លេវី‌វិន័យ 9

9
សង្ឃ​អើរ៉ុន
1លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី លោក​ម៉ូសេ​ក៏​ហៅ​លោក​អើរ៉ុន និង​ពួក​កូន​លោក​មក ព្រម​ទាំង​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង។ 2រួច​បង្គាប់​ដល់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​កូន​គោ​មួយ​ពី​ហ្វូង​សត្វ សម្រាប់​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ​ឥត‌ខ្ចោះ​សម្រាប់​ជា​តង្វាយ​ដុត មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 3បន្ទាប់មក ត្រូវ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា "ចូរ​យក​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប និង​កូន​គោ​មួយ ហើយ​កូន​ចៀម​មួយ ដែល​ទាំង​ពីរ​មាន​អាយុ​មួយ​ខួបៗ ហើយ​ឥត‌ខ្ចោះ​សម្រាប់​ជា​តង្វាយ​ដុត 4ព្រម​ទាំង​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​មេត្រី ដើម្បី​នឹង​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា និង​តង្វាយ​ម្សៅ​លាយ​ដោយ​ប្រេង​ផង ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លេច​មក​ឯ​អ្នក​រាល់​គ្នា"»។ 5គេ​ក៏​យក​តង្វាយ​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​ទាំង​ប៉ុន្មាន​នោះ មក​នៅ​មុខ​ត្រសាល​ជំនុំ រួច​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចូល​មក​ជិត ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ 6នោះ​លោក​ម៉ូសេ​ប្រកាស​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម យ៉ាង​នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​លេច​មក​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ»។ 7លោក​ម៉ូសេ​បង្គាប់​ដល់​លោក​អើរ៉ុន​ថា៖ «ចូរ​ទៅ​ជិត​អាសនា ហើយ​ថ្វាយ​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត​របស់​បង សម្រាប់​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​ពួក​ជន​ផង រួច​ថ្វាយ​តង្វាយ​របស់​ពួក​ជន​ឲ្យ​ធួន​នឹង​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក »។
8លោក​អើរ៉ុន​ក៏​ចូល​ទៅ​ជិត​អាសនា សម្លាប់​កូន​គោ​ទុក​ជា​តង្វាយ​លោះ​បាប​ដែល​សម្រាប់​ខ្លួន 9ហើយ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន នោះ​លោក​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម យក​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា រួច​ចាក់​ឈាម​ទាំង​ប៉ុន្មាន​នៅ​ត្រង់​ជើង​អាសនា។ 10ឯ​ខ្លាញ់ អង្គញ់​ទាំង​ពីរ និង​ស្រទាប់​ដែល​យក​ពី​ថ្លើម​របស់​សត្វ ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​នោះ លោក​ក៏​ដុត​នៅ​លើ​អាសនា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ 11តែ​សាច់ និង​ស្បែក នោះ​បាន​ដុត​ក្នុង​ភ្លើង នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ។
12លោក​ក៏​សម្លាប់​សត្វ​ជា​តង្វាយ​ដុត ហើយ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន រួច​លោក​ប្រោះ​ឈាម​នោះ​នៅ​ជុំ​វិញ​លើ​អាសនា។ 13ពួក​កូន​ក៏​យក​តង្វាយ​ដុត​មក​ជូន​លោក​ទាំង​ដុំៗ ព្រម​ទាំង​ក្បាល​ផង ហើយ​លោក​ដុត​ទាំង​អស់​នៅ​លើ​អាសនា។ 14ឯ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន នោះ​លោក​លាង​នឹង​ទឹក រួច​ដុត​នៅ​លើ​តង្វាយ​ដែល​នៅ​លើ​អាសនា​ផង។
15បន្ទាប់​មក លោក​ថ្វាយ​តង្វាយ​របស់​ប្រជា‌ជន លោក​យក​ពពែ​ជា​តង្វាយ​លោះ​បាប ដែល​សម្រាប់​ប្រជា‌ជន​មក​សម្លាប់​ថ្វាយ​ដោយ​ព្រោះ​បាប ដូច​ជា​របៀប​នៃ​សត្វ​មុន​ដែរ។ 16រួច​ក៏​យក​តង្វាយ​ដុត​មក​ថ្វាយ​តាម​របៀប 17ហើយ​លោក​ក៏​ថ្វាយ​តង្វាយ​ម្សៅ​ដែរ លោក​យក​មួយ​ក្តាប់​ទៅ​ដុត​លើ​អាសនា ជា​ក្តាប់​ផ្សេង​ពី​តង្វាយ​ដុត​ពេល​ព្រឹក។
18រួច​មក​លោក​សម្លាប់​គោ​ឈ្មោល និង​ចៀម​ឈ្មោល​ទុក​ជា​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី ដែល​សម្រាប់​ប្រជា‌ជន។ ពួក​កូន​របស់​លោក​អើរ៉ុន​ក៏​យក​ឈាម​មក​ជូន នោះ​លោក​ក៏​ប្រោះ​ឈាម​នោះទៅ​លើជ្រុង​ទាំង​អស់​នៃ​អាសនា 19ហើយ​ក៏​ជូន​ខ្លាញ់​គោ​ឈ្មោល ខ្លាញ់​ចៀម​ឈ្មោល កន្ទុយ​ជាប់​ខ្លាញ់ និង​ខ្លាញ់​ដែល​ជាប់​អាការៈ​ខាង​ក្នុង ក្រលៀន​ទាំង​ពីរ ហើយ​ខ្លាញ់​ដែល​ជាប់នឹង​ក្រលៀន ព្រម​ទាំង​ស្រទាប់​ថ្លើម​ផង។ 20គេ​ដាក់​ខ្លាញ់​ពី​លើ​ទ្រូង រួច​លោក​អើរ៉ុន​ក៏​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនា 21ហើយ​គ្រវី​ទ្រូង និង​ស្មា​ខាង​ស្តាំ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក។
22លោក​អើរ៉ុន​ក៏​លើក​ដៃ​ឲ្យ​ពរ​ដល់​ប្រជា‌ជន រួច​ចុះ​មក​ពី​ការ​ថ្វាយ​តង្វាយ​លោះ​បាប តង្វាយ​ដុត និង​តង្វាយ​មេត្រី 23លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ រួច​ចេញ​មក​វិញ​ឲ្យ​ពរ​ដល់​ប្រជា‌ជន នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​គេ​ឃើញ​ទាំង​អស់​គ្នា។ 24ក៏​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​តង្វាយ​ដុត និង​ខ្លាញ់​នៅ​លើ​អាសនា កាល​ប្រជា‌ជន​ឃើញ​ដូច្នោះ នោះ​គេ​ស្រែក​ឡើង​ដោយ​អំណរ រួច​ក្រាប​ផ្កាប់​មុខ​ចុះ។

ទើបបានជ្រើសរើសហើយ៖

លេវី‌វិន័យ 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល