លេវី‌វិន័យ 3

3
តង្វាយ​មេត្រី
1ប្រសិន‌បើ​តង្វាយ​របស់​អ្នក​នោះ​ជា​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី បើ​គេ​ថ្វាយ​គោ ទោះ​ឈ្មោល ឬ​ញី​ក្តី នោះ​ត្រូវ​ថ្វាយ​សត្វ​មួយ​ដែល​ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 2ត្រូវ​ដាក់​ដៃ​លើ​ក្បាល​នៃ​សត្វ​នោះ រួច​សម្លាប់​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​ត្រូវ​ឲ្យ​ពួក​សង្ឃ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន ប្រោះ​ឈាម​លើ​គ្រប់​ជ្រុង​ជុំ‌វិញ​អាសនា។ 3ត្រូវ​យក​មួយ​ចំណែក​អំពី​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​នោះ​ទៅ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង 4ព្រម​ទាំង​អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​អង្គញ់​ផង។ 5រួច​ពួក​កូន​លោក​អើរ៉ុន​នឹង​ដុត​របស់​ទាំង​នោះ​នៅ​លើ​តង្វាយ​ដុត ដែល​កំពុង​តែ​ឆេះ​លើ​ឧស​នៅ​លើ​អាសនា គឺ​ជា​តង្វាយ​ដុត​សម្រាប់​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។
6ប្រសិន‌បើ​តង្វាយ​ដែល​អ្នក​នោះ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា សម្រាប់​ជា​យញ្ញ‌បូជា​ខាង​ឯ​តង្វាយ​មេត្រី បាន​យក​ពី​ហ្វូង​សត្វ​តូច​វិញ ទោះ​ឈ្មោល ឬ​ញី​ក្តី នោះ​ត្រូវ​ថ្វាយ​សត្វ​មួយ​ដែល​ល្អ​ឥត​ខ្ចោះ។ 7បើ​គេ​ថ្វាយ​កូន​ចៀម នោះ​ត្រូវ​យក​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 8ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​នោះ រួច​សម្លាប់​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ត្រូវ​ឲ្យ​ពួក​កូន​លោក​អើរ៉ុន​ប្រោះ​ឈាម​នៅ​ជុំ​វិញ​លើ​អាសនា។ 9ត្រូវ​យក​មួយ​ចំណែក​អំពី​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី​នោះ ទៅ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់ និង​កន្ទុយ​ទាំង​មូល​ដែល​ត្រូវ​កាត់​ចេញ​ត្រឹម​ឆ្អឹង​ខ្នង និង​ខ្លាញ់​រុំ​អាការៈ​ខាង​ក្នុង ហើយ​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង 10ព្រម​ទាំង​អង្គញ់​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​អង្គញ់​ផង។ 11រួច​សង្ឃ​ត្រូវ​ដុត​របស់​ទាំង​នោះ​នៅ​លើ​អាសនា នេះ​ហើយ​ជា​ព្រះ‌ស្ងោយ​នៃ​តង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។
12បើ​គេ​ថ្វាយ​ពពែ នោះ​ត្រូវ​យក​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 13ត្រូវ​ដាក់​ដៃ​លើ​ក្បាល រួច​សម្លាប់​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ពួក​កូន​លោក​អើរ៉ុន​ត្រូវ​ប្រោះ​ឈាម​នៅ​ជុំ​វិញ​លើ​អាសនា។ 14ត្រូវ​យក​មួយ​ចំណែក​ពី​តង្វាយ​នោះ​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង 15ព្រម​ទាំង​អង្គញ់​ទាំង​ពីរ ហើយ​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ និង​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​អង្គញ់​ផង។ 16បន្ទាប់​មក សង្ឃ​ត្រូវ​ដុត​របស់​ទាំង​នោះ​នៅ​លើ​អាសនា នេះ​ហើយ​ជា​ព្រះ‌ស្ងោយ​នៃ​តង្វាយ​ដែល​ដុត​ថ្វាយ​សម្រាប់​ក្លិន​ឈ្ងុយ។
ដ្បិត​ខ្លាញ់​ទាំង​អស់​នោះ​ជា​របស់​ព្រះ‌យេហូវ៉ា។ 17នេះ​ជា​ច្បាប់​នៅ​អស់​កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​របស់​អ្នក​រាល់​គ្នា​ត​ទៅ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​តាំង​ទី​លំ​នៅ គឺ​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​ខ្លាញ់ ឬ​ឈាម​ឡើយ។

ទើបបានជ្រើសរើសហើយ៖

លេវី‌វិន័យ 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល