នេហេមា 6

6
ការ​សម​គំនិត​ប្រឆាំង​នឹង​លោក​នេហេមា
1កាល​សាន‌បាឡាត ថូប៊ីយ៉ា និង​កេសែម ជា​សាសន៍​អារ៉ាប់ ព្រម​ទាំង​ខ្មាំង​សត្រូវ​របស់​យើង​បានឮ​ថា ខ្ញុំ​បានសង់​កំផែង​ឡើង ហើយគ្មាន​កន្លែង​បាក់​បែក​ណា​នៅ​សល់​ទៀត (ទោះ​ជាពេល​នោះ ខ្ញុំ​មិន​ទាន់​បាន​ដាក់​សន្លឹក​ទ្វារ តាម​ទ្វារ​នៅ​ឡើយ​ក៏​ដោយ) 2សាន‌បាឡាត និង​កេសែម ចាត់​គេ​មក​ជួប​ខ្ញុំ និយាយ​ថា៖ «សូម​អញ្ជើញ​មក យើង​នឹងពិភាក្សា​គ្នា​នៅ​ភូមិ​ណា​មួយ ក្នុង​ជ្រលង​ភ្នំ​អូណូរ»។ ប៉ុន្ដែ គេ​មាន​បំណង​នឹង​ធ្វើ​បាប​ខ្ញុំ។ 3ដូច្នេះ ខ្ញុំ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រាប់​គេ​វិញ​ថា៖ «ខ្ញុំ​កំពុង​ធ្វើ​កិច្ច​ការ​មួយ​យ៉ាង​ធំ ខ្ញុំ​មិន​អាច​ចុះ​ទៅ​បាន​ទេ។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ឈប់ ដោយ​ទុក​ចោល​ការ​ងារ​នេះ ហើយ​ចុះ​ទៅ​ជួបលោក​ដូច្នេះ?» 4គេ​បាន​ចាត់​មនុស្ស​មក​ប្រាប់​ខ្ញុំតាមបែប​ដដែល​នេះ ដល់​ទៅ​បួន​ដង ហើយ​ខ្ញុំ​ក៏​ឆ្លើយ​ពាក្យ​ដដែល​ទៅ​គេ​វិញ។ 5បន្ទាប់​មក សាន‌បាឡាត​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​មក​ជួប​ខ្ញុំ តាម​បែប​ដដែល ជា​លើក​ទី​ប្រាំ មាន​ទាំង​កាន់​សំបុត្រដែល​បើក​ចំហ​នៅ​ដៃ​ផង។ 6ក្នុង​សំបុត្រ​នោះ មានសរសេរ​ថា៖ «មាន​ឮ​ដំណឹង​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​លោក​កេសែម ជា​សាក្សី​ថា លោក និង​ពួក​យូដា​មាន​បំណង​នឹង​បះ‌បោរ ហេតុ​នេះ​ហើយ​បាន​ជា​លោក​សង់​កំផែង​នេះ​ឡើង ហើយ​ថា តាម​ពាក្យ​ដែល​គេ​និយាយ​នេះ លោក​ចង់​ឡើង​ធ្វើ​ជា​ស្តេច​របស់​គេ។ 7លោក​ក៏​បាន​តែង​តាំង​ពួក​ហោរា​ឲ្យ​ប្រកាស​អំ​ពីរូប​លោក នៅ​ក្រុង​យេរូ‌សាឡិម​ថា "មាន​ស្តេច​មួយ​អង្គ​នៅ​ស្រុក​យូដា​ហើយ" ដំណឹង​នេះ​នឹង​ឮ​ដល់​ស្តេច​មិន​ខាន ដូច្នេះ សូមអញ្ជើញ​មកឥឡូវ​នេះ យើង​នឹងពិភាក្សា​គ្នា»។ 8ខ្ញុំ​តប​ទៅ​គាត់​វិញ​ថា៖ «គ្មាន​ការ​បែប​នេះ​កើត​ឡើង​ដូច​ជា​លោក​រៀប​រាប់​ទេ គឺ​លោក​បាន​ប្រឌិត​រឿងទាំង​នេះ ដោយ​គំនិត​ខ្លួន​ឯង​ប៉ុណ្ណោះ»។ 9ដ្បិត​អ្នក​ទាំង​នោះ​មានបំណង​នឹង​គំរាមពួក​យើង ដោយ​គិត​ថា ពួក​យើង​នឹង​ថយ​កម្លាំង​ដៃ ហើយ​លែង​ធ្វើ​ការ​នោះ​ត​ទៅ​ទៀត។ ប៉ុន្ដែ ឥឡូវ​នេះ ឱ​ព្រះ‌អើយ សូម​ចម្រើន​កម្លាំង​ដៃ​ទូល‌បង្គំ​ផង។
10គ្រា​នោះ កាល​ខ្ញុំ​ចូល​ទៅ​ផ្ទះ​របស់​សេម៉ា‌យ៉ា ជា​កូន​ដេឡា‌យ៉ា ដែល​ជា​កូន​មហេ‌ថាបែល គាត់មិន​អាច​ចេញ​ពី​ផ្ទះ​បាន​ទេ គាត់​និយាយ​ថា៖ «សូម​យើង​ទៅ​ជួប​គ្នា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ គឺ​ក្នុង​ទី​បរិសុទ្ធ ហើយ​បិទ​ទ្វារឲ្យ​ជិត​ទៅ ដ្បិត​គេ​នឹង​មក​សម្លាប់​លោក គឺ​គេ​នឹង​មក​សម្លាប់​លោក នៅ​ពេល​យប់»។ 11ប៉ុន្ដែ ខ្ញុំ​ឆ្លើយ​ថា៖ «តើ​គួរ​ឲ្យ​មនុស្ស​ដូច​ខ្ញុំរត់​គេច​ឬ? តើ​មនុស្ស​ដូច​ខ្ញុំនេះ អាច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​រួច​ជីវិត​ឬ? ខ្ញុំ​មិន​ចូល​ទៅក្នុង​ព្រះ​វិហារទេ!»។ 12ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​បាន​ចាត់​គាត់ឲ្យ​ធ្វើ​ដូច្នោះ​ឡើយ គឺ​គាត់​បាន​ថ្លែង​ទំនាយ​នេះទាស់​នឹង​ខ្ញុំ ព្រោះ​ថូប៊ី‌យ៉ា និង​សាន‌បាឡាត​បាន​ជួល​គាត់។ 13ដ្បិត​គេ​បាន​ជួល​គាត់​ឲ្យ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច ឲ្យ​ខ្ញុំ​ធ្វើ​តាម ហើយ​ប្រព្រឹត្ត​អំពើ​បាប ប្រ‌យោជន៍​ឲ្យ​គេ​បាន​រឿងនឹង​បង្ខូច​ឈ្មោះ​ខ្ញុំ ហើយ​ត្មះ‌តិះ‌ដៀល​ខ្ញុំ។ 14ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ថូប៊ី‌យ៉ា និង​សាន‌បាឡាត តាម​ការ​ទាំង​នេះ​ដែលគេ​បាន​ប្រព្រឹត្ត ហើយសូមនឹក​ចាំ​ពី​នាង​ណូ‌អាឌា ជា​ហោរា និង​ហោរា​ឯ​ទៀតៗ ដែល​ចង់​បំភ័យ​ទូល‌បង្គំ​ផង។
ការ​សង់​កំផែង​ក្រុងយេរូ‌សាឡិម​បាន​ចប់​សព្វ​គ្រប់
15ដូច្នេះ កំផែង​បានសង់​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃទី​ម្ភៃ​ប្រាំ ខែ​ភទ្រ‌បទ គឺ​ក្នុងរយៈ​ពេលហា​សិប​ពីរ​ថ្ងៃ។ 16កាល​ខ្មាំង​សត្រូវ​របស់​យើង​ទាំង​ប៉ុន្មាន​បាន​ឮដំណឹង​នេះ សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ​យើង​ក៏​ភ័យ​ខ្លាច ហើយ​គេ​ទ្រោម​ចុះ​ជា​ខ្លាំង​នៅ​ចំពោះ​ភ្នែករបស់​ខ្លួន ដ្បិត​គេ​យល់​ឃើញ​ថា កិច្ច​ការ​នេះ​កើត​ឡើង​ដោយ​សារ​ជំនួយ​របស់​ព្រះ​នៃ​យើង។ 17ម្យ៉ាង​ទៀត ក្នុង​គ្រា​នោះ ពួក​អភិជន​ក្នុង​សាសន៍​យូដា បាន​ផ្ញើ​សំបុត្រ​ជា​ច្រើន​ទៅ​ថូប៊ី‌យ៉ា ក៏​មាន​សំបុត្រ​របស់​ថូប៊ី‌យ៉ា ផ្ញើ​មក​ពួក‌គេ​វិញ​ដែរ។ 18ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា ជាប់​ពាក់​ព័ន្ធ​ជាមួយ​គាត់​ដោយ​សារ​ពាក្យ​សម្បថ ព្រោះ​គាត់​ជា​កូន​ប្រសា​របស់​សេកានា ជា​កូន​របស់​អើរ៉ាស ហើយ​យ៉ូ‌ហា‌ណាន​ជា​កូន​ប្រុស​របស់​គាត់ បាន​យក​កូន​ស្រី​របស់​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា ធ្វើ​ជា​ប្រពន្ធ។ 19គេ​ក៏​បាន​និយាយ​ពី​អំពើ​ល្អ​របស់​គាត់ នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ក៏​នាំ​យក​ពាក្យរបស់​ខ្ញុំ​ទៅ​ប្រាប់​គាត់​ដែរ គឺ​ថូប៊ី‌យ៉ា​នេះ​ហើយ ដែល​ផ្ញើ​សំបុត្រ​មក​បំភ័យខ្ញុំ។

ទើបបានជ្រើសរើសហើយ៖

នេហេមា 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល