លេវី‌វិន័យ 11

11
ម្ហូប​ស្អាត និង​ម្ហូប​មិន​ស្អាត
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ 2«ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ក្នុង​បណ្ដា​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​ផែនដី នោះ​អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​សត្វ​យ៉ាង​នេះ​បាន 3គឺ​សត្វ​ណា​ដែល​មាន​ក្រចក​ឆែក​ជា​ពីរ ហើយ​ដែល​ទំពា‌អៀង​ផង នោះ​ត្រូវ​បរិ‌ភោគ​បាន។ 4ប៉ុន្តែ ក្នុង​បណ្ដា​ពួក​សត្វ​ដែល​ទំពា‌អៀង និង​ពួក​សត្វ​ដែល​មាន​ក្រចក​ឆែក នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​សត្វ​ទាំង​នេះ​ឡើយ គឺ​សត្វ​អូដ្ឋ​មួយ ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា 5ទន្សាយ​ថ្ម​មួយ ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា 6ទន្សាយ​គល់​មួយ ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា 7និង​ជ្រូក​មួយ ដ្បិត​វា​ក៏​មាន​ក្រចក​ឆែក​ពីរ តែ​មិន​ទំពា‌អៀង​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា 8មិន​ត្រូវ​បរិ‌ភោគ​សាច់​នៃ​សត្វ​ទាំង​នោះ​ឡើយ ក៏​មិន​ត្រូវ​ទាំង​ពាល់​ខ្មោច​វា​ផង ដ្បិត​ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា​ហើយ។
9ឯ​ត្រី​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទឹក ដែល​អ្នក​រាល់​គ្នា​បរិ‌ភោគ​បាន នោះ​គឺ​អស់​ទាំង​ត្រី​ណា​មាន​ព្រុយ និង​ស្រកា​ដែល​អាស្រ័យ​នៅ​ក្នុង​ទឹក ទោះ​ក្នុង​សមុទ្រ ឬ​ក្នុង​ទន្លេ​ក្តី ត្រី​ទាំង​នោះ​ត្រូវ​បរិ‌ភោគ​បាន 10តែ​ក្នុង​បណ្ដា​ត្រី​ដែល​កម្រើក​ក្នុង​ទឹក និង​អស់​ទាំង​សត្វ​ដែល​អាស្រ័យ​នៅ​ក្នុង​ទឹក នោះ​សត្វ​ណា​ដែល​ឥត​មាន​ព្រុយ និង​ស្រកា សត្វ​នោះ​ត្រូវ​រាប់​ជា​របស់​គួរ​ខ្ពើម​ដល់​អ្នក​រាល់​គ្នា​វិញ 11ត្រូវ​ឲ្យ​ខ្ពើម​ឆ្អើម​ចំពោះ​សត្វ​ទាំង​នោះ ហើយ​មិន​ត្រូវ​បរិ‌ភោគ​សាច់​វា​ឡើយ ក៏​ត្រូវ​រាប់​ខ្មោច​វា​ទុក​ជា​របស់​គួរ​ខ្ពើម​ដែរ 12សត្វ​ណា​នៅ​ក្នុង​ទឹក​ដែល​គ្មាន​ព្រុយ និង​ស្រកា នោះ​ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម​ដល់​អ្នក​រាល់​គ្នា​ហើយ។
13ឯ​ក្នុង​បណ្ដា​សត្វ​ហើរ​ទាំង​ប៉ុន្មាន​ក៏​ដែរ អ្នក​រាល់​គ្នា​ត្រូវ​រាប់​សត្វ​ទាំង​នេះ ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម មិន​ត្រូវ​បរិ‌ភោគ​ឡើយ ដ្បិត​ជា​សត្វ​គួរ​ខ្ពើម​ហើយ គឺ​ខ្លែង​មួយ ស្ទាំង​មួយ ប្រមង់​មួយ 14ត្មាត​មួយ និង​រអាត​តាម​ពូជ​វា 15គ្រប់​ទាំង​ក្អែក​តាម​ពូជ​វា 16អូទ្រុស​មួយ ខ្លែង​ស្រាក​មួយ រំពេ​មួយ និង​អក​តាម​ពូជ​វា 17មៀម​មួយ ស្មោញ​មួយ គូក​មួយ 18ទីទុយ​មួយ ទុង​មួយ ក្រៀល​មួយ 19កុក​មួយ ក្រសារ​តាម​ពូជ​វា​មួយ កំប៉ោយ​មួយ និង​ជ្រឹង​មួយ។
20អស់​ទាំង​សត្វ​ស្លាប​មាន​ជើង ដែល​វារ​តោង​បាន នោះ​ត្រូវ​រាប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​អ្នក​រាល់​គ្នា 21ប៉ុន្តែ ក្នុង​ពួក​សត្វ​មាន​ស្លាប​ដែល​វារ​តោង ឬ​ដើរ​ដោយ​ជើង នោះ​អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​បាន​តែ​សត្វ​ណា​ដែល​មាន​ជើង​សម្រាប់​ផ្ទាត់​នៅ​ដី 22ក្នុង​ពូជ​នោះ​ត្រូវ​បរិ‌ភោគ​សត្វ​ទាំង​នេះ​បាន គឺ​កណ្តូប​តាម​ពូជ​វា កន្ទ្រល​តាម​ពូជ​វា ចង្រិត​ដែក​តាម​ពូជ​វា និង​ចង្រិត​ដូង​តាម​ពូជ​វា 23តែ​អស់​ទាំង​សត្វ​ស្លាប​មាន​ជើង​បួន​ដែល​វារ​តោង​បាន នោះ​អ្នក​រាល់​គ្នា​ត្រូវ​ខ្ពើម​ឆ្អើម​វិញ។
សត្វ​មិន​ស្អាត
24ដ្បិត​សត្វ​ទាំង​នោះ​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ជា​មិន​ស្អាត​បាន អ្នក​ណា​ដែល​ប៉ះ​ពាល់​ខ្មោច​វា នោះ​ទៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច 25ហើយ​អ្នក​ណា​ដែល​ចាប់​កាន់​ខ្មោច​វា យក​ទៅ​ឯ​ណា អ្នក​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។ 26គ្រប់​ទាំង​សត្វ​ណា​ដែល​មាន​ក្រចក តែ​មិន​ឆែក​ជា​ពីរ ក៏​មិន​ទំពា‌អៀង​ផង នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា អស់​អ្នក​ណា​ដែល​ប៉ះ‌ពាល់​នឹង​វា នោះ​ក៏​មិន​ស្អាត​ដែរ 27ហើយ​សត្វ​ណា​ដែល​មាន​បាត​ជើង​ទន់ ក្នុង​ពួក​សត្វ​ដែល​ដើរ​ជើង​បួន នោះ​ត្រូវ​រាប់​ទាំង​អស់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា អ្នក​ណា​ដែល​ប៉ះ‌ពាល់​ខ្មោច​វា នោះ​ទៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច 28អ្នក​ណា​ដែល​ចាប់​កាន់​ខ្មោច​វា​យក​ទៅ​ឯ​ណា នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ដ្បិត​សត្វ​ទាំង​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា។
29ឯ​ក្នុង​បណ្ដា​ពួក​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​ដី សត្វ​ទាំង​នេះ​ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​ស្កា​មួយ កណ្តុរ​មួយ ថ្លែន​តាម​ពូជ​វា​មួយ 30តុកកែ​មួយ ទន្សង​មួយ ជីងចក់​មួយ បង្កួយ​មួយ ជាស​មួយ 31ក្នុង​បណ្ដា​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន ត្រូវ​រាប់​សត្វ​ទាំង​នោះ​ជា​សត្វ​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា កាល​ណា​វា​ងាប់​ហើយ បើ​អ្នក​ណា​បាន​ប៉ះ‌ពាល់ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។ 32បើ​សត្វ​ណា​មួយ​នោះ​ងាប់​ហើយ ធ្លាក់​ទៅ​ប៉ះ​លើ​របស់​អ្វី របស់​នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ហើយ ទោះ​បើ​ជា​ប្រដាប់​ដែល​ធ្វើ​ពី​ឈើ​ឬ​សម្លៀក‌បំពាក់ ឬ​ស្បែក ឬ​ការុង​ក្តី គឺ​ប្រដាប់​ណា​ក៏​ដោយ​ដែល​សម្រាប់​ប្រើ នោះ​ត្រូវ​តែ​ត្រាំ​ចុះ​ក្នុង​ទឹក ប្រដាប់​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច រួច​ទើប​បាន​ស្អាត​វិញ 33ឯ​គ្រប់​ទាំង​ប្រដាប់​ធ្វើ​ពី​ដី​ដែល​សត្វ​ណា​មួយ​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង នោះ​របស់​អ្វី​ដែល​នៅ​ក្នុង​ប្រដាប់​នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ហើយ ត្រូវ​បំបែក​ប្រដាប់​នោះ​ចោល​ចេញ 34ឯ​អាហារ​ណា​សម្រាប់​បរិ‌ភោគ​ដែល​មាន​ទឹក​ចាក់​មក​លើ នោះ​ទៅ​ជា​មិន​ស្អាត​ហើយ ឬ​ទឹក​ណា​សម្រាប់​ផឹក​ដែល​នៅ​ក្នុង​ប្រដាប់​ណា​មួយ នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ដែរ 35ហើយ​របស់​អ្វី​ក៏​ដោយ ដែល​កម្ទេច​ខ្មោច​នៃ​សត្វ​ទាំង​នោះ​ធ្លាក់​មក​លើ នោះ​ក៏​ទៅ​ជា​មិន​ស្អាត ទោះ​បើ​ជា​គុក​ភ្លើង ឬ​ជើង​ក្រាន នោះ​ត្រូវ​បំបែក​ចោល​ចេញ ព្រោះ​បាន​ទៅ​ជា​មិន​ស្អាត​ហើយ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា​ផង 36បើ​ជា​រន្ធ​ទឹក ឬ​អណ្តូង​ដែល​មាន​ទឹក​ដក់​នៅ​នោះ​ជា​ស្អាត​ទេ តែ​ទឹក​ដែល​នៅ​ជុំ​វិញ​ខ្មោច​នោះ នឹង​ត្រូវ​រាប់​ជា​មិន​ស្អាត​វិញ 37បើ​មាន​អ្វី​របស់​ខ្មោច​នៃ​សត្វ​ទាំង​នោះ​ធ្លាក់​មក​លើ​ពូជ​អ្វី​ដែល​សម្រាប់​ដាំ​ព្រោះ ពូជ​នោះ​នៅ​ជា​ស្អាត​ទេ 38តែ​បើ​គេ​បាន​ត្រាំ​ក្នុង​ទឹក​ហើយ ស្រាប់​តែ​មាន​អ្វី​របស់​ខ្មោច​នោះ​ធ្លាក់​មក​លើ ពូជ​នោះ​ត្រូវ​រាប់​ជា​ស្មោក‌គ្រោក​ដល់​អ្នក​រាល់​គ្នា​វិញ។
39បើ​សត្វ​ណា​ដែល​សម្រាប់​ជា​អាហារ​ដល់​អ្នក​រាល់​គ្នា​បាន​ងាប់​ទៅ ហើយ​មាន​អ្នក​ណា​ប៉ះ‌ពាល់​នឹង​ខ្មោច​វា អ្នក​នោះ​ត្រូវ​នៅ​មិន​ស្អាត​រហូត​ដល់​ល្ងាច 40ឯ​អ្នក​ណា​ដែល​បរិ‌ភោគ​សាច់​នៃ​ខ្មោច​វា នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​លើក​ខ្មោច​នោះ​យក​ទៅ​ឯ​ណា នោះ​ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ។
41ឯ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​ដី នោះ​ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម មិន​ត្រូវ​បរិ‌ភោគ​ឡើយ 42គឺ​សត្វ​ណា​ដែល​លូន​នឹង​ពោះ ឬ​វារ​នឹង​ជើង​បួន ឬ​ដែល​មាន​ជើង​ច្រើន ជា​ពួក​សត្វ​ដែល​លូន​វារ​នៅ​ដី នោះ​មិន​ត្រូវ​បរិ‌ភោគ​ឡើយ ដ្បិត​សត្វ​ទាំង​នោះ​ជា​ទី​គួរ​ខ្ពើម​ឆ្អើម​ហើយ។ 43អ្នក​រាល់​គ្នា​មិន​ត្រូវ​នាំ​ខ្លួន​ឲ្យ​ទៅ​ជា​គួរ​ខ្ពើម​ឆ្អើម ដោយ‌សារ​សត្វ​លូន​វារ​ណា​មួយ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ប្រឡាក់​នឹង​វា​ដែរ ដើម្បី​កុំ​ឲ្យ​ទៅ​ជា​មិន​ស្អាត​ដោយ‌សារ​វា។ 44ដ្បិត​យើង​នេះ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ ហើយ​ឲ្យ​ទៅ​ជា​បរិសុទ្ធ​ចុះ ដ្បិត​យើង​ជា​បរិសុទ្ធ អ្នក​រាល់​គ្នា​មិន​ត្រូវ​នាំ​ខ្លួន​ឲ្យ​ទៅ​ជា​មិន​ស្អាត ដោយ‌សារ​សត្វ​ណា​ដែល​លូន​វារ​នៅ​ដី​ឡើយ។ 45ដ្បិត​យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ចុះ ដ្បិត​យើង​បរិសុទ្ធ។
46នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​សត្វ​ជើង​បួន សត្វ​ហើរ និង​គ្រប់​ទាំង​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី 47ដើម្បី​ឲ្យ​ចេះ​សម្គាល់​សត្វ​ដែល​មិន​ស្អាត និង​សត្វ​ដែល​ស្អាត ហើយ​សត្វ​ដែល​បរិ‌ភោគ​បាន និង​សត្វ​ដែល​មិន​ត្រូវ​បរិ‌ភោគ​ឡើយ»។

ទើបបានជ្រើសរើសហើយ៖

លេវី‌វិន័យ 11: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល