បរិទេវ 4
4
ការដាក់ទណ្ឌកម្មក្រុងស៊ីយ៉ូន
1ម្ដេចក៏មាសប្រែជាស្រអាប់
ហើយមាសសុទ្ធប្រែជាបាត់បង់រស្មី!
ថ្មទាំងប៉ុន្មាននៃទីបរិសុទ្ធនៅរាយប៉ាយ
គ្រប់ទីកន្លែង ត្រង់ដើមផ្លូវ។
2ឯពួកកូនប្រុសរបស់ក្រុងស៊ីយ៉ូន
ដែលមានតម្លៃដូចជាមាស
នោះបានរាប់ដូចជាភាជនៈដីទៅវិញ
ដែលជាស្នាដៃរបស់ជាងស្មូនដូច្នេះ!
3សូម្បីតែមេស្វានក៏បើកដោះឲ្យកូនបៅដែរ
តែកូនស្រីរបស់សាសន៍ខ្ញុំវិញ មានចិត្តខ្មៅ
ដូចជាសត្វអូទ្រុសនៅទីរហោស្ថាន។
4អណ្ដាតរបស់កូនដែលនៅបៅ
នៅជាប់នឹងក្រអូមមាត់ដោយស្រេក
កូនតូចៗសូមនំបុ័ង
តែគ្មានអ្នកណាឲ្យវាឡើយ។
5ពួកអ្នកដែលធ្លាប់មានអាហារឆ្ងាញ់ៗបរិភោគ
បែរជាត្រូវដាច់ពោះស្លាប់នៅតាមផ្លូវ
ពួកអ្នកដែលធ្លាប់ស្លៀកពាក់រុងរឿង
ក៏បែរជានៅគំនរផេះទៅវិញ។
6ដ្បិតអំពើទុច្ចរិតរបស់កូនស្រីសាសន៍ខ្ញុំធ្ងន់ជាង
អំពើបាបរបស់ក្រុងសូដុមទៅទៀត
ជាទីក្រុងដែលត្រូវបំផ្លាញក្នុងមួយរំពេច
ឥតមានដៃអ្នកណាធ្វើឡើយ។
7ពួកអ្នកមានត្រកូលខ្ពស់នៅក្នុងទីក្រុង
គេបរិសុទ្ធជាងហិមៈ សស្អាតជាងទឹកដោះគោ
សម្បុរក្រហមជាងត្បូងទទឹមទៅទៀត
ហើយរាងកាយរបស់គេភ្លឺដូចជាត្បូងកណ្តៀង។
8ឥឡូវនេះ មុខរបស់គេខ្មៅជាងធ្យូង
គ្មានអ្នកណាស្គាល់គេតាមផ្លូវទេ
ស្បែកជាប់នឹងឆ្អឹង ស្វិតក្រៀមដូចជារំកាច់ឈើ។
9ពួកអ្នកដែលស្លាប់ដោយដាវ
វិសេសជាងពួកអ្នក ដែលស្លាប់ដោយស្រេកឃ្លាន
ដ្បិតពួកមួយនេះហេវទៅ ហើយត្រូវស្លាប់
ដោយខ្វះស្បៀងអាហារ។
10ពួកស្រីៗដែលមានចិត្តទន់សន្តោស
បានស្ងោរកូនខ្លួនស៊ី ដោយដៃខ្លួនឯង
កូនទាំងនោះជាអាហាររបស់គេ
ក្នុងគ្រាបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ។
11ព្រះយេហូវ៉ាក្រោធយ៉ាងខ្លាំង
ព្រះអង្គបានចាក់សេចក្ដីក្រោធដ៏សហ័ស
របស់ព្រះអង្គចេញហើយ
ព្រះអង្គបានបង្កាត់ភ្លើងនៅក្នុងក្រុងស៊ីយ៉ូន
ជាភ្លើងដែលឆេះទាំងឫសជញ្ជាំងផង។
12ពួកស្តេចនៅផែនដី និងមនុស្សទាំងឡាយ
ដែលនៅក្នុងពិភពលោកនេះ
គេមិនបានជឿថាពួកតតាំង និងពួកខ្មាំងសត្រូវ
អាចចូលតាមទ្វារក្រុងយេរូសាឡិមបានទេ។
13នេះដោយព្រោះតែអំពើបាបរបស់ពួកហោរា
និងអំពើទុច្ចរិតរបស់ពួកសង្ឃ
ជាពួកអ្នកដែលបានកម្ចាយឈាម
មនុស្សសុចរិតនៅក្នុងទីក្រុង។
14គេដើរតាមផ្លូវដូចជាមនុស្សខ្វាក់
ខ្លួនប្រឡាក់សុទ្ធតែឈាម
បានជាគ្មានអ្នកណាអាចពាល់សម្លៀកបំពាក់
របស់គេបានឡើយ។
15មនុស្សទាំងឡាយស្រែកដាក់គេថា
«ទៅចុះអាគម្រក់ ចេញទៅ កុំមកពាល់អ្វីឡើយ»
ពេលគេរត់ទៅ ហើយដើរសាត់ព្រាត់ទៀត
នោះមនុស្សនៅកណ្ដាលអស់ទាំងសាសន៍បានថា
«គេនឹងមិនអាស្រ័យនៅទីនេះទៀតឡើយ»។
16សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា
បានកម្ចាត់កម្ចាយគេទៅ
ព្រះអង្គមិនព្រមទតមើលគេទៀតទេ
គេមិនបានគោរពប្រតិបត្តិដល់ពួកសង្ឃ
ក៏មិនបានរាប់អានពួកចាស់ទុំដែរ។
17យើងរង់ចាំជំនួយឡើងផ្សាភ្នែក
តែគ្មានអ្នកណាមកជួយយើងសោះ
ការដែលយើងបានរង់ចាំនោះ
គឺយើងចាំមើលផ្លូវសាសន៍មួយ
ដែលជួយសង្គ្រោះមិនបាន។
18គេដេញតាមយើងគ្រប់ជំហាន
បានជាយើងរកចេញទៅផ្លូវមិនបាន
ទីបញ្ចប់របស់យើងកាន់តែជិតមកដល់
កំណត់យើងក៏សម្រេច
ដ្បិតចុងបំផុតរបស់យើងបានមកដល់ហើយ។
19ពួកអ្នកដែលដេញតាមយើង គេរហ័ស
ជាងឥន្ទ្រីនៅលើអាកាសទៅទៀត
គេបានដេញយើងឲ្យទៅលើភ្នំ
ក៏លបចាំយើងនៅទីរហោស្ថាន។
20ស្ដេចជាអម្ចាស់ជីវិតរបស់យើង
គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំង
ព្រះអង្គត្រូវគេចាប់ចូលក្នុងអង្គប់
ព្រះអង្គហើយដែលយើងធ្លាប់ពោលថា
«យើងរាល់គ្នាសូមជ្រកក្រោមម្លប់ដ៏ត្រជាក់
របស់ព្រះអង្គ ក្នុងចំណោមពួកសាសន៍ដទៃ»។
21ឱកូនស្រីស្រុកអេដុម
ជាអ្នកដែលអាស្រ័យនៅស្រុកអ៊ូសអើយ
ចូរមានចិត្តរីករាយ ហើយសប្បាយឡើង
ពែងនេះនឹងឆ្លងដល់នាងដែរ
នាងនឹងស្រវឹង ហើយនៅខ្លួនទទេ។
22ឱកូនស្រីក្រុងស៊ីយ៉ូនអើយ
ទោសនៃអំពើទុច្ចរិតរបស់នាងគ្រប់ចំនួនហើយ
ព្រះអង្គនឹងមិនឲ្យនាងទៅជាឈ្លើយទៀតឡើយ
ឱកូនស្រីស្រុកអេដុមអើយ
ព្រះអង្គនឹងធ្វើទោសចំពោះអំពើទុច្ចរិតរបស់នាង
ព្រះអង្គនឹងបើកអំពើបាបរបស់នាងឲ្យឃើញច្បាស់។
ទើបបានជ្រើសរើសហើយ៖
បរិទេវ 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies