ម៉ាកុស 3

3
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា
(ម៉ាថាយ ១២.៩-១៤ លូកា ៦.៦-១១)
1ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​ម្តង​ទៀត ហើយ​នៅ​ទី​នោះ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង។ 2ពួក​គេ​តាម​មើល​ព្រះ‌អង្គ ក្រែង​លោ​ព្រះ‌អង្គ​ប្រោស​គាត់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ព្រះ‌អង្គ។ 3ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ចេញ​មក​ខាង​មុខ!» 4បន្ទាប់​មក ព្រះ‌អង្គ​សួរ​គេ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ តើ​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ល្អ ឬ​ឲ្យ​ធ្វើ​ការ​អាក្រក់? ឲ្យ​សង្គ្រោះ​ជីវិត ឬ​ឲ្យ​សម្លាប់?» ប៉ុន្តែ គេ​នៅ​ស្ងៀម។ 5ព្រះ‌អង្គ​ងាក​ទត​ទៅ​គេ​ទាំង​ក្រោធ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ​នឹង​ចិត្ត​រឹង‌រូស​របស់​គេ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​បុរស​នោះ​ថា៖ «ចូរ​លាត​ដៃ​របស់​អ្នក​ទៅ!» បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​ដូច​ដើម។ 6ពួក​ផារិ‌ស៊ី​បាន​ចេញ​ទៅ​ភ្លាម ហើយ​ពិគ្រោះ​ជា​មួយ​ពួក​ហេរ៉ូឌ​ទាស់​នឹង​ព្រះ‌អង្គ ដើម្បី​រក​វិធី​បំផ្លាញ​ព្រះ‌អង្គ។
មហា‌ជន​ដើរ​តាម​ព្រះ‌យេស៊ូវ​ទៅ​ឯ​ឆ្នេរ​សមុទ្រ
7ព្រះ‌យេស៊ូវ​យាង​ចេញ​ជា​មួយ​ពួក​សិស្ស​ទៅ​កាន់​ឆ្នេរ​សមុទ្រ ហើយ​មាន​បណ្តា​ជន​ជា​ច្រើន​មក​ពី​ស្រុក​កាលី‌ឡេ និង​ស្រុក​យូដា នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។ 8ដោយ​ព្រោះ​បាន​ឮ​គេ​និយាយ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​ធ្វើ មនុស្ស​ជា​ច្រើន​ក៏​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ គេ​មក​ពី​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​អេដុម ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ព្រម​ទាំង​តំបន់​ជុំ​វិញ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ 9ដោយ​ព្រោះ​បណ្ដាជន ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ប្រាប់​ពួក​សិស្ស ឲ្យ​រៀប​ចំ​ទូក​មួយ​សម្រាប់​ព្រះ‌អង្គ ក្រែង​គេ​ប្រជ្រៀត​គ្នា​ចោម​រោម​ព្រះ‌អង្គ។ 10ដោយ​ព្រោះ​ព្រះ‌អង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា អ្នក​ដែល​មាន​ជំងឺ​ទាំង​ប៉ុន្មាន​ខំ​ប្រឹង​សម្រុក​ចូល ដើម្បី​ពាល់​ព្រះ‌អង្គ។ 11ពេល​ពួក​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះ‌អង្គ វា​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ!» 12ប៉ុន្តែ ព្រះ‌អង្គ​ហាម​ផ្តាច់ មិន​ឲ្យ​វា​ប្រាប់​គេ​ថា​ព្រះ‌អង្គ​ជា​អ្នកណា​ឡើយ។
ព្រះ‌យេស៊ូវ​តែង​តាំង​អ្នក​ទាំង​ដប់​ពីរ​រូប
(ម៉ាថាយ ១០.១-៤ លូកា ៦.១២-១៦)
13បន្ទាប់​មក ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អស់​អ្នក​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះ‌អង្គ។ 14ព្រះ‌អង្គ​បាន​តែង​តាំង​ដប់​ពីរ​រូប ដែល​ព្រះ‌អង្គ​ហៅ​ថា​សាវក ឲ្យ​គេ​នៅ​ជា​មួយ​ព្រះ‌អង្គ និង​ដើម្បី​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ប្រកាស 15ហើយ​ឲ្យ​គេ​មាន​អំណាច[ប្រោស​ជំងឺ​ឲ្យ​ជា ព្រម​ទាំង]ដេញ​អារក្ស​ផង។ 16អ្នក​ទាំង​ដប់​ពីរ​ដែល​ព្រះ‌អង្គ​បាន​តែង​តាំង​មាន ស៊ីម៉ូន ដែល​ទ្រង់​ដាក់​ឈ្មោះ​ថា ពេត្រុស 17យ៉ាកុប ជា​កូន​សេបេ‌ដេ និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប ដែល​ទ្រង់​ដាក់​ឈ្មោះ​គេ​ថា បោន‌អ៊ើកេ ប្រែ​ថា​កូន​ផ្គរ​លាន់។ 18អន‌ទ្រេ ភីលីព បារថូ‌ល៉ូមេ ម៉ាថាយ ថូម៉ាស និង​យ៉ាកុប ជា​កូន​អាល់‌ផាយ ថាដេ ស៊ីម៉ូន ជា​សាសន៍​កាណាន 19និង​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ។
ព្រះ‌យេស៊ូវ និង​អារក្ស​បេល‌សេ‌ប៊ូល
(ម៉ាថាយ ១២.២២-៣២ លូកា ១១.១៤-២៣, ១២.១០)
20បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បណ្តាជន​បាន​មក​ជួប​ជុំ​គ្នា​ម្តង​ទៀត ធ្វើ​ឲ្យ​ព្រះ‌អង្គ និង​ពួក​សិស្ស​រក​ពេល​បរិ‌ភោគ​មិន​បាន។ 21កាល​ក្រុម​គ្រួសារ​របស់​ព្រះ‌អង្គ​ឮ​ដូច្នេះ គេ​ក៏​ចេញ​ទៅ​ដើម្បី​ឃាត់​ព្រះ‌អង្គ ដ្បិត​គេ​ថា ព្រះ‌អង្គ​វង្វេង​ស្មារតី។ 22ពួក​អាចារ្យ​ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡិម​និយាយ​ថា៖ «អ្នក​នេះ​មាន​អារក្ស​បេលសេ‌ប៊ូល​ចូល គាត់​ដេញ​អារក្ស ដោយ​សារ​មេ​អារក្ស​ទេ»។ 23តែ​ព្រះ‌អង្គ​ហៅ​គេ​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​ថា៖ «តើ​អារក្ស‌សាតាំង​អាច​ដេញ​អារក្ស‌សាតាំង​ដូចម្តេច​កើត? 24បើ​នគរ​មួយ​បែក​បាក់​ទាស់​ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ឡើយ 25ហើយ​បើ​ផ្ទះ​ណា​បែក​បាក់​ទាស់​ទែង​គ្នា​ឯង ផ្ទះ​នោះ​ក៏​ពុំ​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ដែរ។ 26ដូច្នេះ បើ​អារក្ស‌សាតាំង​ក្រោក​ឡើង​ទាស់​នឹង​ខ្លួន​ឯង ហើយ​បែក​បាក់ វា​ពុំ​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ឡើយ គឺ​វា​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន។ 27គ្មាន​អ្នក​ណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នោះ​បាន​ឡើយ លុះ​ត្រា​តែ​ចង​អ្នក​ខ្លាំង​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​ផ្ទះ​នោះ​បាន។
28ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អំពើ​បាប​របស់​មនុស្ស និង​ពាក្យ​ដែល​គេ​ពោល​ប្រមាថ​ដល់​ព្រះ នោះ​អាច​នឹង​អត់​ទោស​ឲ្យ​បាន 29តែ​អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​មិន​អាច​អត់​ទោស​ឲ្យ​បាន​ឡើយ គឺ​អ្នក​នោះ​មាន​បាប​ជាប់​ទោស​អស់​កល្ប​ជា‌និច្ច»។ 30ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ ព្រោះ​គេ​និយាយ​ថា៖ «ព្រះ‌អង្គ​មាន​វិញ្ញាណ​អាក្រក់​ចូល»។
បង‌ប្អូន​ពិត​ប្រាកដ​របស់​ព្រះ‌យេស៊ូវ
(ម៉ាថាយ ១២.៤៦-៥០ លូកា ៨.១៩-២១)
31ពេល​នោះ មាតា និង​បង‌ប្អូន​របស់​ព្រះ‌អង្គ​មក​ដល់ ឈរ​នៅ​ខាង​ក្រៅ ហើយ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ព្រះ‌អង្គ។ 32បណ្ដាជន​ដែល​អង្គុយ​នៅ​ជុំ​វិញ​ព្រះ‌អង្គ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ម្តាយ និង​បង‌ប្អូន​របស់​លោក​គ្រូ មក​រក​លោក​គ្រូ​នៅ​ខាង​ក្រៅ!»។ 33ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ថា៖ «តើ​អ្នក​ណា​ជា​ម្តាយ និង​ជា​បង‌ប្អូន​របស់​ខ្ញុំ?» 34ព្រះ‌អង្គ​ទត​ទៅ​អស់​អ្នក​ដែល​អង្គុយ​នៅ​ជុំ​វិញ​ព្រះ‌អង្គ រួច​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្តាយ និង​បង‌ប្អូន​របស់​ខ្ញុំ! 35ដ្បិត​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ អ្នក​នោះ​ជា​បង‌ប្អូន​ប្រុស​ស្រី និង​ជា​ម្តាយ​របស់​ខ្ញុំ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល