យ៉ូប 39

39
1តើ​ឯង​ដឹង​វេលា​ណា​ដែល​ពពែ​ព្រៃ
នៅ​ភ្នំ​ថ្ម​សម្រាល​កូន
ឬ​ចំណាំ​បាន​ពេល​ដែល​ក្តាន់​ញី​ទម្លាក់​កូន​ឬ​ទេ?
2តើ​ឯង​កំណត់​ដឹង​ថា​វា​ត្រូវ​មាន​ទម្ងន់​ប៉ុន្មាន​ខែ
ឬ​រដូវ​ដែល​នឹង​កើត​កូន​មក​ឬ​ទេ?
3ដឹង​ពេល​វា​ចំកោង​ខ្លួន​សម្រាល​កូន​មក
រួច​ផុត​ពី​សេចក្ដី​ឈឺ​ចាប់​របស់​វា​ឬទេ?
4កូន​វា​ត្រឡប់​ជា​រឹង‌ប៉ឹង
ហើយ​ក៏​ធំ​ឡើង​នៅ​វាល​ស្រឡះ
រួច​ឃ្លាត​ចេញ​ពី​មេ​ទៅ
ឥត​ត្រឡប់​មក​វិញ​ឡើយ។
5តើ​អ្នក​ណា​បាន​លែង​លា​ព្រៃ ឲ្យ​មាន​សេរី‌ភាព
ឬ​អ្នក​ណា​បាន​ស្រាយ​ចំណង​របស់​វា
6ដែល​យើង​បាន​ឲ្យ​មាន​ទី​កន្លែង​នៅ​ទី​រហោ‌ស្ថាន
ហើយ​ទី​មាន​ដី​ប្រៃ​ជា​លំនៅ​វា?
7វា​តោះ‌តើយ​នឹង​ការ​អ៊ឹក‌ធឹក​នៅ​ទី​ក្រុង
ក៏​មិន​ឮ​សម្រែក​នៃ​អ្នក​បញ្ចេរ​វា​ឡើយ។
8ដង​ភ្នំ​ជា​ទី​រក​ស៊ី​របស់​វា
វា​ខំ​ស្វែង​រក​អស់​ទាំង​ស្លឹក​ខៀវ​ខ្ចី។
9តើ​គោ​ព្រៃ​នឹង​សុខ​ចិត្ត​ឲ្យ​ឯង​ប្រើ​ឬ?
តើ​វា​នឹង​នៅ​ជាប់​ក្បែរ​ទ្រុង​ស្មៅ​របស់​ឯង​ឬ?
10ឯង​អាច​នឹង​ចង​គោ​ព្រៃ
ឲ្យ​ភ្ជួរ​តាម​គន្លង​បាន​ឬ​ទេ?
តើ​វា​នឹង​ព្រម​រាស់​វាល​ច្រក​ភ្នំ​តាម​ឯង​ទៅ​ឬ​ទេ?
11តើ​ឯង​នឹង​ទុក​ចិត្ត​ដល់​វា
ដោយ​ព្រោះ​មាន​កម្លាំង​ខ្លាំង
ឬ​នឹង​ទុក​ការ​ឯង​ឲ្យ​វា​ធ្វើ​បាន​ឬ​ទេ?
12តើ​ឯង​នឹង​ពឹង​វា​ឲ្យ​ដឹក​ស្រូវ​ឯង​ចូល​មក
ព្រម​ទាំង​ប្រមូល​ស្រូវ​នៅ​លាន​ឯង​ឬ​ទេ?
13ឯ​ស្លាប​សត្វ​អូទ្រុស​ញី វា​ទទះ​ដោយ​អំណរ
តែ​ចំអេង និង​ស្លាប​វា តើ​ជា​របស់​សត្វ​កុក​ឬ?
14វា​ពង​ចោល​នៅ​លើ​ដី
ក៏​បង្ហប់​ពង​ឲ្យ​ក្តៅ​ដោយ‌សារ​ខ្សាច់
15ដោយ​ឥត​នឹក​ថា ជើង​គេ​នឹង​ជាន់​បំបែក​ឡើយ
ឬ​សត្វ​ព្រៃ​ណា​នឹង​ជាន់​ឈ្លី។
16វា​តែង​នៅ​ជា​មួយ​កូន
ដូច​ជា​មិន​មែន​របស់​ខ្លួន​ទេ
ហើយ​ដែល​វា​ពង​ជា​ឥត​ប្រយោជន៍​នោះ
ក៏​មិន​រវល់​ផង
17ព្រោះ​ព្រះ​បង្អត់​ប្រាជ្ញា​ដល់​វា
ក៏​មិន​បាន​ប្រទាន​ឲ្យ​វា​មាន​យោបល់​ដែរ។
18វេលា​ណា​ដែល​វា​ចំអើត​ខ្លួន​ខ្ពស់​ឡើង
នោះ​វា​មើល​ងាយ​ដល់​ទាំង​សេះ
និង​អ្នក​ជិះ​ផង។
19តើ​ឯង​ឬ ដែល​ឲ្យ​សេះ​មាន​កម្លាំង?
តើ​ឯង​ឬ ដែល​តាក់​តែងឲ្យ​សេះ​មាន​សក់
ដែល​រលាស់​ដោយ​ខ្យល់?
20តើ​ឯង​ឬ ដែល​ធ្វើ​ឲ្យ​វា
អាច​លោត​ដូច​ជា​កណ្តូប?
ឯ​អាការៈ​កំញើញ​របស់​វា នោះ​គួរ​ស្ញែង​ខ្លាច
21វា​កាយ​បូល​ដី​នៅ​វាល​ច្រក​ភ្នំ
ហើយ​ក៏​អរ​សប្បាយ​ដោយ​កម្លាំង​វា
ក៏​ចេញ​ទៅ​ប្រទល់​នឹង​មនុស្ស
ដែល​ពាក់​គ្រឿង​សស្ត្រា‌វុធ។
22វា​មើល​ងាយ​សេចក្ដី​ភិត‌ភ័យ
ហើយ​មិន​ចេះ​រុញ‌រា​ឡើយ
ក៏​មិន​ដែល​គេច​ចេញ​ពី​ដាវ​ដែរ។
23បំពង់​ព្រួញ​ក៏​ឮ​ក្រុក‌ក្រាក់​នៅ​លើ​វា
ព្រម​ទាំង​លំពែង​ដែល​ភ្លឺ​ផ្លេកៗ
និង​ដែក​ពួយ​ផង។
24វា​កញ្ជ្រោល​អន្ទះ‌សា​ទាំង​តន្ត្រំ​ដី
ហើយ​កាល​ឮ​សូរ​ត្រែ
នោះ​ទប់​វា​មិន​បាន​ឡើយ។
25វេលា​ណា​ដែល​វា​ឮ​សូរ​ត្រែ
នោះ​វា​ស្រែក​ថា "ហេះ‌ហេ"
វា​ស្រង​ក្លិន​ចម្បាំង​ពី​ចម្ងាយ
ក៏​ស្គាល់​សម្រែក​នៃ​ពួក​មេទ័ព
និង​សូរ​ទ្រហឹង​អឺង‌អាប់។
26តើ​អក​ហើរ​សំកាំង​ស្លាប
ហើយ​ត្រដាង​ស្លាប​វា​ទៅ​ទិស​ខាង​ត្បូង
ដោយ​ប្រាជ្ញា​របស់​ឯង​ឬ?
27តើ​ឥន្ទ្រី​ហើរ​ទៅ​លើ
ហើយ​ធ្វើ​សម្បុក​នៅ​ទី​ខ្ពស់​តាម​បង្គាប់​ឯង​ឬ?
28វា​នៅ​តាម​ក្រហែង​ថ្ម ក៏​ធ្វើ​សម្បុក​នៅ​ទី​នោះ
គឺ​នៅ​តាមក្រហែង​ថ្ម​ភ្នំ​ជា​ទី​មាំ‌មួន។
29ពី​ទី​នោះ វា​ក្រឡេក​គន់​រក​រំពា
ភ្នែក​វា​មើល​ទៅ​ឃើញ​ឆ្ងាយ។
30កូន​វា​ក៏​ជញ្ជក់​ស៊ី​ឈាម
ឯ​កន្លែង​ណា​ដែល​មាន​គេ​សម្លាប់​គ្នា
ក៏​មាន​វា​នៅ​ទី​នោះ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 39: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ