បរិទេវ 1
1
ទីក្រុងដែលប្ដីបោះបង់ចោល
1ទីក្រុងដែលធ្លាប់មាន
មនុស្សច្រើនកុះករ
ម្ដេចឥឡូវបែរជានៅឯកោ
ដូចជាស្ត្រីមេម៉ាយទៅវិញ
ពីដើមជាបុត្រីនៅកណ្ដាលខេត្តទាំងប៉ុន្មាន
តែឥឡូវនេះ ទៅចំណុះគេវិញ។
2នាងយំអណ្តឺតអណ្តកនៅពេលយប់
ទឹកភ្នែករហាមនៅលើថ្ពាល់ផង
ក្នុងពួកអ្នកដែលស្រឡាញ់នាង
នោះឥតមានអ្នកណាជួយដោះទុក្ខឡើយ
ពួកមិត្តសម្លាញ់ទាំងអស់បានក្បត់នាងហើយ
គេត្រឡប់ជាខ្មាំងសត្រូវវិញ។
3ពួកយូដាបានទៅជាឈ្លើយហើយ
ក៏ត្រូវរងទុក្ខ ហើយបម្រើយ៉ាងធ្ងន់
នាងអាស្រ័យនៅកណ្ដាលអស់ទាំងសាសន៍
ឥតបានសម្រាកឡើយ
ពួកអ្នកបៀតបៀននាងបានតាមនាងទាន់
នៅច្រកចង្អៀត។
4ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនយំទួញ
ដ្បិតគ្មានអ្នកណាមកចូលរួមពិធីបុណ្យសោះ
ទ្វារទីក្រុងទាំងប៉ុន្មាននៅស្ងាត់ច្រៀប
ហើយពួកសង្ឃក៏ថ្ងូរ
ពួកក្រមុំៗមានទុក្ខក្រៀមក្រំ
ហើយទីក្រុងទាំងមូលមានពេញដោយភាពជូរចត់។
5ពួកអ្នកដែលតតាំងនឹងនាងបានឡើងជាកំពូល
ពួកខ្មាំងសត្រូវមានសេចក្ដីចម្រើន
ដ្បិតព្រះយេហូវ៉ាបានធ្វើទុក្ខនាង
ដោយព្រោះអំពើរំលងដ៏បរិបូរ
ពួកក្មេងៗត្រូវបំបរទៅជាឈ្លើយ
នៅមុខពួកដែលតតាំង។
6សម្រស់កូនស្រីក្រុងស៊ីយ៉ូនបានបាត់បង់អស់ហើយ
ពួកចៅហ្វាយរបស់នាងបានត្រឡប់ដូចជាប្រើស
ដែលរកស្មៅមិនបាន
ហើយគេរត់ពីមុខអ្នកដែលដេញតាម
ដោយល្វើយកម្លាំង។
7នៅគ្រារងទុក្ខវេទនា ហើយលំបាក
ក្រុងយេរូសាឡិមនឹកចាំពីសេចក្ដីល្អទាំងប៉ុន្មាន
ដែលធ្លាប់មានកាលពីដើម
ក្នុងគ្រាដែលជនទាំងឡាយបានធ្លាក់
ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ
ឥតមានអ្នកណាជួយសោះ
នោះពួកខ្មាំងសត្រូវបានឃើញនាង
ហើយបានចំអកឲ្យពីដំណើរដែលនាង
ឈប់ផ្អាកនៅ
8ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់
ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក
អស់អ្នកដែលធ្លាប់លើកមុខនាង
ឥឡូវគេមើលងាយវិញ
ពីព្រោះគេបានឃើញកេរខ្មាសនាងហើយ
នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ
9សេចក្ដីស្មោកគ្រោករបស់នាងនៅត្រង់ជាយសំពត់
នាងមិននឹកពីចុងបំផុតរបស់ខ្លួនសោះ
ហេតុនោះបានជានាងត្រូវចុះមកយ៉ាងអស្ចារ្យ
ឥតមានអ្នកណានឹងជួយដោះទុក្ខឡើយ
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទតសេចក្ដីវេទនា
របស់ខ្ញុំម្ចាស់ចុះ
ដ្បិតខ្មាំងសត្រូវមានសេចក្ដីឆ្មើងឆ្មៃ
10ពួកសង្កត់សង្កិនបានលូកដៃមកលើរបស់ទាំងប៉ុន្មាន
ដែលគាប់ចិត្តនាង
នាងបានឃើញសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធ
របស់នាង
ជាពួកមនុស្សដែលព្រះអង្គបានផ្តាំទុក
មិនឲ្យគេចូលទៅក្នុងជំនុំរបស់ព្រះអង្គឡើយ
11បណ្ដាជនរបស់នាងកំពុងតែថ្ងូរ
គេរកអាហារ គេបានឲ្យរបស់
ដែលគាប់ចិត្តខ្លួនទាំងប៉ុន្មាន ប្ដូរនឹងអាហារ
សម្រាប់ចម្រើនកម្លាំងឡើងវិញ
ឱព្រះយេហូវ៉ាអើយ សូមទតមើល
ដ្បិតខ្ញុំម្ចាស់បានត្រឡប់ជាទាបថោកហើយ។
12ឱអ្នករាល់គ្នាដែលដើរបង្ហួសអើយ
តើមិនអំពល់ដល់អ្នករាល់គ្នាទេឬ?
សូមពិចារណាមើល បើមានសេចក្ដីទុក្ខព្រួយណា
ដូចយ៉ាងសេចក្ដីទុក្ខព្រួយរបស់ខ្ញុំនេះ
ដែលព្រះយេហូវ៉ាបាននាំមកធ្វើទុក្ខដល់ខ្ញុំ
នៅថ្ងៃនៃសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។
13ព្រះអង្គបានចាត់ភ្លើងឲ្យមកពីស្ថានដ៏ខ្ពស់
ចូលក្នុងឆ្អឹងខ្ញុំ ភ្លើងនោះក៏ឈ្នះផង
ព្រះអង្គបានដាក់មងសម្រាប់ចាប់ជើងខ្ញុំ
ព្រះអង្គបានបង្វែរខ្ញុំឲ្យថយទៅក្រោយ
ក៏បានធ្វើឲ្យខ្ញុំនៅស្ងាត់ ហើយល្វើយជានិច្ច
14ឯនឹមនៃអំពើរំលងរបស់ខ្ញុំ
នោះគឺព្រះហស្តរបស់ព្រះអង្គបានចងជាប់ហើយ
ឯអំពើទាំងនោះបានជំពាក់ជាប់គ្នា
មកពាក់លើកខ្ញុំ
ព្រះអង្គបានឲ្យកម្លាំងខ្ញុំស្បើយទៅ
ព្រះអម្ចាស់បានប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃគេ
ជាពួកអ្នកដែលខ្ញុំពុំអាចនឹងទទឹងទាស់បានឡើយ
15ព្រះអម្ចាស់បានមើលងាយពួកមនុស្សខ្លាំងពូកែ
នៅកណ្ដាលខ្ញុំហើយ
ព្រះអង្គបានប្រជុំជំនុំមុតមាំទាស់នឹងខ្ញុំ
ដើម្បីនឹងកិនពួកកំលោះៗរបស់ខ្ញុំឲ្យខ្ទេចខ្ទី
ព្រះអម្ចាស់បានជាន់នាងក្រមុំស្រុកយូដា
ដូចជាជាន់ធុងទំពាំងបាយជូរ
16ព្រោះហេតុការណ៍ទាំងនេះបានជាខ្ញុំយំ
ទឹកភ្នែកខ្ញុំហូរសស្រាក់
ដោយព្រោះអ្នកកម្សាន្តចិត្ត
ដែលគួរមកលំហើយព្រលឹងខ្ញុំ
គេនៅឆ្ងាយពីខ្ញុំវិញ
កូនចៅខ្ញុំត្រូវចោលស្ងាត់
ដោយព្រោះពួកខ្មាំងសត្រូវបានឈ្នះហើយ។
17ក្រុងស៊ីយ៉ូនលូកដៃទៅ
តែគ្មានអ្នកណានឹងជួយដោះទុក្ខសោះ
ព្រះយេហូវ៉ាបានបង្គាប់ពីដំណើរយ៉ាកុបថា
ត្រូវឲ្យពួកអ្នកដែលនៅជុំវិញ
ធ្វើជាខ្មាំងសត្រូវនឹងគាត់
ក្រុងយេរូសាឡិមនៅកណ្ដាលគេ
ទុកដូចជារបស់ស្មោកគ្រោក
18ព្រះយេហូវ៉ាសុចរិតទេ
ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តិព្រះអង្គ
ឱសាសន៍ទាំងឡាយអើយ សូមស្តាប់
ហើយ ពិចារណាមើលសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ
ពួកក្រមុំៗ និងពួកកំលោះៗរបស់ខ្ញុំ
គេបានទៅជាឈ្លើយអស់ហើយ
19ខ្ញុំបានហៅពួកអ្នកដែលធ្លាប់ស្រឡាញ់ខ្ញុំ
តែគេបានបញ្ឆោតខ្ញុំវិញ
ពួកសង្ឃ និងពួកចាស់ទុំរបស់ខ្ញុំ
បានរលត់ទៅនៅក្នុងទីក្រុង
កំពុងដែលគេរកអាហារសម្រាប់ចម្រើនកម្លាំងខ្លួន។
20ឱព្រះយេហូវ៉ាអើយ សូមទតមើល
ដ្បិតខ្ញុំម្ចាស់ មានសេចក្ដីវេទនា
ចិត្តខ្ញុំម្ចាស់ទុរន់ទុរា
ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន
ពីព្រោះខ្ញុំម្ចាស់បានបះបោរជាខ្លាំងហើយ
នៅខាងក្រៅដាវបង្អត់បង់
ហើយនៅឯផ្ទះក៏មានដូចជាសេចក្ដីស្លាប់ដែរ
21គេបានឮថា ខ្ញុំម្ចាស់ថ្ងូរ
តែគ្មានអ្នកណានឹងជួយដោះទុក្ខខ្ញុំម្ចាស់ទេ
ពួកខ្មាំងសត្រូវទាំងប៉ុន្មាន
បានឮដំណឹងពីសេចក្ដីលំបាករបស់ខ្ញុំម្ចាស់
ហើយ គេសប្បាយចិត្ត
ដោយព្រោះព្រះអង្គបានធ្វើយ៉ាងនេះ
ព្រះអង្គនឹងឲ្យថ្ងៃ ដែលព្រះអង្គបានប្រកាសប្រាប់នោះ
បានមកដល់
នោះគេនឹងបានដូចជាខ្ញុំម្ចាស់វិញ។
22សូមឲ្យគ្រប់ទាំងអំពើទុច្ចរិតរបស់គេ
បានលេចមក នៅចំពោះព្រះអង្គ
ហើយសូមព្រះអង្គធ្វើដល់គេ
ដូចជាព្រះអង្គបានធ្វើដល់ខ្ញុំម្ចាស់
ដោយព្រោះអស់ទាំងអំពើរំលងរបស់ខ្ញុំម្ចាស់ដែរ
ដ្បិតខ្ញុំម្ចាស់ថ្ងូរជាច្រើន
ហើយចិត្តខ្ញុំម្ចាស់ក៏ល្វើយផង។
ទើបបានជ្រើសរើសហើយ៖
បរិទេវ 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies