បរិទេវ 5

5
ការទូល​អង្វរ​សូម​សេចក្ដី​មេត្តា‌ករុណា
1ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​នឹក​ចាំ​ពី​ការ​ដែល​កើត​ដល់​យើង​ខ្ញុំ​រាល់​គ្នា
សូម​ព្រះ‌អង្គ​ទត​មក​ការ​ដែល​គេ​ត្មះ‌ដៀល​យើង​ខ្ញុំ
2មត៌ក​របស់​យើង​ខ្ញុំ​ក្លាយ​ជា​របស់​អ្នក​ដទៃ
ឯ​ផ្ទះ​សំបែង​របស់​យើង​ខ្ញុំ
ក៏​ក្លាយ​ជា​របស់ជន​បរទេស។
3យើង​ខ្ញុំ​ជា​កូន​កំព្រា​ឪពុក
ម្តាយ​យើង​ខ្ញុំ​នៅ​មេម៉ាយ។
4យើង​ខ្ញុំត្រូវ​បង់​ប្រាក់​ដើម្បី​ផឹក​ទឹក​របស់​ខ្លួន
ហើយ​ឧស​របស់​យើង​ខ្ញុំ​ក៏​ត្រូវ​ទិញ​ដែរ។
5ពួក​គេ​ដេញ​តាម​ជិះ​ក​យើង​ខ្ញុំ
យើង​ខ្ញុំ​អស់​កម្លាំង ឥត​មាន​ពេល​សម្រាក​ឡើយ។
6យើង​ខ្ញុំ​បាន​ហុច​ដៃ​ទៅ​សុំ​ពួក​សាសន៍​អេស៊ីព្ទ
និង​ពួក​សាសន៍​អាស‌ស៊ើរ
ដើម្បីឲ្យ​បាន​អាហារ​បរិភោគ។
7បុព្វ‌បុរស​យើង​ខ្ញុំ​បាន​ធ្វើ​បាប
ហើយ​ក៏​វិនាស​អស់​ទៅ
ឯ​យើង​ខ្ញុំ​ក៏​ត្រូវ​រង​អំពើ​ទុច្ចរិត​របស់​គាត់​ដែរ។
8មាន​ពួក​អ្នក​បម្រើ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​ខ្ញុំ
ឥត​មាន​អ្នក​ណា​នឹង​ដោះ​យើង​ខ្ញុំ
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គេ​ឡើយ។
9យើង​ខ្ញុំ​រក​អាហារ​បាន
ដោយ​ប្រថុយ​ជីវិត​ចំពោះ​ដាវ​នៅ​ទី​រហោ‌ស្ថាន។
10ស្បែក​យើង​ខ្ញុំ​ក្តៅ​ដូច​ជា​ជើង​ក្រាន
ព្រោះ​តែ​ការ​អត់​ឃ្លាន
11គេ​បាន​ចាប់​កំហែងពួក​ស្រ្តី​នៅ​ក្រុង​ស៊ីយ៉ូន
និង​ពួក​ក្រមុំៗ​នៅ​តាម​ទី​ក្រុង​ក្នុង​ស្រុក​យូដា។
12ឯ​ពួក​ចៅ‌ហ្វាយ​ត្រូវ​គេ​ចង​ដៃ​ព្យួរ
គេ​មិន​ខ្លាច​ពួក​ចាស់​ទុំ​ទេ។
13ពួក​កំលោះៗ​បាន​ត្រូវ​សែង​ត្បាល់‌កិន
ហើយ​កូន​ក្មេង​ដើរ​ពាន់​ជើង​ទ្រេត​ទ្រោត
ក្រោម​បាច់​ឧស។
14លែង​មាន​ពួក​ចាស់​ទុំ​នៅ​ទ្វារ​ក្រុង
និង​ពួក​កំលោះៗ​លេង​ភ្លេង​ទៀត​ហើយ។
15យើង​ខ្ញុំ​លែង​មាន​អំណរ​ក្នុង​ចិត្ត
ហើយ​ការ​លោត​កញ្ឆេង​របស់​យើង​ខ្ញុំ
ត្រឡប់​ទៅ​ជា​ការ​សោយ‌សោក​វិញ
16មកុដ​បាន​ធ្លាក់​ចុះ​ពី​ក្បាល​យើង​ខ្ញុំ​ហើយ
វរ​ហើយ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប។
17ហេតុ​នេះ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ស្រយុត​ចុះ
ហើយ​ភ្នែក​យើង​ខ្ញុំ​ក៏​ត្រឡប់​ទៅ​ជា​ងងឹត
ដោយ​ព្រោះ​ការ​ទាំង​នេះ​ដែរ
18ដ្បិត​ភ្នំ​ស៊ីយ៉ូន​ត្រូវ​ចោល​ស្ងាត់
មាន​តែ​ឆ្កែ​ចចក​ដើរ​ប៉ុណ្ណោះ។
19ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​គង់​នៅ​អស់‌កល្ប​ជា‌និច្ច
បល្ល័ង្ក​របស់​ព្រះ‌អង្គ​ស្ថិត‌ស្ថេរ
នៅ​អស់​គ្រប់​ទាំងតំណមនុស្ស។
20ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ភ្លេច​យើង​ខ្ញុំ​រហូត?
ហេតុអ្វី​ព្រះ‌អង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ​យូរ​យ៉ាង​នេះ?
21ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នាំ​យើង​ខ្ញុំ​ឲ្យ​វិល​មក​វិញ
នោះ​យើង​ខ្ញុំ​នឹង​បែរ​មក​ហើយ
សូម​កែ​ជីវិត​របស់​យើង​ខ្ញុំ​ឡើង​វិញ ដូច​កាល​ពី​ដើម
22ឬ​ក៏​ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ
ហើយ​ព្រះ‌អង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​យ៉ាង​ខ្លាំង​ហើយ។:៚

ទើបបានជ្រើសរើសហើយ៖

បរិទេវ 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល