លូកា 4:22-44

លូកា 4:22-44 គកស១៦

គ្រប់​គ្នា​ស្ងើច​សរសើរ​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​ព្រះ‌បន្ទូល​ប្រកប​ដោយ​ព្រះ‌គុណ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​មិន​មែន​ជា​កូន​យ៉ូសែប​ទេ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពិត​ប្រាកដ​ជា​អ្នក​រាល់​គ្នា​នឹង​និយាយ​សុភាសិត​នេះ​ដាក់​ខ្ញុំ​ថា៖ "គ្រូ‌ពេទ្យ​អើយ ចូរ​មើល​ខ្លួន​ឯង​ឲ្យ​ជា​សិន​ទៅ!" អ្វី​ដែល​យើង​បាន​ឮ​ថា អ្នក​ធ្វើ​នៅ​ក្រុង​កាពើណិម ចូរ​ធ្វើ​នៅ​ទី​នេះ ក្នុង​ស្រុក​របស់​ខ្លួន​ផង​ទៅ!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​ហោរា​ណា​ដែល​គេ​រាប់‌អាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​នោះ​ទេ។ ប៉ុន្ដែ ខ្ញុំ​ប្រាប់​សេចក្ដី​ពិត​ដល់​អ្នក​រាល់​គ្នា​ថា មាន​ស្ត្រី​មេម៉ាយ​ជា​ច្រើន​នៅ​ស្រុក​អ៊ីស្រា‌អែល​ក្នុង​ជំនាន់​លោក​អេលី‌យ៉ា កាល​រាំង​បី​ឆ្នាំ​ប្រាំ​មួយ​ខែ ក៏​មាន​អំណត់​ជា​ខ្លាំង​កើត​ឡើង​ពេញ​ក្នុង​ស្រុក តែ​ព្រះ​មិន​បាន​ចាត់​លោក​អេលី‌យ៉ា ឲ្យ​ទៅ​រក​ស្រី​មេម៉ាយ​ណា​ម្នាក់​ក្នុង​ពួកគេ​ឡើយ គឺ​ទ្រង់​បាន​ចាត់​លោក​ទៅ​រក​ស្រី​មេម៉ាយ​ម្នាក់ នៅ​ក្រុង​សារិបតា ក្នុង​ស្រុក​ស៊ីដូន​វិញ ។ នៅ​ជំនាន់​ហោរា​អេលី‌សេ ក៏​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដែរ តែ​គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​ស្អាត​សោះ មាន​តែ​លោក​ណាម៉ាន ជា​សាសន៍​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។ កាល​គេ​បាន​ឮ​សេចក្តី​ទាំង​នេះ អ្នក​ដែល​នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​មាន​ចិត្ត​ក្រេវ​ក្រោធ​ជា​ខ្លាំង។ ពួកគេ​ក្រោក​ឡើង ដេញ​ព្រះ‌អង្គ​ចេញ​ពី​ភូមិ ហើយ​បណ្តើរ​ព្រះ‌អង្គ​ទៅ​ដល់​ជម្រាល​ភ្នំ ដែល​គេ​បាន​សង់​ធ្វើ​ភូមិ ដើម្បី​នឹង​ច្រាន​ព្រះ‌អង្គ​ទម្លាក់​ពី​លើ​ចំណោត។ ប៉ុន្តែ ព្រះ‌អង្គ​យាង​កាត់​កណ្តាល​ចំណោម​ពួក​គេ ហើយ​ចេញ​ទៅ​បាត់។ ព្រះ‌អង្គ​យាង​ចុះ​ទៅ​កាពើណិម ជា​ក្រុង​មួយ​ក្នុង​ស្រុក​កាលីឡេ ហើយ​បង្រៀន​គេ​នៅ​ថ្ងៃ​សប្ប័ទ។ គេ​នឹក​ប្លែក​ក្នុង​ចិត្ត​នឹង​សេចក្តី​បង្រៀនរបស់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច។ នៅ​ក្នុង​សាលា​ប្រជុំ​នោះ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អារក្ស‌អសោចិ៍​ចូល វា​ស្រែក​ឡើង​ជា​ខ្លាំង​ថា៖ «ហ៊ឹះ ព្រះ‌យេស៊ូវ​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត​អើយ តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​មក​បំផ្លាញ​យើង​ឬ? ខ្ញុំ​ស្គាល់​ហើយ​ថា​ព្រះ‌អង្គ​ជា​អ្នក​ណា ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ»។ ព្រះ‌យេស៊ូវ​បន្ទោស​វា​ថា៖ «ចូរ​ស្ងៀម ហើយ​ចេញ​ពី​បុរស​នេះ​ទៅ!»។ កាល​អារក្ស​បាន​ផ្តួល​បុរស​នោះ​ក្នុង​ចំណោម​ពួកគេ វា​ក៏​ចេញ​ទៅ ឥត​មាន​ធ្វើ​ឲ្យ​គាត់​ឈឺ​អ្វី​ឡើយ។ គ្រប់​គ្នា​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា​ថា៖ «តើ​ពាក្យ​សម្ដី​នេះ​ជា​អ្វី? ដ្បិត​លោក​បង្គាប់​វិញ្ញាណ​អសោចិ៍ ទាំង​មាន​អំណាច និង​ចេស្ដា ហើយ​វា​ក៏​ចេញ​ទៅ»។ ឯ​ដំណឹង​អំពី​ព្រះ‌អង្គ​ក៏​ល្បី​សុស‌សាយ​គ្រប់​ទី​កន្លែង​ពាស​ពេញ​ក្នុង​តំបន់​នោះ។ ក្រោយ​ពី​យាង​ចេញ​ពី​សាលា​ប្រជុំ​ហើយ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន។ រីឯ​ម្តាយ​ក្មេក​របស់​ស៊ីម៉ូន​កំពុង​គ្រុន​ជា​ខ្លាំង ហើយ​គេ​ទូល​សូម​ឲ្យ​ព្រះ‌អង្គ​ប្រោស​គាត់។ ពេល​នោះ ព្រះ‌អង្គ​ឱន​ទៅ​លើ​គាត់ ហើយ​បន្ទោស​ជំងឺ​គ្រុន រួច​ជំងឺ​គ្រុន​ក៏​ចេញ​បាត់​ទៅ។ គាត់​ក៏​ក្រោក​ឡើង​ភ្លាម ហើយ​បម្រើ​ពួក​គេ។ លុះ​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង‌ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ បាន​នាំ​អ្នក​ទាំង​នោះ​មក​រក​ព្រះ‌អង្គ។ ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​ឲ្យ​បាន​ជា​សះ​ស្បើយ​គ្រប់ៗ​គ្នា។ មាន​អារក្ស​ក៏​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ឡើង​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ!»។ ប៉ុន្តែ ព្រះ‌អង្គ​បន្ទោស​វា ហើយ​ហាម​មិន​ឲ្យ​វា​និយាយ​សោះ ព្រោះ​វា​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ។ លុះ​ព្រឹក​ឡើង ព្រះ‌អង្គ​យាង​ចេញ​ទៅ​កន្លែង​ស្ងាត់។ មហា‌ជន​នាំ​គ្នា​តាម​រក​ព្រះ‌អង្គ ហើយ​ពេល​គេ​បាន​ជួប​ព្រះ‌អង្គ គេ​ឃាត់​មិន​ឲ្យ​ព្រះ‌អង្គ​យាង​ចេញ​ពី​ពួក​គេ​ឡើយ។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ត្រូវ​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះរាជ្យ​របស់​ព្រះ ដល់​ក្រុង​ឯ​ទៀតៗ​ដែរ ដ្បិត​ព្រះ‌វរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​សម្រាប់​គោល​បំណង​នេះ​ឯង»។ ដូច្នេះ ព្រះ‌អង្គ​ក៏​បន្ត​ប្រកាស​ដំណឹង‌ល្អ​នៅ​តាម​សាលា​ប្រជុំ​របស់​សាសន៍​យូដា។

អាន លូកា 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 4:22-44