លេវីវិន័យ 11
11
ម្ហូបស្អាត និងម្ហូបមិនស្អាត
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ 2«ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ក្នុងបណ្ដាសត្វទាំងប៉ុន្មានដែលនៅលើផែនដី នោះអ្នករាល់គ្នាត្រូវបរិភោគសត្វយ៉ាងនេះបាន 3គឺសត្វណាដែលមានក្រចកឆែកជាពីរ ហើយដែលទំពាអៀងផង នោះត្រូវបរិភោគបាន។ 4ប៉ុន្តែ ក្នុងបណ្ដាពួកសត្វដែលទំពាអៀង និងពួកសត្វដែលមានក្រចកឆែក នោះអ្នករាល់គ្នាមិនត្រូវបរិភោគសត្វទាំងនេះឡើយ គឺសត្វអូដ្ឋមួយ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នា 5ទន្សាយថ្មមួយ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នា 6ទន្សាយគល់មួយ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នា 7និងជ្រូកមួយ ដ្បិតវាក៏មានក្រចកឆែកពីរ តែមិនទំពាអៀងទេ ជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នា 8មិនត្រូវបរិភោគសាច់នៃសត្វទាំងនោះឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង ដ្បិតជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នាហើយ។
9ឯត្រីទាំងប៉ុន្មាននៅក្នុងទឹក ដែលអ្នករាល់គ្នាបរិភោគបាន នោះគឺអស់ទាំងត្រីណាមានព្រុយ និងស្រកាដែលអាស្រ័យនៅក្នុងទឹក ទោះក្នុងសមុទ្រ ឬក្នុងទន្លេក្តី ត្រីទាំងនោះត្រូវបរិភោគបាន 10តែក្នុងបណ្ដាត្រីដែលកម្រើកក្នុងទឹក និងអស់ទាំងសត្វដែលអាស្រ័យនៅក្នុងទឹក នោះសត្វណាដែលឥតមានព្រុយ និងស្រកា សត្វនោះត្រូវរាប់ជារបស់គួរខ្ពើមដល់អ្នករាល់គ្នាវិញ 11ត្រូវឲ្យខ្ពើមឆ្អើមចំពោះសត្វទាំងនោះ ហើយមិនត្រូវបរិភោគសាច់វាឡើយ ក៏ត្រូវរាប់ខ្មោចវាទុកជារបស់គួរខ្ពើមដែរ 12សត្វណានៅក្នុងទឹកដែលគ្មានព្រុយ និងស្រកា នោះជាសត្វគួរខ្ពើមឆ្អើមដល់អ្នករាល់គ្នាហើយ។
13ឯក្នុងបណ្ដាសត្វហើរទាំងប៉ុន្មានក៏ដែរ អ្នករាល់គ្នាត្រូវរាប់សត្វទាំងនេះ ជាសត្វគួរខ្ពើមឆ្អើម មិនត្រូវបរិភោគឡើយ ដ្បិតជាសត្វគួរខ្ពើមហើយ គឺខ្លែងមួយ ស្ទាំងមួយ ប្រមង់មួយ 14ត្មាតមួយ និងរអាតតាមពូជវា 15គ្រប់ទាំងក្អែកតាមពូជវា 16អូទ្រុសមួយ ខ្លែងស្រាកមួយ រំពេមួយ និងអកតាមពូជវា 17មៀមមួយ ស្មោញមួយ គូកមួយ 18ទីទុយមួយ ទុងមួយ ក្រៀលមួយ 19កុកមួយ ក្រសារតាមពូជវាមួយ កំប៉ោយមួយ និងជ្រឹងមួយ។
20អស់ទាំងសត្វស្លាបមានជើង ដែលវារតោងបាន នោះត្រូវរាប់ជាទីខ្ពើមឆ្អើមដល់អ្នករាល់គ្នា 21ប៉ុន្តែ ក្នុងពួកសត្វមានស្លាបដែលវារតោង ឬដើរដោយជើង នោះអ្នករាល់គ្នាត្រូវបរិភោគបានតែសត្វណាដែលមានជើងសម្រាប់ផ្ទាត់នៅដី 22ក្នុងពូជនោះត្រូវបរិភោគសត្វទាំងនេះបាន គឺកណ្តូបតាមពូជវា កន្ទ្រលតាមពូជវា ចង្រិតដែកតាមពូជវា និងចង្រិតដូងតាមពូជវា 23តែអស់ទាំងសត្វស្លាបមានជើងបួនដែលវារតោងបាន នោះអ្នករាល់គ្នាត្រូវខ្ពើមឆ្អើមវិញ។
សត្វមិនស្អាត
24ដ្បិតសត្វទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាត្រឡប់ទៅជាមិនស្អាតបាន អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច 25ហើយអ្នកណាដែលចាប់កាន់ខ្មោចវា យកទៅឯណា អ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច។ 26គ្រប់ទាំងសត្វណាដែលមានក្រចក តែមិនឆែកជាពីរ ក៏មិនទំពាអៀងផង នោះត្រូវរាប់ជាមិនស្អាតដល់អ្នករាល់គ្នា អស់អ្នកណាដែលប៉ះពាល់នឹងវា នោះក៏មិនស្អាតដែរ 27ហើយសត្វណាដែលមានបាតជើងទន់ ក្នុងពួកសត្វដែលដើរជើងបួន នោះត្រូវរាប់ទាំងអស់ជាមិនស្អាតដល់អ្នករាល់គ្នា អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច 28អ្នកណាដែលចាប់កាន់ខ្មោចវាយកទៅឯណា នោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច ដ្បិតសត្វទាំងនោះត្រូវរាប់ជាមិនស្អាតដល់អ្នករាល់គ្នា។
29ឯក្នុងបណ្ដាពួកសត្វទាំងប៉ុន្មានដែលលូនវារនៅដី សត្វទាំងនេះក៏ត្រូវរាប់ជាមិនស្អាតដល់អ្នករាល់គ្នាដែរ គឺស្កាមួយ កណ្តុរមួយ ថ្លែនតាមពូជវាមួយ 30តុកកែមួយ ទន្សងមួយ ជីងចក់មួយ បង្កួយមួយ ជាសមួយ 31ក្នុងបណ្ដាសត្វលូនវារទាំងប៉ុន្មាន ត្រូវរាប់សត្វទាំងនោះជាសត្វមិនស្អាតដល់អ្នករាល់គ្នា កាលណាវាងាប់ហើយ បើអ្នកណាបានប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច។ 32បើសត្វណាមួយនោះងាប់ហើយ ធ្លាក់ទៅប៉ះលើរបស់អ្វី របស់នោះក៏ទៅជាមិនស្អាតហើយ ទោះបើជាប្រដាប់ដែលធ្វើពីឈើឬសម្លៀកបំពាក់ ឬស្បែក ឬការុងក្តី គឺប្រដាប់ណាក៏ដោយដែលសម្រាប់ប្រើ នោះត្រូវតែត្រាំចុះក្នុងទឹក ប្រដាប់នោះត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច រួចទើបបានស្អាតវិញ 33ឯគ្រប់ទាំងប្រដាប់ធ្វើពីដីដែលសត្វណាមួយនោះធ្លាក់ចូលទៅក្នុង នោះរបស់អ្វីដែលនៅក្នុងប្រដាប់នោះក៏ទៅជាមិនស្អាតហើយ ត្រូវបំបែកប្រដាប់នោះចោលចេញ 34ឯអាហារណាសម្រាប់បរិភោគដែលមានទឹកចាក់មកលើ នោះទៅជាមិនស្អាតហើយ ឬទឹកណាសម្រាប់ផឹកដែលនៅក្នុងប្រដាប់ណាមួយ នោះក៏ទៅជាមិនស្អាតដែរ 35ហើយរបស់អ្វីក៏ដោយ ដែលកម្ទេចខ្មោចនៃសត្វទាំងនោះធ្លាក់មកលើ នោះក៏ទៅជាមិនស្អាត ទោះបើជាគុកភ្លើង ឬជើងក្រាន នោះត្រូវបំបែកចោលចេញ ព្រោះបានទៅជាមិនស្អាតហើយ ក៏ត្រូវរាប់ជាមិនស្អាតដល់អ្នករាល់គ្នាផង 36បើជារន្ធទឹក ឬអណ្តូងដែលមានទឹកដក់នៅនោះជាស្អាតទេ តែទឹកដែលនៅជុំវិញខ្មោចនោះ នឹងត្រូវរាប់ជាមិនស្អាតវិញ 37បើមានអ្វីរបស់ខ្មោចនៃសត្វទាំងនោះធ្លាក់មកលើពូជអ្វីដែលសម្រាប់ដាំព្រោះ ពូជនោះនៅជាស្អាតទេ 38តែបើគេបានត្រាំក្នុងទឹកហើយ ស្រាប់តែមានអ្វីរបស់ខ្មោចនោះធ្លាក់មកលើ ពូជនោះត្រូវរាប់ជាស្មោកគ្រោកដល់អ្នករាល់គ្នាវិញ។
39បើសត្វណាដែលសម្រាប់ជាអាហារដល់អ្នករាល់គ្នាបានងាប់ទៅ ហើយមានអ្នកណាប៉ះពាល់នឹងខ្មោចវា អ្នកនោះត្រូវនៅមិនស្អាតរហូតដល់ល្ងាច 40ឯអ្នកណាដែលបរិភោគសាច់នៃខ្មោចវា នោះត្រូវបោកសម្លៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលលើកខ្មោចនោះយកទៅឯណា នោះក៏ត្រូវបោកសម្លៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាចដែរ។
41ឯសត្វទាំងប៉ុន្មានដែលលូនវារនៅដី នោះជាសត្វគួរខ្ពើមឆ្អើម មិនត្រូវបរិភោគឡើយ 42គឺសត្វណាដែលលូននឹងពោះ ឬវារនឹងជើងបួន ឬដែលមានជើងច្រើន ជាពួកសត្វដែលលូនវារនៅដី នោះមិនត្រូវបរិភោគឡើយ ដ្បិតសត្វទាំងនោះជាទីគួរខ្ពើមឆ្អើមហើយ។ 43អ្នករាល់គ្នាមិនត្រូវនាំខ្លួនឲ្យទៅជាគួរខ្ពើមឆ្អើម ដោយសារសត្វលូនវារណាមួយឡើយ ក៏មិនត្រូវឲ្យប្រឡាក់នឹងវាដែរ ដើម្បីកុំឲ្យទៅជាមិនស្អាតដោយសារវា។ 44ដ្បិតយើងនេះ គឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនចេញ ហើយឲ្យទៅជាបរិសុទ្ធចុះ ដ្បិតយើងជាបរិសុទ្ធ អ្នករាល់គ្នាមិនត្រូវនាំខ្លួនឲ្យទៅជាមិនស្អាត ដោយសារសត្វណាដែលលូនវារនៅដីឡើយ។ 45ដ្បិតយើងជាព្រះយេហូវ៉ាដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធចុះ ដ្បិតយើងបរិសុទ្ធ។
46នេះហើយជាច្បាប់ខាងឯសត្វជើងបួន សត្វហើរ និងគ្រប់ទាំងសត្វដែលរស់នៅក្នុងទឹក ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី 47ដើម្បីឲ្យចេះសម្គាល់សត្វដែលមិនស្អាត និងសត្វដែលស្អាត ហើយសត្វដែលបរិភោគបាន និងសត្វដែលមិនត្រូវបរិភោគឡើយ»។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies