លូកា 15

15
រឿង​ប្រៀប​ធៀប​អំពី​ចៀម​ដែល​បាត់
(ម៉ាថាយ ១៨.១២-១៤)
1មាន​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ទាំង​អស់ នាំ​គ្នា​ចូល​មក​ជិត ដើម្បី​ស្តាប់​ព្រះ‌អង្គ។ 2ពួក​ផារិស៊ី និង​ពួក​អាចារ្យ​បាន​រអ៊ូរទាំ​ថា៖ «អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​បរិ‌ភោគ​ជា​មួយ​ពួក​គេ​ទៀត​ផង»។ 3ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​នេះ​ថា៖ 4«ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​មួយ​រយ តែ​បាត់​មួយ តើ​មិន​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ឲ្យ​នៅ​ទី​រហោ‌ស្ថាន រួច​ទៅ​តាម​រក​ចៀម​មួយ​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ? 5កាល​រក​ឃើញ​ហើយ នោះ​គាត់​ក៏​លើក​ចៀម​ដាក់​លើ​ស្មា ដោយ​អំណរ។ 6លុះ​ពេល​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​ហៅ​មិត្ត​សម្លាញ់ និង​ពួក​អ្នក​ជិត​ខាង​របស់​ខ្លួន​មក ប្រាប់​ថា "ចូរ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ខ្ញុំ​បាន​រក​ឃើញ​វិញ​ហើយ"។ 7ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌​នឹង​មាន​សេចក្តី​ត្រេក‌អរ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​ម្នាក់ដែល​ប្រែ​ចិត្ត ជាង​មនុស្ស​សុចរិត​កៅ‌សិប​ប្រាំ​បួន​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត»។
រឿង​ប្រៀប​ធៀប​អំពី​ប្រាក់​ដួង​ដែល​បាត់
8«ម៉្យាងទៀត តើមាន​ស្ត្រី​ឯ​ណា ដែល​មាន​ប្រាក់​ដប់​ដួង តែ​បាត់​មួយ ហើយ​នាង​មិន​អុជ​ចង្កៀង បោស​ផ្ទះ រក​យ៉ាង​អស់​ពី​ចិត្ត រហូត​ទាល់​តែ​បាន​ឃើញ​ទេ​ឬ? 9កាល​រក​ឃើញ​ហើយ នាង​ក៏​ហៅ​មិត្ត​សម្លាញ់ និង​អ្នក​ជិត​ខាង ប្រាប់​ថា "ចូរ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ ដ្បិត​ប្រាក់​ខ្ញុំ​ដែល​បាត់ នោះ​រក​ឃើញ​វិញ​ហើយ"។ 10ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្តី​ត្រេក‌អរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​ម្នាក់​ដែល​ប្រែ​ចិត្ត»។
រឿង​ប្រៀប​ធៀប​អំពី​កូន​ពៅ​វង្វេង និង​បង​ប្រុស​របស់​គាត់
11ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ​នាក់។ 12កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា "លោក​ឪពុក សូម​ប្រគល់​ចំណែក​មត៌ក ដែល​ត្រូវ​ចែក​ឲ្យ​ខ្ញុំ​នោះ​មក"។ ឪពុក​ក៏​ចែក​ទ្រព្យ​ឲ្យ​កូន។ 13ក្រោយ​បន្តិច​មក កូន​ពៅ​ប្រមូល​ទ្រព្យ​ទាំង​អស់ ចេញ​ទៅ​ស្រុក​ឆ្ងាយ ហើយ​ក៏​បង្ហិន​ទ្រព្យ​របស់​ខ្លួន ដោយ​ការ​រស់​នៅ​យ៉ាង​ខ្ជះ‌ខ្ជាយ។ 14កាល​បាន​ចាយ​អស់​រលីង​ហើយ នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​នៅ​ស្រុក​នោះ ហើយ​គាត់​ក៏​ចាប់​ផ្ដើម​ខ្វះ​ខាត។ 15ដូច្នេះ គាត់​ក៏​ទៅ​បម្រើ​អ្នក​ស្រុក​នោះ​ម្នាក់ ហើយ​គេ​ប្រើ​គាត់​ឲ្យ​ទៅ​ឃ្វាល​ហ្វូង​ជ្រូក​នៅ​ឯ​វាល។ 16គាត់​មាន​ចិត្ត​ចង់​ចម្អែត​ពោះ ដោយ​សម្បក ដែល​ជ្រូក​ស៊ី​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​សោះ។ 17ពេល​គាត់​ភ្ញាក់​ដឹង​ខ្លួន នោះ​ក៏​គិត​ថា "អ្នក​បម្រើ​ដែល​ស៊ី​ឈ្នួល​របស់​ឪពុក​ខ្ញុំ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា តែ​នៅ​ទី​នេះ ខ្ញុំ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ។ 18ខ្ញុំ​នឹង​ក្រោក​ឡើង ទៅ​និយាយ​ជា​មួយ​គាត់​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ និង​ចំពោះ​លោក​ឪពុក 19ខ្ញុំ​នេះ​មិន​សម​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​អ្នក​បម្រើ​ស៊ី​ឈ្នួល​របស់​លោក​ឪពុក​ចុះ"។ 20ដូច្នេះ គាត់​ក៏​ក្រោក​ឡើង ហើយ​ទៅ​រក​ឪពុកវិញ។ កាល​ឪពុក​ឃើញ​ពី​ចម្ងាយ គាត់​ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​កូន។ 21កូន​ពៅ​និយាយទៅឪពុក​ថា "លោក​ឪពុក កូន​បាន​ប្រព្រឹត្តអំពើ​បាប​ចំពោះ​ព្រះ និង​ចំពោះ​លោក​ឪពុក កូន​មិន​សម​ឲ្យ​គេ​ហៅ​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ"។ 22តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​បម្រើ​របស់​គាត់​ថា "ចូរ​ប្រញាប់​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​កូន​យើង ហើយ​យក​ចិញ្ជៀន និង​ស្បែក​ជើង​មក​បំពាក់​ឲ្យ​ផង។ 23ចូរ​យក​កូន​គោ​ដែល​បាន​បំប៉ន​ទុក មក​កាប់​ជប់លៀង ហើយ​បរិ‌ភោគ​ឲ្យ​សប្បាយ​ចុះ 24ដ្បិត​កូន​យើង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ តែ​បាន​ឃើញ​វិញ​ហើយ"។ គេ​ក៏​ចាប់​ផ្តើម​ជប់​លៀង​សប្បាយ។
25ឯ​កូន​ច្បង​នៅ​ឯ​ចម្ការ កាល​ត្រឡប់​មក​ជិត​ដល់​ផ្ទះ នោះ​ក៏​ឮ​សូរ​ភ្លេង និង​របាំ 26គាត់​ហៅ​បាវ​បម្រើ​ម្នាក់​មក​សួរ​ថា តើ​គេ​ធ្វើ​អ្វី​ហ្នឹង? 27បាវ​បម្រើ​នោះ​ជម្រាប​ថា "ប្អូន​លោក​ត្រឡប់​មក​វិញ ហើយ​ឪពុក​របស់​លោក​បាន​សម្លាប់​កូន​គោ​ដែល​បំប៉ន ព្រោះ​កូន​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត"។ 28ដូច្នេះ គាត់​ក៏​ខឹង មិន​ព្រម​ចូល​ផ្ទះ​ទេ ហើយ​ឪពុក​ចេញ​មក​អង្វរ​គាត់។ 29តែ​គាត់​ឆ្លើយ​ថា "ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ប៉ុន្មាន​ឆ្នាំ​មក​ហើយ មិន​ដែល​ធ្វើ​ខុស​បង្គាប់​អ្វី​សោះ លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ សូម្បី​តែ​មួយ ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ​ជា​មួ​យ​មិត្ត​សម្លាញ់​របស់​ខ្ញុំ​សោះ។ 30ឯ​កូន​លោក​ឪពុក ដែល​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក​ឪពុក ជាមួយ​ស្រី​ញី ពេល​វា​ត្រឡប់​មក​វិញ លោក​ឪពុក​បែរ​ជា​សម្លាប់​កូន​គោ ដែល​បំប៉ន​ទទួល​វាទៅ​វិញ"។ 31ឪពុក​ក៏​តប​ថា "កូន​អើយ កូន​បាន​នៅ​ជា​មួយ​ឪពុក​រហូត​មក ហើយ​របស់​ឪពុក​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​កូន​ដែរ។ 32គួរ​តែ​សប្បាយ​រីក​រាយ​ឡើង ព្រោះ​ប្អូន​ឯង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ វា​បាន​វង្វេង​បាត់ តែ​បាន​ឃើញ​វិញ​ហើយ"»។

ទើបបានជ្រើសរើសហើយ៖

លូកា 15: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ