាខ្លាំង ឥតកាន់តាមបទបញ្ជា ច្បាប់ បញ្ញត្តិដែលព្រះអង្គ ដែលបានបង្គាប់មក ដោយសារលោកម៉ូសេ ជាអ្នកបម្រើព្រះអង្គឡើយ។ 8សូមព្រះអង្គនឹកចាំពីព្រះបន្ទូល ដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើព្រះអង្គថា "បើអ្នករាល់គ្នាមិនស្មោះត្រង់ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ 9តែបើអ្នករាល់គ្នាត្រឡប់មករកយើងវិញ ហើយកាន់ និងប្រព្រឹត្តតាមបទបញ្ជារបស់យើង នោះទោះបើពួកនិរទេសរបស់អ្នកបានខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ ក៏យើងនឹងប្រមូលគេពីទីនោះ ហើយនាំគេមកឯកន្លែងដែលយើងបានជ្រើសរើស ដើម្បីឲ្យឈ្មោះរបស់យើងតាំងជាប់នៅទីនោះ"។ 10ពួកគេជាអ្នកបម្រើរបស់ព្រះអង្គ ហើយជាប្រជារាស្ត្រដែលព្រះអង្គបានរំដោះ ដោយព្រះចេស្តាដ៏អស្ចារ្យ និងដោយព្រះហស្តដ៏ខ្លាំងពូកែ។ 11ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ និងពាក្យអធិស្ឋានរបស់ពួកអ្នកបម្រើព្រះអង្គ ដែលពេញចិត្តនឹងកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ។ សូមប្រោសប្រទានឲ្យទូលបង្គំមានជោគជ័យនៅថ្ងៃនេះ ហើយសូមប្រោសមេត្តាដល់ទូលបង្គំ នៅចំពោះមនុស្សនេះផង»។ នៅគ្រានោះ ខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច។
ទើបបានជ្រើសរើសហើយ៖
នេហេមា 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies