យ៉ូអែល ពាក្យ​លំនាំ

ពាក្យ​លំនាំ
ទោះ​បី​យើង​ពុំ​ដឹង​ថា ហោរា​យ៉ូ‌អែល​ជា​នរណា ហើយ​ក៏​ពុំ​ដឹង​ពិត​ប្រាកដ​ថា​លោក​រស់​នៅ​ជំនាន់​ណា​ក្ដី ក៏​ខ្លឹមសារ​នៃ​សេចក្ដី​ដែល​លោក​ថ្លែង ប្រកប​ដោយ​ថាម‌ពល​វិសេស។ គោល​ដ៏​សំខាន់​នៃ​សេចក្ដី​ដែល​មាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ​នេះ គឺ​ការ​ប្រកាស​អំពី​ថ្ងៃ​ដែល​ព្រះ​យាង​មក​សម្តែង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ដោយ​វិនិច្ឆ័យ​ទោស​ជាតិ​សាសន៍​នានា និង​វិនិច្ឆ័យ​ទោស​ជន‌ជាតិ​អ៊ីស្រា‌អែល​តាម​គោល​ជំហរ​ដែល​ពួក​គេ​ប្រកាន់​យក នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។ មុន​ពេល​ព្រះ​យាង​មក​វិនិច្ឆ័យ​ទោស មាន​កើត​អព្ភូត‌ហេតុ​អស្ចារ្យ​ផ្សេងៗ និង​មហន្ត‌រាយ។ ការ​រាត‌ត្បាត​របស់​សត្វ​ល្អិត ការ​រាំង​ស្ងួត អគ្គី‌ភ័យ និង​ការ​ឈ្លាន‌ពាន​របស់​កង‌ទ័ព​បច្ចា‌មិត្ត ជា​សញ្ញា​សម្គាល់​នៃ​ថ្ងៃ​របស់​ព្រះ (១.២-១២, ១៥-១៨, ២.១-១១)។
ហោរា​ប្រកាស​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាត់​បង់​អ្វីៗ​ទាំង​អស់​ឲ្យ​វិល​មក​រក​ព្រះ​វិញ (១.១៣-១៤, ១៩-២០, ២.១២-១៧) ដើម្បី​ទទួល​ការ​សង្គ្រោះ។ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះ‌អង្គ​នោះ ព្រះ‌អង្គ​សន្យា​នឹង​ប្រទាន​ភាព​សម្បូណ៌‌សប្បាយ​ដល់​ពួក​គេ (២.១៨-២៧, ៣.១-៥, ៤.១៧-២១) បើ​មិន​ដូច្នោះ​ទេ ពួក​គេ​ត្រូវ​ខ្វះ​ខាត ហើយ​រង​នូវ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ទៀត​ផង។
ប្រជា‌ជាតិ​នានា​នឹង​ត្រូវ​វិនាស​សូន្យ (៤.១-១៦) រីឯ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​វិញ នឹង​យល់​ថា វត្ត‌មាន​របស់​ព្រះ​ក្នុង​ចំណោម​ពួក​គេ នាំ​មក​នូវ​ព្រះ‌ពរ​យ៉ាង​ណា​ខ្លះ។ កណ្ឌ​គម្ពីរ​យ៉ូ‌អែល​ប្រកាស​ទៀត​ថា ថ្ងៃ​មួយ ព្រះ‌ជាម្ចាស់​នឹង​គង់​ជា​មួយ​មនុស្ស​គ្រប់ៗ​រូប ដោយ​ព្រះ‌អង្គ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​ទៅ​លើ​ពួក​គេ (៣.១-២)។ គ្រិស្ដ‌បរិស័ទ​នៅ​បឋម​សម័យ បាន​ទទួល​ព្រះ‌បន្ទូល​សន្យា​នេះ នៅ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប (កិច្ច‌ការ ២.១-២១)។

ទើបបានជ្រើសរើសហើយ៖

យ៉ូអែល ពាក្យ​លំនាំ: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល