យ៉ូអែល 1

1
1នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​យ៉ូអែល ជា​កូន​ពេធូ‌អែល។
ការ​ទួញ​សោក​នឹង​ការ​ដែល​ស្រុក​ទេស​វិនាស​ហិន‌ហោច
2ឱ​ពួក​ចាស់​ព្រឹទ្ធា‌ចារ្យ​ទាំង‌ឡាយ​អើយ
ចូរ​ស្តាប់សេចក្ដី​នេះ
ឱ​ពួក​អ្នក​ស្រុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់!
តើ​ហេតុ‌ការណ៍​បែប​នេះ​ដែល​កើត​មាន
ក្នុង​គ្រា​របស់​អ្នក​រាល់​គ្នា
ឬ​ក្នុង​ជំនាន់​ដូន​តា​អ្នក​រាល់​គ្នា​ឬ?
3ចូរ​ប្រាប់​ហេតុ‌ការណ៍​នេះ​ដល់​កូន​របស់​អ្នក​រាល់​គ្នា
ហើយ​ឲ្យ​កូន​របស់​អ្នក​រាល់​គ្នា ប្រាប់​ដល់​ចៅ
រួច​ឲ្យ​ចៅ​ប្រាប់​ដល់​ជំនាន់​ក្រោយៗ​ត​ទៅ​ទៀត។
4អ្វី​ៗ​ដែល​នៅ​សល់​ពី​ក្រា នោះ​កណ្តូប​បាន​ស៊ី
អ្វី​ៗ​ដែល​សល់​ពី​កណ្តូប នោះ​ចង្រិត​បាន​កាត់
រួច​អ្វីៗ​ដែល​សល់​ពី​ចង្រិត នោះ​ដង្កូវ​បាន​ស៊ី​ទៅ។
5ម្នាល​ពួក​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​យំ​ទៅ
ឱ​ពួក​អ្នក​ដែល​ធ្លាប់​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​អើយ
ចូរ​ទ្រហោ​យំ
ព្រោះ​តែ​ស្រា​ទំពាំង​បាយ​ជូរ​ផ្អែម​នោះ​ទៅ
ដ្បិត​ស្រា​ទំពាំង​បាយ​ជូរ​ផ្អែម
ត្រូវ​ដាច់​ពី​មាត់​អ្នក​រាល់​គ្នា​ហើយ។
6ដ្បិត​សាសន៍​មួយ​បាន​ឡើង​មក
ទាស់​នឹង​ស្រុក​របស់​យើង
ជា​សាសន៍​ខ្លាំង​ពូកែ
ហើយ​មាន​ច្រើន​ឥត​គណនា
វា​មាន​ធ្មេញ​ដូច​ធ្មេញ​សិង្ហ
ក៏​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។
7វា​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​របស់​យើង
ក៏​បាន​ស៊ី​កម្ទេច​ដើម​ល្វា​របស់​យើង
វា​ហែក​សម្បក ហើយ​គ្រវែង​ចោល
វា​ធ្វើ​ឲ្យ​មែក​ទាំង​អស់​ប្រែ​ទៅ​ជា​ស។
8ចូរ​ទួញ​សោក
ដូច​ស្រី​ក្រមុំ​ដែល​ស្លៀក‌ពាក់​សំពត់​ធ្មៃ
យំ​កាន់​ទុក្ខ​នឹង​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។
9ឯ​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច
នោះ​បាន​ផ្តាច់​ចេញ​ពី​ព្រះ‌វិហារ
របស់​ព្រះ‌យេហូវ៉ា​ហើយ
ពួក​សង្ឃ​ដែល​បម្រើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា
គេនាំ​គ្នា​យំ​សោក។
10ស្រែ​ចម្ការ​ត្រូវ​ខូច‌បង់
ហើយ​ស្រុក​កំពុង​សោយ‌សោក
ដ្បិត​ស្រូវ​ត្រូវ​បំផ្លាញ​ហើយ
ហើយ​ស្រា​ទំពាំង‌បាយ​ជូរ​ថ្មី​ក៏​រីង​ហួត
ឯ​ប្រេង​ក៏​ខះ​ទៅដែរ។
11ឱ​ពួក​អ្នក​ធ្វើ​ស្រែ​ចម្ការ​អើយ ចូរ​ស្រ​ងាក​ចិត្ត​ទៅ
ឱ​ពួក​អ្នក​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ​អើយ
ចូរ​ទ្រហោ​យំ​ចុះ
ដោយ​ព្រោះ​ស្រូវ​សាលី និង​ស្រូវ​ឱក
ដ្បិត​ចម្រូត​នៅ​ស្រែ​ចម្ការ​ខូច​អស់​ហើយ។
12ដើម​ទំពាំង‌បាយ‌ជូរ​ស្វិត​ក្រៀម
ដើម​ល្វា​រោយ‌រៀវ
ដើម​ទទឹម ដើម​លម៉ើ និង​ដើម​សារី
គឺ​អស់​ទាំង​ដើម​ឈើ​នៅ​ចម្ការ ក៏​ស្វិត​ក្រៀម​ទៅ
អើ អំណរ​ក៏​ស្ងួត​ពី​មនុស្ស​លោក​ដែរ។
ការ​ហៅ​ឲ្យ​ប្រែ​ចិត្ត ហើយ​អធិស្ឋាន
13ឱ​ពួក​សង្ឃ​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ
ហើយ​ទួញ​យំ​ទៅ
ឱ​ពួក​អ្នក​ដែល​បម្រើ​ការ‌ងារនៅ​អាសនា​អើយ
ចូរ​ទ្រហោរ​យំ​ទៅ
ឱ​ពួក​អ្នក​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​ចូល​មក
ចូរ​ដេក​ឃ្លុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​ពេញ​មួយ​យប់ទៅ
ដ្បិត​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច
ត្រូវ​ដក​ហូត​ចេញ​ពី​ព្រះ‌ដំណាក់
នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។
14ចូរ​ញែក​ពិធី​តម​អាហារ​ឲ្យ​បាន​បរិសុទ្ធ
ចូរ​ប្រកាស​ឲ្យ​មាន​ការ​ប្រជុំ​យ៉ាង​ឱឡារិក
ត្រូវ​ប្រមូល​ពួក​ចាស់ទុំ និង​ពួក​អ្នក​ស្រុក​ទាំង​អស់
ឲ្យ​មក​ឯ​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ហើយ​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា​ទៅ។
15វរ​ហើយ​ថ្ងៃ​នោះ
ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​មក​ដល់​ហើយ
ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ជា​ការ​បំផ្លាញ
មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ។
16តើ​អាហារ​មិន​បាន​រលាយ​បាត់​ពី​ភ្នែក​របស់​យើង
ហើយ​អំណរ និង​ការ​សប្បាយ​រីក‌រាយ
ពី​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង
ក៏​លែង​មាន​ទៀត​ទេ​ឬ?
17គ្រាប់​ពូជ​ពង្រោះ​រលួយ​អស់​នៅ​ក្នុង​ដី ឃ្លាំង​នៅ​ទទេ
ហើយ​ជង្រុក​ស្រូវ​ក៏​រលំ​អស់
ព្រោះ​ស្រូវ​ស្វិត​ក្រៀម​អស់​ហើយ។
18អើ​ហ្ន៎ សត្វ​ទាំង​ប៉ុន្មាន​ស្រែក​យំ
ហ្វូង​គោ​ស្រឡាំង‌កាំង
ដ្បិត​គ្មាន​ស្មៅ​ស៊ី​សោះ
ទាំង​ហ្វូង​ចៀម​ក៏​ត្រូវ​រីង​រៃ​ដែរ។
19ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ទូល​អង្វរ​ព្រះ‌អង្គ
ដ្បិត​ភ្លើង​បាន​ឆេះ​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន
ហើយ​អណ្ដាត​ភ្លើង​បាន​ឆេះ
អស់​ទាំង​ដើម​ឈើ​នៅ​វាល​ដែរ។
20សូម្បី​តែ​សត្វ​នៅ​ដី​ទាំង​ប៉ុន្មាន
ក៏​ដង្ហក់​រក​ព្រះ‌អង្គ​ដែរ
ព្រោះ​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ទៅ
ហើយ​ភ្លើង​ក៏​បាន​ឆេះ​វាល​ស្មៅ
នៅ​ទី​រហោ‌ស្ថាន​អស់​ដែរ។

ទើបបានជ្រើសរើសហើយ៖

យ៉ូអែល 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល