យ៉ូប 40

40
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូលទៅ​កាន់
លោក​យ៉ូប​ទៀត​ថា៖
2«ឯង​ដែល​ប្រកាន់​ទោស​ដូច្នេះ
តើ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
រាង​ចាល​ឬ?
ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ
ចូរ​ឆ្លើយ​មក​ចុះ»។
លោក​យ៉ូប​ឆ្លើយ​តបនឹង​ព្រះ
3លោក​យ៉ូប​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា៖
4«មើល៍! ទូល‌បង្គំ​ថោក​ទាប​ណាស់
តើ​នឹង​ទូល​ដល់​ព្រះ‌អង្គ​ដូច​ម្តេច​បាន?
ទូល‌បង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ។
5ទូល‌បង្គំ​បាន​និយាយ​ម្តង​ហើយ
ឥឡូវ​មិន​ឆ្លើយ​ទៀត​ឡើយ
បាន​និយាយ​ពីរ​ដង​ផង
តែ​លែង​ពោល​អ្វី​ទៀត​ហើយ»។
ព្រះ​រក​រឿង​លោក​យ៉ូប
6ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ខ្យល់​កួច
តប​ដល់​លោក​យ៉ូប​ថា៖
7«ចូរ​ក្រវាត់​ចង្កេះ​ឯង
ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ
ដ្បិត​យើង​នឹង​សួរ​ឯង
ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​យើង។
8តើ​ឯង​ចង់​លុប‌លាង
ទាំង​សេចក្ដី​វិនិច្ឆ័យ​របស់​យើង​ឬ?
តើ​ឯង​នឹង​កាត់​ទោស​យើង
ឲ្យ​តែ​ឯង​បាន​សុចរិត​ឬ?
9តើ​ឯង​មាន​ដៃ​ដូច​ព្រះ​ដែរ​ឬ?
តើ​ឯង​ចេះ​បញ្ចេញ​សំឡេង
ជា​ផ្គរ​ដូច​ជា​ព្រះ‌អង្គ​បាន​ឬ​ទេ?
10ចូរ​ឯង​តែង​ខ្លួន ដោយ​សេចក្ដី​រុងរឿង
និង​សេចក្ដី​ខ្ពង់‌ខ្ពស់​ឥឡូវ
ចូរ​ប្រដាប់​ខ្លួន​ដោយ​កិត្តិ‌យស និង​សិរី‌ល្អ​ចុះ។
11ចូរ​ឲ្យ​ឯង​កម្ចាយ​សេចក្ដី​កំហឹង​ឯង
ឲ្យ​សុស‌សាយ​ទៅ
ហើយ​បង្ក្រាប​គ្រប់​ទាំង​មនុស្ស
ដែល​មាន​ឫក​ខ្ពស់​ចុះ។
12ចូរ​មើល​ទៅ​គ្រប់​មនុស្ស​ឆ្មើង‌ឆ្មៃ
ហើយ​បន្ទាប​គេ
ចូរ​ជាន់​ឈ្លី​ពួក​មនុស្ស​អាក្រក់​នៅ​កន្លែង
ដែល​គេ​ឈរ​តែ​ម្តង។
13ចូរ​កប់​គេ​ទាំង​អស់​គ្នា​នៅ​ក្នុង​ដី
ហើយ​ចង់​ឃ្លុំ​មុខ​គេ ទុក​ក្នុង​ទី​ងងឹត​ក្នុង​ផ្នូរ។
14នោះ​យើង​នឹង​ថ្លែង​ប្រាប់​ពី​ឯង​ថា
ដៃ​ស្តាំ​នៃ​ឯង​អាច​នឹង​ជួយ​សង្គ្រោះ​ឯង​បាន។
15មើល៍! ដំរី​ទឹក​ដែល​យើង​បាន​បង្កើត​មក
ដូច​ឯង​ដែរ វា​ស៊ី​ស្មៅ​ដូច​គោ
16មើល៍! កម្លាំង​វា​នៅ​ត្រង់​ចង្កេះ
ហើយ​សេចក្ដី​ប្រឹង‌ប្រែង​របស់​វា
នៅ​ត្រង់​សរសៃ​ពោះ។
17វា​បក់​កន្ទុយ ដូច​ជា​ដើម​តា‌ត្រៅ
ហើយ​អស់​ទាំង​សរសៃ​លោង​របស់​វា
ព័ន្ធ​ពាក់​លើ​គ្នា។
18ឆ្អឹង​វា​ដូច​ជា​បំពង់​លង្ហិន
ហើយ​ឆ្អឹង​ជំនីរ​ដូច​ជា​ចម្រឹង​ដែក។
19វា​ជា​កិច្ច‌ការ​យ៉ាង​សំខាន់​របស់​ព្រះ
ហើយ​ព្រះ​ដែល​បង្កើត​វា
ក៏​បាន​ប្រទាន​ឲ្យ​មាន​ចង្កូម
20ឯ​អាហារ​វា ក៏​ដុះ​នៅ​លើ​ភ្នំ
ជា​កន្លែង​ដែល​សត្វ​ព្រៃ​ទាំង‌ឡាយ​ប្រឡែង​គ្នា។
21វា​ដេក​នៅ​ក្រោម​ម្លប់​ឈើ
ហើយ​លាក់​ខ្លួន​ក្នុង​ព្រៃ​ត្រែង។
22ដើម​ឈើ​បាំង​ម្លប់​គ្រប​លើ​វា
ហើយ​ដើម​ចាក​តាម​មាត់​ទឹក​ក៏​ព័ទ្ធ​វា​ជុំ‌វិញ។
23មើល៍! បើ​កាល​ណា​ទន្លេ​ជន់​ឡើង
វា​មិន​ភ័យ​ទេ។
ទោះ​បើ​ទន្លេ​ដូច​យ៉ាង​ទន្លេ​យ័រ‌ដាន់
ឡើង​លិច​មាត់​ច្រាំង​ក៏​ដោយ
គង់​តែ​វា​មាន​ចិត្ត​រឹង‌ត្អឹង​ដែរ។
24តើ​នឹង​ចាប់​បាន​ក្នុង​កាល
ដែល​កំពុង​នៅ​ភ្នែក​បើក
ឬ​នឹង​ខ្លុះ​ច្រមុះ​វា​ដោយ​ដែក​ចោះ​បាន​ឬ?

ទើបបានជ្រើសរើសហើយ៖

យ៉ូប 40: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ