ម៉ាកុស 4

4
រឿង​ប្រៀប​ធៀប​អំពី​អ្នក​ព្រោះ​ពូជ
(ម៉ាថាយ ១៣.១-៩ លូកា ៨.៤-៨)
1ព្រះ‌អង្គ​ចាប់​ផ្ដើម​បង្រៀន​នៅ​មាត់​សមុទ្រ​ម្តង​ទៀត ហើយ​មាន​បណ្ដាជន​ច្រើន​កុះករ​ជួប​ជុំ​គ្នា​នៅ​ជុំ​វិញ​ព្រះ‌អង្គ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​លើ​ទូក ក្នុង​សមុទ្រ ហើយ​បណ្ដាជន​ទាំង​អស់ នៅ​លើ​គោក តាម​មាត់​សមុទ្រ។ 2ព្រះ‌អង្គ​ចាប់​ផ្ដើម​បង្រៀន​ពី​សេចក្តី​ជា​ច្រើន​ដល់​ពួក​គេ​ជា​រឿង​ប្រៀប‌ធៀប ហើយ​នៅ​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ‌អង្គ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ 3«ចូរ​ស្តាប់! មាន​បុរស​ម្នាក់ ចេញ​ទៅ​ព្រោះ​ពូជ។ 4ពេល​គាត់​ព្រោះ មាន​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​ស្លាប​ហើរ​មក​ចឹក​ស៊ី​ពូជ​នោះ​អស់​ទៅ។ 5មាន​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើកន្លែង​មាន​ថ្ម ដែល​មិន​សូវ​មាន​ដី ហើយ​ពូជ​នោះ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ 6លុះ​ថ្ងៃ​រះ​ឡើង វា​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​គ្មាន​ឫស។ 7ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា ហើយ​បន្លា​ក៏​ដុះ​ឡើង ខ្ទប់​ពូជ​នោះ​ជិត មិន​ឲ្យ​កើត​ផល​បាន។ 8តែ​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​ល្អ ហើយ​ដុះ​ឡើង​បង្កើត​ផល ក៏​ចម្រើន​ឡើង រួច​ឲ្យ​ផល ខ្លះ​បាន​មួយ​ជា​សាម​សិប ខ្លះ​បាន​មួយ​ជា​ហុក​សិប ហើយ​ខ្លះ​ទៀត​បាន​មួយ​ជា​មួយ​រយ»។ 9បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»
គោល​បំណង​នៃ​រឿង​ប្រៀប​ធៀប
10កាល​ព្រះ‌អង្គ​គង់​នៅ​ដោយ​ឡែក​ពី​បណ្ដាជន អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ព្រះ‌អង្គ ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ប្រៀប​ធៀប​នោះ។ 11ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ព្រះ​បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​អាថ៌‌កំបាំង​អំពី​ព្រះរាជ្យ​របស់​ព្រះ‌អង្គ ប៉ុន្តែ សម្រាប់​ពួក​អ្នក​ខាង​ក្រៅ អ្វីៗ​ទាំង​អស់​ជា​រឿង​ប្រៀប​ធៀប​វិញ 12ដើម្បី​ឲ្យ​គេ​មើល​មែន តែ​មិន​ឃើញ ហើយ​ឲ្យ​គេ​ស្ដាប់​មែន តែ​មិន​យល់ ក្រែង​គេ​វិល​បែរ​មក​រក​ព្រះ​វិញ ហើយ​ទទួល​បាន​ការ​អត់​ទោស» ។
13ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​យល់​រឿង​ប្រៀប​ធៀប​នេះ​ទេ​ឬ? ចុះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​យល់​គ្រប់​ទាំង​រឿង​ប្រៀប​ធៀប​បាន? 14អ្នក​ព្រោះ​ពូជ គឺ​ព្រោះ​ព្រះ‌បន្ទូល 15មនុស្ស​ខ្លះ​ប្រៀប​បាន​នឹង​ដី​ផ្លូវ ដែល​ព្រះ‌បន្ទូល​ព្រោះ​ចុះ​ទៅ កាល​គេ​ឮ អារក្ស‌សាតាំង​ក៏​មក​ឆក់​យក​ព្រះ‌បន្ទូល ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភា្លម។ 16មនុស្ស​ខ្លះ​ទៀត ប្រៀប​បាន​នឹង​ដី​មាន​ថ្ម ដែល​ពូជ​ធ្លាក់​លើ។ កាល​គេ​ឮ​ព្រះ‌បន្ទូល គេ​ទទួល​ភា្លម ដោយ​អំណរ 17តែ​មិន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គឺ​នៅ​ជាប់​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ លុះ​ពេល​កើត​មាន​ទុក្ខ​លំបាក ឬ​ការ​បៀត‌បៀន​ចូល​មក ដោយ​ព្រោះ​ព្រះ‌បន្ទូល គេ​ក៏​បោះ‌បង់​ចោល​ភា្លម។ 18មនុស្ស​ខ្លះ​ទៀត​ប្រៀប​បាន​នឹង​គុម្ព​បន្លា​ដែល​ពូជ​ព្រោះ​ចុះ​ទៅ។ អ្នក​ទាំង​នេះ​គឺ​ជា​ពួក​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល 19តែ​ការ​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ ចិត្ត​លោភ​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​សេចក្តី​ប៉ង​ប្រាថ្នា​ផ្សេងៗ​ដទៃ​ទៀត​ចូល​មក ក៏​ខ្ទប់​ព្រះ‌បន្ទូល​ជិត មិន​ឲ្យ​បង្កើត​ផល​បាន​ឡើយ។ 20ប៉ុន្តែ មនុស្ស​ខ្លះ​ទៀត​ប្រៀប​បាន​នឹង​ដី​ល្អ​ដែល​ពូជ​ព្រោះ​ចុះ​ទៅ។ គេ​ឮ​ព្រះ‌បន្ទូល​ហើយ​ទទួល​យក រួច​បង្កើត​ផល ខ្លះ​បាន​មួយ​ជា​សាម​សិប ខ្លះ​បាន​មួយ​ជា​ហុក​សិប ហើយ​ខ្លះ​ទៀត​បាន​មួយ​ជា​មួយ​រយ»។
ចង្កៀង​នៅ​ក្រោម​ថាំង
(ម៉ាថាយ ៥.១៥ លូកា ៨.១៦-១៨)
21ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​គេ​យក​ចង្កៀង​មក​ដាក់​នៅ​ក្រោម​ថាំង ឬ​នៅ​ក្រោម​គ្រែ ហើយ​មិន​ដាក់​នៅ​លើ​ជើង​ចង្កៀង​ឬ? 22ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ ក៏​គ្មាន​អ្វី​អាថ៌​កំបាំង​ដែល​មិន​ត្រូវ​លាត​ត្រដាង​នៅ​ទី​ភ្លឺ​ដែរ។ 23អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!» 24ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «ចូរ​ពិចារណា​ពី​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ស្តាប់​ចុះ រង្វាល់​ណា​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ នោះ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រង្វាល់​នោះ​វិញ ក៏​នឹង​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។ 25ដ្បិត​អ្នក​ណា​ដែល​មាន នោះ​នឹង​ឲ្យ​កាន់​តែ​ច្រើន ប៉ុន្តែ អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​ចេញ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង»។
រឿង​ប្រៀប​ធៀប​អំពី​គ្រាប់​ពូជ​ដុះ
26ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ព្រោះ​ពូជ​លើ​ដី 27ហើយ​ដេក​នៅ​ពេល​យប់ ក្រោក​នៅ​ពេល​ថ្ងៃ គាត់​មិន​ដឹង​ថា​ពូជ​នោះ​ចេញ​ពន្លក ហើយ​ដុះ​ឡើង​យ៉ាង​ណា​ទេ។ 28ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ បន្ទាប់​មក ចេញ​ជា​គ្រាប់​ពេញ​លេញ។ 29លុះ​ពេល​ទុំ​ភ្លាម គាត់​ក៏​យក​កណ្តៀវ​ទៅ​ច្រូត ព្រោះ​ដល់​រដូវ​ចម្រូត​ហើយ»។
រឿង​ប្រៀប​ធៀប​អំពី​គ្រាប់​ពូជ​តូច​ល្អិត
(ម៉ាថាយ ១៣.៣១-៣២, ៣៤ លូកា ១៣.១៨-១៩)
30ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «តើ​យើង​អាច​ប្រៀប​ធៀប​ព្រះរាជ្យ​របស់​ព្រះ​ទៅ​នឹង​អ្វី ឬ​ប្រើ​រឿង​ប្រៀប​ធៀប​អ្វី​មក​ប្រដូច​នឹង​ព្រះរាជ្យ​នោះ? 31ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​កាល​ណា​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​ពូជ​ណា​ទាំង​អស់​នៅ​លើ​ផែន​ដី 32តែ​ពេល​គេ​ព្រោះ​ចុះ​ទៅ វា​ក៏​ដុះ​ឡើង ហើយ​ត្រឡប់​ជា​ធំ​ជាង​រុក្ខ‌ជាតិ​ណា​ទាំង​អស់ ក៏​បែក​មែក​ធំៗ ហើយ​សត្វ​ហើរ​លើ​អាកាស​អាច​ធ្វើ​សម្បុក​នៅ​ក្រោម​ម្លប់​របស់​វា​បាន»។
33ព្រះ‌អង្គ​ប្រកាស​ព្រះ‌បន្ទូល​ទៅ​គេ ដោយ​រឿង​ប្រៀប​ធៀប​បែប​នេះ​ជា​ច្រើន តាម​ដែល​គេ​អាច​ស្តាប់​បាន 34ព្រះ‌អង្គ​មិន​បាន​មាន​ព្រះ​បន្ទូល​ទៅ​គេ ក្រៅ​ពី​រឿង​ប្រៀប‌ធៀប​ឡើយ តែ​ព្រះ‌អង្គ​ពន្យល់​អ្វីៗ​ទាំង​អស់​ដោយ​ឡែក ដល់​ពួក​សិស្ស​របស់​ព្រះ‌អង្គ។
ព្រះ‌យេស៊ូវ​ធ្វើ​ឲ្យ​ព្យុះ​ស្ងប់
(ម៉ាថាយ ៨.២៣-២៧ លូកា ៨.២២-២៥)
35នៅ​ល្ងាច​ថ្ងៃ​នោះ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ 36ពួក​គេ​ក៏​ចាក​ចេញ​ពី​បណ្ដាជន នាំ​ព្រះ​យេស៊ូវ​ដែល​គង់​នៅ​ក្នុង​ទូក​ទៅ​ជា​មួយ ហើយ​មាន​ទូក​តូចៗ​ខ្លះ​ទៀត ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។ 37ភ្លាម​នោះ មាន​ខ្យល់​ព្យុះ​កំណាច​មួយ​កើត​ឡើង ហើយ​រលក​ក៏​បោក​ចូល​ក្នុង​ទូក ធ្វើ​ឲ្យ​ទឹក​ចូល​ទូក​ស្ទើរ​ពេញ។ 38តែ​ព្រះ‌អង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ក៏​ដាស់​ព្រះ‌អង្គ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​វិនាស​ឥឡូវ​ហើយ! តើ​លោក​មិន​អំពល់​ទេ​ឬ?» 39ព្រះ‌អង្គ​ក៏​តើន​ឡើង បន្ទោស​ខ្យល់ ហើយ​បង្គាប់​ទៅ​សមុទ្រ​ថា៖ «ចូរ​ស្ងប់ ហើយ​ស្ងៀម​ទៅ!» ពេល​នោះ ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​សូន្យ​ឈឹង។ 40ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ? តើ​អ្នក​រាល់​គ្នា​នៅ​តែ​គ្មាន​ជំនឿ​ទេ​ឬ?» 41ពេល​នោះ គេ​មាន​សេចក្តី​ស្ញប់​ស្ញែង​ជា​ខ្លាំង ហើយ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​តើ​លោក​នេះ​ជា​នរណា​ដែល​សូម្បី​តែ​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល