បរិទេវ 2

2
ការ​ព្រមាន​របស់​ព្រះបាន​សម្រេច
1ម្ដេច​បាន​ជា​ព្រះ‌អម្ចាស់​គ្រប​បាំង​កូន​ស្រី
នៃ​ក្រុង​ស៊ីយ៉ូន​ដោយ​ពពក
ក្នុង​កាល​ដែល​ព្រះ‌អង្គ​ខ្ញាល់!
ព្រះ​អង្គ​បាន​ទម្លាក់​លម្អ​របស់​អ៊ីស្រា‌អែល
ចុះ​ពី​ស្ថាន‌សួគ៌​មក​ដល់​ដី
ព្រះ‌អង្គ​មិន​នឹក​ចាំ​ពី​កំណល់​កល់​ព្រះ‌បាទ​របស់​ព្រះ‌អង្គ
នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ខ្ញាល់​នោះ​ទេ។
2ព្រះ‌អម្ចាស់​បាន​លេប​ទី​លំ‌នៅ​របស់​យ៉ាកុប​បាត់​អស់
ឥត​មាន​ប្រណី​ឡើយ
ក្នុង​គ្រា​ដែល​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ
ព្រះ‌អង្គ​បាន​រំលំ​ទី​មាំ‌មួនទាំងប៉ុន្មាន​របស់​កូន​ស្រី​យូដា
ព្រះ‌អង្គ​បាន​ពង្រាប​ទី​ទាំង​នោះ​ដល់​ដី
ទាំង​បន្ទាប‌បន្ថោក​ទាំង​នគរ និង​ពួក​ចៅ‌ហ្វាយ​ផង។
3នៅ​ពេល​ដែល​ព្រះ‌អង្គ​ខ្ញាល់
ព្រះ‌អង្គ​បាន​កាត់​ស្នែង​របស់​អ៊ីស្រា‌អែល
ក៏​ដក​ព្រះ‌ហស្ត​ស្តាំ​ចេញ​ពី​មុខ​ខ្មាំង​សត្រូវ
ហើយ​បាន​បញ្ឆេះ​ស្រុក​យ៉ាកុប
ដូច​ជា​ភ្លើងឆាប​ឆេះ​គ្រប់​ទិស​ទី
4ព្រះ‌អង្គ​យឹត​ធ្នូ​ដូច​ជា​ខ្មាំង​សត្រូវ
ព្រះ‌អង្គ​បាន​លើក​ព្រះ‌ហស្ត​ដូច​ជា​អ្នក​ត​តាំង
ក៏​បាន​ប្រហារ​ជីវិត​ទាំង​អស់​ដែល​គាប់​ភ្នែក
ឯ​នៅ​ក្នុង​ត្រសាល​នៃ​កូន​ស្រី​ស៊ីយ៉ូន
ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
ចេញដូច​ជា​ភ្លើង។
5ព្រះ‌អម្ចាស់​ត្រឡប់​ដូច​ជា​ខ្មាំង​សត្រូវ
ហើយ​បាន​លេប​អ៊ីស្រា‌អែល​បាត់​ទៅ
ព្រះ‌អង្គ​បាន​លេប​អស់​ទាំង​ដំណាក់​របស់​គេ
ហើយ​បំផ្លាញ​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន
ព្រម​ទាំង​ចម្រើន​ការ​សោក‌សៅ
និង​ការ​យំ​ទួញ​ក្នុងពួក​កូន​ស្រី​យូដា​ជា​ច្រើន​ឡើង។
6ព្រះ‌អង្គ​បាន​កន្ត្រាក់​យក​ព្រះ‌ពន្លា​របស់​ព្រះ‌អង្គ
ចេញ​ដោយ​កម្លាំង ទុក​ដូច​ជា​សួន‌ច្បារ
ក៏​បាន​បំផ្លាញ​កន្លែង​ប្រជុំ​របស់​ព្រះ‌អង្គ​ចោល
ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ពួក​ក្រុង​ស៊ីយ៉ូន​ភ្លេច​ពិធី​បុណ្យ
និង​ថ្ងៃ​សប្ប័ទ
ហើយ​ក្នុងសេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​ស្អប់​ខ្ពើម​ដល់​ស្តេច និង​សង្ឃ​ផង។
7ព្រះ‌អម្ចាស់​បាន​បោះ‌បង់​អាសនា​របស់​ព្រះ‌អង្គ​ចោល
ហើយ​បាន​ខ្ពើម​ឆ្អើម​ចំពោះ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ដែរ
ព្រះ‌អង្គ​បាន​ប្រគល់​កំផែង​ព្រះ‌រាជ‌វាំងទាំង​ប៉ុន្មាន
ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ
គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា
ដូច​នៅ​ថ្ងៃ​បុណ្យ​ហ៊ឹក‌ហ៊ាក់។
8ព្រះ‌យេហូវ៉ា​បាន​សម្រេច​នឹង​បំផ្លាញ​កំផែង
នៃ​កូន​ស្រី​ស៊ីយ៉ូន
ក៏​បាន​លាត​ខ្សែ​រង្វាស់​ហើយ
ឥត​ដក​ព្រះ‌ហស្ត​ចេញ​ពី​ការ​បំផ្លាញ​ឡើយ
ព្រះ‌អង្គ​បាន​បណ្ដាល​ឲ្យ​ទាំង​របង​សីមា
និង​កំផែង​ទួញ​ទំនួញ
និង​រោយ‌រៀវ​ជា‌មួយ​គ្នា
9ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ក្នុង​ដី
ព្រះ‌អង្គ​បាន​បំបាក់​រនុក​ផង។
ស្តេច និង​ពួក​ចៅ‌ហ្វាយ
គេ​នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន
ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ
ទាំង​ពួក​ហោរា​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង
ពី​ព្រះ‌យេហូវ៉ា​ទៀត​ដែរ។
10ពួក​ចាស់​ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន​អង្គុយ​នៅ​ដី
ឥត​មាន​មាត់​ក​អ្វី​ឡើយ
គេ​បាន​បាច​ធូលី​ដី​លើ​ក្បាល
ហើយ​ស្លៀក​សំពត់​ធ្មៃ។
ស្រី​ក្រមុំ​នៃ​ក្រុង​យេរូ‌សាឡិម
ដើរ​ឱន​មុខ​ទៅដី​យ៉ាង​អាម៉ាស់។
11ភ្នែក​របស់​ខ្ញុំ​ហូរ​រហាម
ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង
ដោយ​ព្រោះ​កូន​តូច​នឹង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ
ហើយ​ដោយ​ព្រោះ កូន​តូច​នឹង​កូន​ដែល​នៅ​បៅ
វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង។
12វា​សួរ​ដល់​ម្តាយ​ថា
«តើ​អង្ករ និង​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​ឯ​ណា?»
ក៏​វា​សន្លប់​ទៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង
ដូច​ជា​មនុស្ស​របួស វា​ដាច់​ខ្យល់​នៅ​លើ​ទ្រូង​ម្តាយ
13ឱ​កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​អើយ
តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​នាង​យ៉ាង​ណា?
តើ​នឹង​ធៀប​នាង​ដូច​ជា​អ្វី
ឱ​កូន​ស្រី​ក្រមុំ​នៃ​ស៊ីយ៉ូន​អើយ?
តើ​ខ្ញុំ​នឹង​ផ្ទឹម​នាង​នឹង​អ្វី
ដើម្បី​នឹង​កម្សាន្ត​ចិត្ត​នាង​បាន?
ដ្បិត​ការ​អន្ត‌រាយ​របស់​នាង​ធំ​ដូច​ជា​សមុទ្រ​ហើយ
តើ​អ្នក​ណា​នឹង​មើល​ឲ្យ​ជា​បាន?
14ពួក​ហោរា​របស់​នាង
បាន​ឃើញ​ការ​ជាក់​ស្តែង​ក្លែង​ក្លាយ
ហើយ​ផ្តេស‌ផ្តាស
គេ​មិន​បាន​បើក​ឲ្យ​ឃើញ​អំពើ​ទុច្ចរិត​របស់​នាង
ប្រ‌យោជន៍​នឹង​នាំ​ពួក​នាង
ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​បាន​មក​វិញ​ទេ
គឺ​គេ​បាន​ឃើញ​តែ​សេចក្ដី​កំភូត
និង​សេចក្ដី​ដែល​បណ្ដាល​ឲ្យ​ត្រូវ​និរទេស​វិញ​ប៉ុណ្ណោះ។
15អស់​អ្នក​ណា​ដែល​ដើរ​បង្ហួស
គេ​ទះ​ដៃ​ឡក​ឲ្យ​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស
ហើយ​គ្រវី​ក្បាល​ដល់​កូន​ស្រី​ក្រុង​យេរូ‌សាឡិម
ដោយ​ពាក្យ​ថា
«តើ​ទី​ក្រុង​នេះ​ឬ ដែល​មនុស្ស​ហៅ​ថា​ជា​ទី​ល្អ​បំផុត
ហើយ​ជា​ទី​រីក‌រាយ​ដល់​ផែនដី​ទាំង​ដុំ​មូល​នោះ?»
16ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​នាង
បានហា​មាត់​ធំ​ដាក់​នាង
គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​សង្កៀត​ធ្មេញ
ដោយ​ពាក្យ​ថា «យើង​បាន​លេប​វា​បាត់​ហើយ
ពិត​ប្រាកដ​ជា​ថ្ងៃ​នេះ​ហើយ
ជា​ថ្ងៃ​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ
ឥឡូវ​បាន​ប្រទះ បាន​ឃើញ​ហើយ!»។
17ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​ដែល​ព្រះ‌អង្គ​គិត​ធ្វើ
ព្រះ‌អង្គ​បាន​សម្រេច​តាម​ព្រះ‌បន្ទូល
ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ពី​ចាស់​បុរាណ
គឺ​ព្រះ‌អង្គ​បាន​រំលំ ឥត​ប្រណី
ហើយ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មាន​អំណរ​ពី​ដំណើរ​នាង
ព្រះ‌អង្គ​បាន​លើក​តម្កើង​ស្នែង​របស់​ពួក
ដែល​ត​តាំង​នឹង​នាង។
18ចិត្ត​របស់​គេ​បាន​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់
ឱ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​អើយ
ចូរ​ឲ្យ​មាន​ទឹក​ភ្នែក​ហូរ​សស្រាក់
ដូច​ជា​ទន្លេ​ទាំង​យប់​ទាំង​ថ្ងៃ​ចុះ
កុំ​ឲ្យ​ឈប់​សម្រាក​ឡើយ
កុំ​ឲ្យ​ប្រ‌ស្រី​ភ្នែក​របស់​នាង​ឈប់​ផ្អាក​ឲ្យ​សោះ។
19ចូរ​ក្រោក​ឡើង​ទាំង​យប់
ហើយ​ស្រែក​នៅ​ពេល​ដើម​យាម​ចុះ
ត្រូវ​ឲ្យ​ចាក់​ចិត្ត​នាង​ចេញ
ដូច​ជា​ទឹក​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់
ចូរ​ប្រទូល​ដៃ​ឡើង​ទៅ​ឯ​ព្រះ‌អង្គ
ដើម្បី​អង្វរ​ឲ្យ​បាន​ជីវិត​នៃ​ក្មេង​តូចៗ​របស់​នាង
ដែល​សន្លប់​ទៅ​ដោយ​ឃ្លាន
ត្រង់​គ្រប់​ទាំង​ក្បាល​ផ្លូវ ឲ្យ​បាន​គង់​នៅ​វិញ។
20ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​ពិចា‌រណា​មើល
ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​នេះ​ដល់​អ្នក​ណា
តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ​ស៊ី​កូន​ខ្លួន
គឺ​ជា​កូន​ដែល​ម្តាយ​បី​ក្រសោប​នៅ​ដៃ​ឬ​អី?
តើ​ពួក​សង្ឃ និង​ពួក​ហោរា​នឹង​ត្រូវ​គេ​សម្លាប់
នៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ឬ?
21ទាំង​ពួក​ជំទង់ និង​ពួក​ចាស់ៗ
សុទ្ធ​តែ​ដេក​នៅ​តាម​ផ្លូវ
ឯ​ពួក​ក្រមុំ និង​ពួក​កំលោះៗ​របស់​ខ្ញុំ​ម្ចាស់
គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ
ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត​គេ ក្នុង​ថ្ងៃ​ដែល​ព្រះ‌អង្គ​ខ្ញាល់
ព្រះ‌អង្គ​បាន​កាប់​សម្លាប់​គេ ឥត​ប្រណី​ឡើយ។
22ព្រះ‌អង្គ​បាន​ហៅ​ប្រមូល ដូច​ជា​នៅ​ថ្ងៃ​បុណ្យ
ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ខ្ញុំ​ម្ចាស់​នៅ​គ្រប់​ជុំ​វិញ
គ្មាន​អ្នក​ណា​រត់​រួច ឬ​សល់​នៅ
ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ឡើយ
ពួក​កូន​ដែល​ខ្ញុំ​ម្ចាស់​បាន​បី​ក្រសោប​នៅ​ដៃ
ហើយ​បាន​បី​បាច់​ចិញ្ចឹម​មក
នោះ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ម្ចាស់
បាន​សម្លាប់​អស់​ហើយ។

ទើបបានជ្រើសរើសហើយ៖

បរិទេវ 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល