លូកា 16

16
រឿង​ប្រៀប​ធៀប​អំពី​អ្នក​មើល​ខុស​ត្រូវ​មិន​ស្មោះ​ត្រង់
1ព្រះយេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «មាន​សេដ្ឋី​ម្នាក់ ដែល​គេ​មក​ប្តឹង​លោក ពី​អ្នក​មើល​ខុស​ត្រូវ​លើ​របស់​ទ្រព្យសម្បត្តិ​របស់​លោក​ថា អ្នក​នោះ​ចាយ​បង្ហិន‌បង្ហោច​ទ្រព្យ​សម្បត្តិ​លោក​ជា​ច្រើន។ 2គាត់​ក៏​ហៅ​អ្នក​នោះ​មក​សួរ​ថា "តើ​រឿង​ដែល​ខ្ញុំ​បាន​ឮគេ​និយាយ​ពី​អ្នក នោះយ៉ាងណា​ដែរ? ចូរ​យក​បញ្ជី​ពី​ការ​ចាត់​ចែង​របស់​អ្នក​មកឲ្យ​ខ្ញុំ ព្រោះ​អ្នក​មិន​អាច​ធ្វើ​ជា​អ្នក​ចាត់​ការ​របស់​យើង​ត​ទៅ​ទៀត​បាន​ទេ"។ 3អ្នក​ចាត់​ការ​នោះគិត​ក្នុង​ចិត្ត​ថា "តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា? ដ្បិត​ចៅហ្វាយ​ខ្ញុំ​គិត​ដក​ការ​ត្រួត‌ត្រា​នេះ​ពី​ខ្ញុំ​ហើយ ខ្ញុំ​គ្មាន​កម្លាំង​ទៅ​កាប់​ដី​ទេ បើ​ដើរ​សុំ​ទាន ក៏​ខ្មាស​គេ​ដែរ។ 4ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ហើយ ដើម្បី​បើ​កាល​ណា​លោក​បណ្តេញ​ខ្ញុំ​ចេញ​ពី​ការ​ត្រួត‌ត្រា​នេះ ខ្ញុំ​នឹង​មាន​គេ​ទទួល​ខ្ញុំ ឲ្យ​ទៅ​នៅ​ផ្ទះ​គេ​មិន​ខាន"។ 5គាត់​ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅហ្វាយ​គាត់​មក ម្នាក់​ម្ដងៗ គាត់​សួរ​អ្នក​ទីមួយ​ថា "តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន"? 6អ្នក​នោះ​ឆ្លើយ​ថា "ជំពាក់​ប្រេង​មួយ​រយ​ប៉ោត" រួច​គាត់​ប្រាប់​អ្នក​នោះ​ថា "ចូរ​យក​សំបុត្រ​អ្នក ទៅ​អង្គុយ​សរសេរ​ដាក់​ហា‌សិប​វិញ ជា​ប្រញាប់​ទៅ"។ 7គាត់​សួរ​ទៅ​ម្នាក់​ទៀត​ថា "ចុះ​អ្នក តើ​ជំពាក់​ប៉ុន្មាន?" អ្នក​នោះ​ឆ្លើយ​ថា "ជំពាក់​ស្រូវ​មួយ​រយ​ហាប" គាត់​ប្រាប់​អ្នក​នោះ​ថា "ចូរ​យក​សំបុត្រ​អ្នក ទៅ​សរសេរ​ដាក់​ប៉ែត‌សិប​វិញ​ទៅ"។ 8ចៅហ្វាយ​ក៏​សរសើរ​អ្នកមើល​ខុស​ត្រូវ​ទុច្ចរិត​នោះ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​ដោយ​ឆ្លៀវ‌ឆ្លាត ដ្បិត​មនុស្ស​របស់​លោកីយ៍​នេះ គេ​មាន​ប្រាជ្ញា​ចំពោះ​ជំនាន់​គេ ជា​ជាង​មនុស្ស​របស់​ពន្លឺ​ទៅ​ទៀត។ 9ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ប្រើ​ទ្រព្យ​សម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្ត​សម្លាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​ទ្រព្យ​នោះ​រលាយ​សូន្យ​ទៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ឲ្យ​នៅ​ក្នុង​ទី​លំនៅ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​វិញ។
10អ្នក​ណា​ដែល​ស្មោះ​ត្រង់​ក្នុង​កិច្ច‌ការ​តូច​បំផុត នោះ​ឈ្មោះ​ថា ស្មោះ​ត្រង់​ក្នុង​កិច្ច‌ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​កិច្ច‌ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​កិច្ច‌ការ​ធំ​ដែរ។ 11ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​លោកីយ៍​ទេ តើ​អ្នក​ណាអាច​ប្រគល់​ទ្រព្យ​សម្បត្តិ​ដ៏ពិត​ប្រាកដ ទុក​នឹង​អ្នក​រាល់​គ្នាបាន? 12ហើយ​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃទេ តើ​អ្នក​ណានឹង​ឲ្យ​អ្វី​ដាច់​ជា​របស់​អ្នក​បាន? 13គ្មាន​បាវ​បម្រើ​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​បាវ​បម្រើ​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ឬ​នឹង​កាន់​ខាង​មួយ ហើយ​មើល​ងាយ​មួយ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​បម្រើ​ព្រះ​ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។
ក្រឹត្យ‌វិន័យ និង​ព្រះរាជ្យ​របស់​ព្រះ
(ម៉ាថាយ ១១.១២-១៣; ៥.៣១-៣២ ម៉ាកុស ១០.១១-១២)
14ពួក​ផារិស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ ក៏​បាន​ស្តាប់​គ្រប់​សេចក្តី​ទាំង​នោះ​ដែរ ហើយ​គេ​ចំអក​ឲ្យ​ព្រះ‌អង្គ។ 15ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជា​ពួក​សម្តែង​ខ្លួន​ថា​សុចរិត​នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ។
16មាន​ក្រឹត្យ‌វិន័យ និង​ទំនាយ​របស់​ពួក​ហោរា រហូត​មក​ដល់​លោក​យ៉ូហាន តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​អំពី​ព្រះរាជ្យ​របស់​ព្រះ​ទូទៅ ហើយ​មនុស្ស​ទាំង​អស់​កំពុង​តែ​ខំ​ប្រឹង​ចូល។ 17ប៉ុន្តែ ដែល​ផ្ទៃ​មេឃ និង​ផែនដី​បាត់​ទៅ នោះ​ងាយ​ជា​ជាង​បាត់​ក្បៀស​មួយ ក្នុង​ក្រឹត្យ‌វិន័យ​ទៅ​ទៀត។
18អស់​អ្នក​ណា​ដែល​លែង​ប្រពន្ធ ទៅ​យក​មួយ​ទៀត នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​អស់​អ្នក​ណា​ដែល​យក​ស្ត្រី​ប្តី​លែង នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។
បុរស​អ្នក​មាន និង​ឡាសារ
19«មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ និង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​ជប់​លៀង​យ៉ាង​អធិកអធម​រាល់​ថ្ងៃ។ 20ក៏​មាន​បុរស​ម្នាក់​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ កើត​ដំបៅ​ពេញ​ខ្លួន គេ​យក​មក​ផ្តេក​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ។ 21គាត់​ប្រាថ្នា​ចង់​ចម្អែត​ពោះ ដោយ​កម្ទេច​អាហារ​ដែល​ធ្លាក់​ពី​តុ​អ្នក​មាននោះ​ណាស់ ហើយ​មាន​ឆ្កែ​មក​លិឍ​ដំបៅ​គាត់​ទៀត​ផង។ 22ក្រោយ​មក អ្នក​ក្រ​នោះ​ក៏​ស្លាប់​ទៅ ហើយ​ពួក​ទេវតា​យក​គាត់​ទៅ​នៅ​ស្ថាន‌បរម‌សុខ នា​ដើម​ទ្រូង​លោក​អ័ប្រា‌ហាំ ឯ​អ្នក​មាន​នោះ​ក៏​ស្លាប់​ទៅ​ដែរ ហើយ​គេ​យក​ទៅ​កប់។ 23គាត់​រង​ទុក្ខ​វេទនា​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​មុខ​ឡើង​ឃើញ​លោក​អ័ប្រា‌ហាំ​ពី​ចម្ងាយ ហើយ​ឡាសារ​នៅ​ក្បែរ​លោក។ 24គាត់​ស្រែក​ឡើង​ថា "ឱ​លោក​ឪពុក​អ័ប្រា‌ហាំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង សូម​ឲ្យ​ឡាសារ​មក​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ទឹក ដាក់​លើ​អណ្តាត​ខ្ញុំ​ឲ្យ​ត្រជាក់​បាន​បន្តិច​ផង ដ្បិត​នៅ​ក្នុង​ភ្លើង​នេះ ខ្ញុំ​វេទនាណាស់"។ 25តែ​លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា "កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្តី​ល្អ ឯ​ឡាសារ​បាន​តែ​សេចក្តី​អាក្រក់ ឥឡូវ​នេះ គាត់​បានក្សាន្ត​ចិត្ត​ហើយ តែ​ឯង​វិញ​ត្រូវ​វេទនា។ 26ម្យ៉ាង​ទៀត មាន​ជង្ហុក​មួយ​យ៉ាង​ធំ ស្ថិត​នៅ​កណ្តាល​រវាង​យើង​នឹង​ឯង​រាល់​គ្នា ហើយ​គ្មាន​អ្នក​ណា​អាច​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង​បាន​ឡើយ"។ 27គាត់​ក៏​និយាយ​ថា "លោក​ឪពុក​អើយ បើ​ដូច្នេះ សូម​លោក​ចាត់​គាត់​ឲ្យ​ទៅ​ផ្ទះ​របស់​ឪពុក​ខ្ញុំ​ផង 28ដ្បិត​ខ្ញុំ​មាន​បង‌ប្អូន​ប្រាំ​នាក់ សូម​ឲ្យ​គាត់​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ខ្លួន​ផង ក្រែង​លោ​គេ​ភ្លាត់​មក​ក្នុង​កន្លែង​វេទនា​នេះ​ដែរ"។ 29លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា "គេ​មាន​លោក​ម៉ូសេ និង​ពួក​ហោរា​ហើយ ចូរ​ឲ្យ​គេ​ស្តាប់​តាម​លោក​ទាំង​នោះ​ចុះ"។ 30តែ​គាត់​ប្រ‌កែក​ថា "ទេ លោក​ឪពុក​អ័ប្រា‌ហាំ​អើយ បើ​មាន​អ្នក​ណា​ពី​ពួក​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ​វិញ នោះ​គេ​នឹង​ប្រែ​ចិត្ត​ជា​មិន​ខាន"។ 31លោក​ឆ្លើយ​ទៅ​គាត់​ថា "បើ​គេ​មិន​ព្រម​ស្តាប់​លោក​ម៉ូសេ និង​ពួក​ហោរា​ទេ ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ"»។

ទើបបានជ្រើសរើសហើយ៖

លូកា 16: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ