លេវី‌វិន័យ 10

10
ណាដាប និង​អ័ប៊ីហ៊ូវ
1កូន​ប្រុស​របស់​លោក​អើរ៉ុន ឈ្មោះ​ណាដាប និង​អ័ប៊ីហ៊ូវ បាន​យក​ជើង‌ពាន​រៀង​ខ្លួន​ទៅ​ដាក់​ភ្លើង ហើយ​រោយ​គ្រឿង​ក្រអូប​ពី​លើ គឺ​បាន​យក​ភ្លើង​ពី​ក្រៅ​ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​មិន​បាន​បង្គាប់​ឡើយ។ 2ពេល​នោះ ស្រាប់​តែ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​អ្នក​ទាំង​ពីរ​នោះ ឲ្យ​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។ 3លោក​ម៉ូសេ​ក៏​និយាយ​ទៅ​លោក​អើរ៉ុន​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ថា "ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង បាន​លើក​យើង​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​យើង​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ"» ដូច្នេះ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។
4លោក​ម៉ូសេ​ហៅ​មីសា‌អែល និង​អែល‌សា‌ផាន ជា​កូន​អ៊ូស៊ាល ដែល​ត្រូវ​ជា​មា​របស់​លោក​អើរ៉ុន​មក បង្គាប់​ថា៖ «ចូរ​មក​សែង​ខ្មោច​បង‌ប្អូន​របស់​អ្នក​ចេញ​ពី​មុខ​ទី​បរិសុទ្ធ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ»។ 5គេ​ក៏​ចូល​ទៅ​ចាប់​អាវ​ខ្មោច​ទាំង​នោះ សែង​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល តាម​បង្គាប់​លោក​ម៉ូសេ។ 6រួច​លោក​ម៉ូសេ​ប្រាប់​ដល់​លោក​អើរ៉ុន អេលា‌សារ និង​អ៊ីថា‌ម៉ារ​ជា​កូន​លោក​ថា៖ «កុំ​កោ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា​ឡើយ ក៏​កុំ​ហែក​សម្លៀក‌បំពាក់​ខ្លួន​ដែរ ក្រែង​លោ​ស្លាប់ ហើយ​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ផង តែ​ត្រូវ​ឲ្យ​បង‌ប្អូន​អ្នក​រាល់​គ្នា គឺ​ជា​ពួក‌វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​កាន់​ទុក្ខ ដោយ​ព្រោះ​ភ្លើង​ដែល​ព្រះ‌យេហូវ៉ា​បាន​បញ្ឆេះ​គេ​វិញ។ 7អ្នក​រាល់​គ្នា​មិន​ត្រូវ​ចេញ​ពី​ត្រសាល​ជំនុំ​ឡើយ ក្រែង​នឹង​ត្រូវ​ស្លាប់ ដ្បិត​ប្រេង​ចាក់​លាប​របស់​ព្រះ‌យេហូវ៉ា​នៅ​ជាប់​លើ​អ្នក​រាល់​គ្នា​ហើយ» គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក​ម៉ូសេ។
8ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ 9«កាល​ណា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ នោះ​កុំ​ឲ្យ​អ្នក ឬ​ពួក​កូន​របស់​អ្នក​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក្រែង​លោ​ស្លាប់ នេះ​ហើយ​ជា​ច្បាប់​នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​ពូជ​តំណ​ត​ទៅ។ 10ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា និង​របស់​ស្មោក‌គ្រោក​ចេញ​ពី​របស់​ដែល​ស្អាត 11ហើយ​ឲ្យ​បាន​បង្រៀន​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បញ្ញត្តិ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​តាម​រយៈ​លោក​ម៉ូសេ»។
12រួច​លោក​ម៉ូសេ​បង្គាប់​ដល់​លោក​អើរ៉ុន អេលា‌សារ និង​អ៊ីថា‌ម៉ារ​ជា​កូន​លោក​អើរ៉ុន​ដែល​នៅ​សល់​ថា៖ «ចូរ​យក​តង្វាយ​ម្សៅ​ដែល​សល់​ពី​តង្វាយ​ព្រះ‌យេហូវ៉ា ទៅ​បរិ‌ភោគ​ដោយ​ឥត​ដំបែ​នៅ​ខាង​អាសនា​ទៅ ដ្បិត​តង្វាយ​នោះ​ជា​របស់​បរិសុទ្ធ​បំផុត។ 13អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ទី​កន្លែង​បរិសុទ្ធ ដ្បិត​នេះ​ជា​ចំណែក​របស់​បង និង​ពួក​កូន​របស់​បង ពី​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រោះ​ខ្ញុំ​បាន​ទទួល​បង្គាប់​មក​យ៉ាង​ដូច្នេះ​ហើយ។ 14ប៉ុន្តែ ទ្រូង​ដែល​គ្រវី និង​ស្មា​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង នោះ​ត្រូវ​បរិ‌ភោគ​នៅ​ទី​កន្លែង​ដ៏​ស្អាត គឺ​ទាំង​បង និង​កូន​ប្រុស​ស្រី​របស់​បង​ផង ដ្បិត​របស់​ទាំង​នោះ​បាន​ប្រទាន​មក​ទុក​ជា​ចំណែក​របស់​បង​ហើយ និង​ជា​ចំណែក​របស់​ពួក​កូន​របស់​បង ពី​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង។ 15គេ​ត្រូវ​យក​ស្មា​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង និង​ទ្រូង​ដែល​គ្រវី មក​ជា​មួយ​ខ្លាញ់​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ដុត​ថ្វាយ ដើម្បី​គ្រវី​ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តង្វាយ​នោះ​នឹង​ត្រូវ​បាន​ទៅ​បង និង​ពួក​កូន​របស់​បង តាម​បញ្ញត្តិ​ច្បាប់​នៅ​អស់‌កល្ប​ជា‌និច្ច ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក»។
16លោក​ម៉ូសេ​ក៏​ខំ​រក​ពពែ​ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​នោះ តែ​ឃើញ​ថា គេ​បាន​ដុត​ទៅ​ហើយ នោះ​លោក​ក៏​ខឹង​នឹង​អេលាសារ និង​អ៊ីថា‌ម៉ារ ជា​កូន​លោក​អើរ៉ុន ដែល​នៅ​សល់ ហើយ​សួរ​ថា៖ 17«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បរិ‌ភោគ​តង្វាយ​លោះ​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ? ដ្បិត​តង្វាយ​នេះ​ជា​អាហារ​បរិសុទ្ធ​បំផុត ហើយ​ព្រះបាន​ប្រទាន​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដក​អំពើ​បាប​ចេញ​ពី​ក្រុម​ជំនុំ ប្រ‌យោជន៍​ឲ្យ​បាន​លោះ​បាប​គេ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 18មើល៍ ឥឡូវ​មិន​បាន​យក​ឈាម​តង្វាយ​នោះ ទៅ​ក្នុង​ទី​បរិសុទ្ធ​សោះ គួរ​តែ​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​តង្វាយ​នោះ នៅ​ក្នុង​ទី​បរិសុទ្ធ ឥត​ខាន​វិញ ដូច​ជា​អញ​បាន​បង្គាប់​ហើយ»។ 19អើរ៉ុន​ឆ្លើយ​ទៅ​លោក​ម៉ូសេ​ថា៖ «មើល៍! ថ្ងៃ​នេះ​គេ​បាន​ថ្វាយ​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត​របស់​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ក៏​កើត​មាន​ហេតុ​យ៉ាង​នេះ​ដល់​ខ្ញុំ ប្រសិន‌បើ​ខ្ញុំ​បាន​ទទួល​ទាន​តង្វាយ​លោះ​បាប​នៅ​ថ្ងៃ​នេះ តើ​ជា​ទី​គាប់​ដល់​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ដែរ​ឬ?»។ 20ពេល​លោក​ម៉ូសេ​បាន​ឮ​ពាក្យ​ដូច្នោះ​ហើយ លោក​ក៏​យល់​ព្រម។

ទើបបានជ្រើសរើសហើយ៖

លេវី‌វិន័យ 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល