លូកា 17

17
ឱវាទ​ខ្លះ​របស់​ព្រះ‌យេស៊ូវ
(ម៉ាថាយ ១៨.៦-៧, ២១-២២ ម៉ាកុស ៩.៤២)
1ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា «សេចក្តី​ល្បួង​ដែល​នាំ​ឲ្យ​ធ្វើ​បាប​ប្រាកដ​ជា​ត្រូវ​មក តែ​វេទនា​ដល់​អ្នក​ណា​ដែល​បង្កើត​ហេតុ​នោះ​ឡើង។ 2ប្រសិន‌បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទៅ​ចង​ក​អ្នក​នោះ ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ ជា​ជាង​ទុក​ឲ្យ​នៅ​ធ្វើ​ហេតុ​នាំ​ឲ្យ​កូន​តូច​ណា​មួយ​រវាត​ចិត្ត។ 3ចូរ​ប្រយ័ត្ន​ខ្លួន! ប្រសិន‌បើ​មាន​បង‌ប្អូន​ធ្វើ​បាប​នឹង​អ្នក អ្នក​ត្រូវ​បន្ទោស​ដល់​គាត់ ហើយ​បើ​គាត់​ប្រែ​ចិត្ត​មក ចូរ​អត់​ទោសឲ្យ​គាត់ទៅ។ 4ប្រសិន‌បើ​គាត់​ធ្វើ​បាប​នឹង​អ្នក​ប្រាំ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​ត្រឡប់​មក​និយាយ​នឹង​អ្នក​ប្រាំ​ពីរ​ដង​ថា "ខ្ញុំ​ប្រែ​ចិត្ត" នោះចូរ​អត់​ទោស​ឲ្យ​គាត់​ទៅ»។
5ដូច្នេះ ពួក​សាវក​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​ទ្រង់​ចម្រើន​ជំនឿ​ដល់​យើង​ខ្ញុំ​ផង!» 6ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ដូច​គ្រាប់​ពូជ​មួយ​យ៉ាង​ល្អិត នោះ​អ្នក​អាច​និយាយ​ទៅ​ដើម​មន​នេះ​ថា "ចូរ​ឯង​រលើង​ឫសទៅ​ដុះ​ក្នុង​សមុទ្រទៅ!" នោះ​វា​នឹង​ស្តាប់​បង្គាប់​អ្នក​មិន​ខាន»។
7«ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​អ្នក​បម្រើទៅ​ភ្ជួរ​ស្រែ ឬ​ឃ្វាល​ចៀម ពេល​បាវ​បម្រើ​នោះ​ត្រឡប់​ពី​ស្រែ​មក​វិញ តើអ្នក​នឹង​និយាយ​ថា "សូម​មក​អង្គុយ​នៅ​តុ​អាហារ" ឬ? 8តើ​មិន​និយាយ​យ៉ាង​នេះ​វិញ​ទេ​ថា "ចូរ​រៀបចំ​អាហារ ហើយ​ក្រវាត់​ចង្កេះ​មក​បម្រើ​យើង​បរិ‌ភោគ​ជា​មុន​សិន រួច​សឹម​ឯង​ស៊ី​តាម​ក្រោយ" ទេ​ឬ? 9តើ​ចៅហ្វាយ​ដឹង​គុណ​បាវ​បម្រើ​នោះ ដោយ​ព្រោះ​គេ​ធ្វើ​តាម​បង្គាប់​ឬ? 10អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក ហើយ នោះ​ត្រូវ​រាប់​ថា "យើង​ជា​បាវ​បម្រើ​ឥត​កម្រៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ"»។
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ឃ្លង់​ដប់​នាក់​ឲ្យ​ជា
11ពេល​ព្រះយេស៊ូវ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម នោះ​ក៏​យាង​តាម​ព្រំដែន​ស្រុក​សាម៉ារី និង​ស្រុក​កាលីឡេ។ 12កំពុង​តែ​យាង​ចូល​ទៅ​ក្នុង​ភូមិ​មួយ នោះ​មាន​មនុស្ស​ឃ្លង់​ដប់​នាក់​បាន​ជួប​ព្រះ‌អង្គ។ គេ​ឈរ​ពី​ចម្ងាយ 13ស្រែក​ទូល​ថា៖ «ឱ​ព្រះ‌យេស៊ូវ ជា​ម្ចាស់​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង»។ 14ពេល​ព្រះ‌អង្គ​ទត​ឃើញ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យ​មើល​ចុះ»។ លុះ​កំពុង​តែ​ដើរ​ទៅ នោះ​គេ​ក៏​បាន​ជា​ស្អាត​ទាំង​អស់​គ្នា។ 15មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ពេល​ឃើញ​ថា​ខ្លួន​បាន​ជា​ហើយ ក៏​វិល​មក​វិញ ទាំង​សរសើរ​តម្កើង​ព្រះ​ដោយ​សំឡេង​ខ្លាំងៗ 16ហើយ​គាត់​ក្រាប​ចុះ​មុខ​ដល់​ដី នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ។ អ្នក​នោះ​ជា​សាសន៍​សាម៉ារី។ 17ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​មិន​បាន​ជា​ស្អាត​ទាំង​ដប់​នាក់​ទេ​ឬ? ចុះ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯ​ណា? 18តើ​មាន​តែ​សាសន៍​ដទៃ​ម្នាក់​នេះ​ទេ​ឬ ដែល​វិ​ល​មក​សរសើរ​តម្កើង​ព្រះ»? 19រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​ចុះ ជំនឿ​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​ហើយ»។
ទី​សម្គាល់​អំពី​ព្រះរាជ្យ​របស់​ព្រះ
(ម៉ាថាយ ២៤.២៣-២៨, ៣៧-៤១)
20ពួក​ផារិស៊ី​ទូល​សួរ​ព្រះយេស៊ូវ​អំពី​ព្រះរាជ្យ​របស់​ព្រះ ដែល​ត្រូវ​មក​ដល់​នៅ​វេលា​ណា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះរាជ្យ​របស់​ព្រះ​មិន​មែន​មក​បែប​ឲ្យ​មនុស្ស​មើល​ឃើញ​ទេ 21គ្មាន​អ្នក​ណា​ដឹង​ថា "មើល៍! នៅ​ទី​នេះ" ឬ​ថា "មើល៍! នៅ​ទី​នោះ​បាន​ឡើយ" ដ្បិត​ព្រះរាជ្យ​របស់​ព្រះស្ថិត​នៅ​កណ្តាល​ចំណោម​អ្នក​រាល់​គ្នា​ហើយ»។
22ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «នឹង​មាន​គ្រា​មក​ដល់ ដែល​អ្នក​រាល់​គ្នា​ទន្ទឹង​ចង់​ឃើញ​ថ្ងៃ​មួយ​របស់​កូន​មនុស្ស តែ​នឹង​មិន​ឃើញ​ឡើយ។ 23គេ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍! នៅ​ទី​នេះ" ឬ​ថា "មើល៍! នៅ​ទី​នោះ" កុំ​ឲ្យ​ចេញ​ទៅ​តាម​គេ​ឲ្យ​សោះ។ 24ដ្បិត​នៅ​ថ្ងៃ​កូន​មនុស្ស​នឹង​យាង​មក ប្រៀប​ដូច​ជា​ផ្លេក​បន្ទោរ ដែល​ភ្លឺ​ផ្លេកៗ ពី​ជើង​មេឃ​ម្ខាង ដល់​ជើង​មេឃ​ម្ខាង។ 25ប៉ុន្តែ លោក​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន​មុន​សិន និង​ត្រូវ​មនុស្ស​ជំនាន់​នេះ​បោះ‌បង់​លោក​ចោល​ផង។ 26នៅ​គ្រា​របស់​កូន​មនុស្ស នោះ​នឹង​កើត​មាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ។ 27ដ្បិត​នៅ​ជំនាន់​នោះ គេ​កំពុង​តែ​ស៊ី​ផឹក ជប់​លៀង រៀប‌ការ​ប្តី​ប្រពន្ធ មក​ទល់​នឹង​ថ្ងៃ​លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ធំ នោះ​ទឹកជំនន់​ក៏​មក​លិច​បំផ្លាញ​គេ​គ្រប់​គ្នា​អស់​ទៅ ។ 28ក៏​ដូច​ជា​នៅ​ជំនាន់​លោក​ឡុត ដែរ គេ​កំពុង​តែ​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ និង​សង់​ផ្ទះ 29រហូត​ដល់​ថ្ងៃ​លោក​ឡុត​ចាក​ចេញ​ពី​ក្រុង​សូដុម នោះ​មាន​ភ្លៀង ជា​ភ្លើង និង​ស្ពាន់‌ធ័រ ធ្លាក់​ពី​លើ​មេឃ​មក​បំផ្លាញ​គេ​ទាំង​អស់​គ្នា​ទៅ។ 30នៅ​ថ្ងៃ​ដែល​កូន​មនុស្ស​លេច​មក នោះ​ក៏​នឹង​កើត​មាន​យ៉ាង​ដូច្នោះ​ដែរ។ 31នៅ​ថ្ងៃ​នោះ បើ​អ្នក​ណា​នៅ​លើ​ដំបូល ហើយ​មាន​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ កុំ​ចុះ​ទៅ​យក​ឡើយ ហើយ​អ្នក​ណា​ដែល​នៅ​ចម្ការ​ក៏​ដូច្នោះ​ដែរ កុំ​ត្រឡប់​មក​វិញ​ឲ្យ​សោះ។ 32ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​របស់​លោក​ឡុត 33អ្នក​ណា​ដែល​ខំ​រក្សា​ជីវិត​ឲ្យ​រួច​ផុតភ័យ នោះ​នឹង​បាត់​ជីវិត​ទៅ ហើយ​អ្នក​ណា​ដែល​បាត់​ជីវិត នោះ​នឹង​បាន​គង់​នៅ​វិញ។ 34ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់​នោះ បើ​មាន​មនុស្ស​ពីរ​នាក់​ដេក​នៅ​ដំណេក​ជា​មួយ​គ្នា ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ។ 35បើ​មាន​ស្ត្រី​ពីរ​នាក់ កិន​ម្សៅ​ជា​មួយ​គ្នា ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទៀត​នឹងត្រូវ​ទុក​នៅ។ 36[បើ​មាន​មនុស្ស​ពីរ​នាក់​នៅ​ចម្ការ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ] »។ 37នោះ​គេ​ទូល​សួរ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​នៅ​ឯ​ណា?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «សាកសព​នៅ​កន្លែង​ណា ត្មាត​នឹង​ប្រជុំ​គ្នា​នៅ​ទី​នោះ»។

ទើបបានជ្រើសរើសហើយ៖

លូកា 17: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ