យ៉ូប 5

5
លោក​យ៉ូប​ត្រូវ​ព្រះ​កែតម្រង់
1ចូរ​អំពាវ‌នាវ​ឥឡូវ​ចុះ
តើ​មាន​អ្នក​ណា​នឹង​ឆ្លើយ​មក​លោក?
តើ​អ្នក​នឹង​បែរ​ទៅ​រក​តួ​បរិសុទ្ធ​ណា​ទៀត?
2គឺ​ជា​សេចក្ដី​មួម៉ៅ
ដែល​ប្រហារ​មនុស្ស​ឥត​បើ​គិត
ហើយ​សេចក្ដី​ច្រណែន
ក៏​សម្លាប់​មនុស្ស​ឆោត​ខ្លៅ
3ខ្ញុំ​បាន​ឃើញ​មនុស្ស​ឥត​បើ​គិត​ចាក់​ឫស​ចុះ
តែ​ខ្ញុំ​បាន​ប្រទេច​ផ្ដាសា​ដល់​ទី​លំនៅ​គេ​ភ្លាម។
4កូន​ចៅ​របស់​គេ​នៅ​ឆ្ងាយ​ពី​សេចក្ដី​សង្គ្រោះ
ពួក​គេ​ត្រូវ​ជាន់​ឈ្លី​នៅ​ត្រង់​ទ្វារ​ក្រុង
ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឡើយ។
5ឯ​ផល​ចម្រូត​របស់​គេ
ពួក​អត់​ឃ្លាន​ស៊ី​អស់​រលីង​ទៅ
ពួក​នោះ​ច្រូត​យក
ទាល់​តែ​ដល់​ក្នុង​គុម្ព​បន្លា​ផង
ហើយ​មនុស្ស​ទាល់​ក្រ​លេប​ទ្រព្យ‌សម្បត្តិ​គេ​ទៅ។
6ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​មិន​កើត​ពី​ធូលី​ទេ
ហើយ​សេចក្ដី​វេទនា​ក៏​មិន​ដុះ​ចេញ​ពី​ដី​ដែរ
7មនុស្ស​កើត​មក​តែង​មាន​សេចក្ដី​វេទនា
ដូច​ជា​ផ្កា​ភ្លើង ដែល​ហើរ​ទៅ​លើ។
8ប្រសិន‌បើ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ស្វែង​រក​ព្រះ
ខ្ញុំ​នឹង​ស្នើ​ប្រគល់​រឿង​ខ្ញុំ​ដល់​ព្រះ។
9ដែល​ព្រះ‌អង្គ​ធ្វើ​ការ​យ៉ាង​ធំ រក​គិត​មិន​យល់
ជា​ការ​យ៉ាង​អស្ចារ្យ​ឥត​គណនា។
10ព្រះ‌អង្គ​បង្អុរ​ភ្លៀង​មក​លើ​ផែនដី
ហើយ​ឲ្យ​ទឹក​ហូរ​មក​ក្នុង​ស្រែ
11ដើម្បី​នឹង​លើក​មនុស្ស​ទាប​ថោក​ដាក់​នៅ​ទី​ខ្ពស់​វិញ
ហើយ​តម្កើង​មនុស្ស​ដែល​ក្រំ​ក្នុង​ចិត្ត​ឲ្យ​បាន​សុខ។
12ព្រះ‌អង្គ​រំលាយ​ផែនការ​របស់​មនុស្ស​មាន​ល្បិច
មិន​ឲ្យ​សម្រេច​ការ​ដែល​គេ​ផ្តើម​ធ្វើ​នោះ​ឡើយ។
13ព្រះ‌អង្គ​ចាប់​មនុស្ស​ឆ្លៀវ‌ឆ្លាត ដោយ​ឧបាយ​របស់​ខ្លួន​គេ
ហើយ​ក៏​បង្ខូច​ដំបូន្មាន​កោង​របស់​មនុស្ស​វាង​វៃ។
14អ្នក​ទាំង​នោះ​ប្រទះ​នឹង​សេចក្ដី​ងងឹត​នៅ​វេលា​ថ្ងៃ
ហើយ​គេ​ដើរ​ស្ទាបៗ​នៅ​ពេល​ថ្ងៃ​ត្រង់
ដូច​ជា​នៅ​ពេល​យប់។
15ប៉ុន្តែ ព្រះ‌អង្គ​ជួយ​ឲ្យ​រួច​ពី​ដាវ​នៃ​មាត់​គេ
គឺ​ជា​មនុស្ស​កម្សត់​ទុគ៌ត
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​មនុស្ស​ខ្លាំង​ពូកែ។
16យ៉ាង​នោះ​មនុស្ស​ក្រ‌ខ្សត់​មាន​ទី​សង្ឃឹម
ហើយ​អំពើ​ទុច្ចរិត​ត្រូវ​បិទ​មាត់​ទៅ។
17មើល៍! សប្បាយ​ហើយ​អ្នក​ណា
ដែល​ព្រះ​បាន​កែ​ឡើង
ដូច្នេះ កុំ​ឲ្យ​មើល​ងាយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល
របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ឡើយ។
18ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​របួស រួច​ក៏​រុំ​ឲ្យ
ព្រះ‌អង្គ​វាយ​កម្ទេច ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
ក៏​មើល​ឲ្យ​ជា​ឡើង​វិញ។
19ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​អ្នក​រួច
ពី​សេចក្ដី​វេទនា​ប្រាំមួយ​មុខ
អើ ដល់​គម្រប់​ប្រាំពីរ​ផង នោះ​សេចក្ដី​អាក្រក់
នឹង​មិន​មក​ពាល់​ប៉ះ​អ្នក​ឡើយ។
20នៅ​គ្រា​គ្រោះអំណត់ ព្រះ‌អង្គ​នឹង​លោះ​អ្នក
ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់
ហើយ​នៅ​គ្រា​សឹក​សង្គ្រាម
ឲ្យ​រួច​ពី​អំណាច​ដាវ​ផង។
21អ្នក​នឹង​បាន​លាក់​កំបាំង​ពី​រំពាត់​នៃ​អណ្ដាត​គេ
ហើយ​កាល​គ្រោះ​ថ្នាក់​មក​ដល់
នោះ​អ្នក​មិន​ត្រូវ​ខ្លាច​ឡើយ។
22អ្នក​នឹង​សើច​ឡក​ដល់​គ្រោះ​ថ្នាក់ និង​គ្រា​អំណត់
ហើយ​មិន​ខ្លាច​សត្វ​កំណាច​នៅ​ផែនដី​ផង។
23ដ្បិត​អ្នក និង​ថ្ម​នៅ​ស្រែ នឹង​បាន​ជា​មិត្ត​នឹង​គ្នា
ហើយ​ទាំង​សត្វ​ព្រៃ​នឹង​នៅ​ជា​មេត្រី​នឹង​អ្នក​ដែរ។
24អ្នក​នឹង​បាន​ទុក​ចិត្ត​ថា
លំនៅ​របស់​អ្នក​នឹង​មាន​សេចក្ដី​សុខ
កាល​អ្នក​ចេញ​ទៅ​មើល​ក្រោល​សត្វ​របស់​អ្នក
នោះ​នឹង​ឃើញ​ថា​មិន​ខ្វះ​ខាត​អ្វី​ឡើយ។
25អ្នក​នឹង​ឃើញ​ពូជ​ពង្ស​អ្នក​ចម្រើន​ជា​ច្រើន​ឡើង
ហើយ​កូន​ចៅ​អ្នក​បាន​គ្នា​ច្រើន
ដូច​ជា​ស្មៅ​នៅ​ផែនដី
26លុះ​អ្នក​មាន​អាយុ​គ្រប់​គ្រាន់​ហើយ
ទើប​នឹង​មរណ‌ភាព​ទៅ
ឧបមា​ដូច​ជា​កណ្ដាប់​ស្រូវ
ដែល​គេ​យក​ចូល​មក​ត្រូវ​រដូវ​កាល។
27នេះ​ហើយ ជា​សេចក្ដី​ដែល​យើង​បាន​ស្ទង់
មើលឲ្យ​ដឹង​ហើយ ក៏​ឃើញ​យ៉ាង​នោះ​ពិត​មែន
ដូច្នេះ ចូរ​អ្នក​ស្តាប់​យក​ចុះ ហើយ​ទទួល
សម្រាប់​ជា​ប្រយោជន៍​ដល់​ខ្លួន​ផង»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល