លេវីវិន័យ 2
2
តង្វាយធញ្ញជាតិ
1បើអ្នកណាចង់ថ្វាយជាតង្វាយម្សៅដល់ព្រះយេហូវ៉ា ត្រូវយកម្សៅយ៉ាងម៉ដ្ត លាយប្រេង ព្រមទាំងដាក់កំញានផង 2ត្រូវយកទៅជូនពួកកូនលោកអើរ៉ុនជាសង្ឃ ហើយសង្ឃត្រូវយកម្សៅយ៉ាងម៉ដ្តនោះមួយក្តាប់ជាមួយប្រេងខ្លះ ព្រមទាំងកំញានទាំងអស់ទៅដុត ទុកជាទីរំឭកនៅលើអាសនា គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ 3ចំណែកតង្វាយម្សៅដែលនៅសល់ នោះគឺសម្រាប់អើរ៉ុន និងកូនរបស់លោក ជារបស់បរិសុទ្ធបំផុត ក្នុងចំណោមតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា។
4ប្រសិនបើថ្វាយតង្វាយម្សៅដែលចម្អិននៅក្នុងឡ ត្រូវថ្វាយជានំឥតដំបែ ធ្វើពីម្សៅយ៉ាងម៉ដ្ត លាយប្រេង ឬជានំក្រៀបឥតដំបែ លាបប្រេង។
5បើថ្វាយតង្វាយម្សៅដែលបានចម្អិនក្នុងពុម្ព ត្រូវធ្វើពីម្សៅយ៉ាងម៉ដ្តឥតដំបែលាយដោយប្រេង។ 6ត្រូវបេះនំនោះជាដុំៗ ហើយចាក់ប្រេងពីលើ នេះហើយជាតង្វាយម្សៅ។
7បើថ្វាយម្សៅដែលចៀនក្នុងខ្ទះ ត្រូវធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង។ 8តង្វាយម្សៅដែលបានធ្វើបែបយ៉ាងនេះ នោះត្រូវនាំយកទៅព្រះយេហូវ៉ា ត្រូវប្រគល់ដល់សង្ឃម្នាក់ ហើយសង្ឃនោះត្រូវយកទៅអាសនា។ 9សង្ឃត្រូវយកមួយចំណែកនៃតង្វាយម្សៅនោះទុកជាទីរំឭក ទៅដុតលើអាសនា គឺជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ 10ឯតង្វាយម្សៅដែលនៅសល់ នោះនឹងបានជារបស់សម្រាប់លោកអើរ៉ុន និងពួកកូនលោកវិញ ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងតង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
11រីឯតង្វាយម្សៅណាដែលអ្នករាល់គ្នានឹងថ្វាយដល់ព្រះយេហូវ៉ា មិនត្រូវលាយដោយដំបែឡើយ ដ្បិតមិនត្រូវដុតដំបែ ឬទឹកឃ្មុំ ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ាឡើយ។ 12របស់ទាំងពីរនោះ ត្រូវថ្វាយដល់ព្រះយេហូវ៉ាទុកជាផលដំបូង តែមិនត្រូវដុតនៅលើអាសនា សម្រាប់ជាក្លិនឈ្ងុយឡើយ។ 13ហើយអស់ទាំងតង្វាយម្សៅដែលអ្នកថ្វាយ នោះត្រូវបង់អំបិលផង ក៏មិនត្រូវខាននឹងដាក់អំបិលនៃសេចក្ដីសញ្ញា របស់ព្រះក្នុងតង្វាយម្សៅឡើយ ត្រូវតែបង់អំបិលចុះក្នុងគ្រប់ទាំងតង្វាយរបស់អ្នក។
14ប្រសិនបើអ្នកយកផលដំបូងមកថ្វាយជាតង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយកួរស្រូវថ្មីដែលលីង ហើយបុកទុកជាតង្វាយផលដំបូង។ 15ត្រូវចាក់ប្រេង ហើយដាក់កំញានពីលើ នេះហើយជាតង្វាយម្សៅ។ 16សង្ឃម្នាក់នឹងយកស្រូវបុកមួយចំណែកនឹងប្រេងខ្លះ និងកំញានទាំងអស់ពីតង្វាយនោះ ដុតថ្វាយទុកជាទីរំឭក នេះជាតង្វាយដុតថ្វាយព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies