យ៉ូប 41

41
1 តើ​ឯង​នឹង​ស្ទូច​ចាប់​ក្រពើ បាន
ឬ​យក​ខ្សែ​ទៅ​ចង​អណ្ដាត​វា​បាន​ឬ​ទេ?
2តើ​ឯង​នឹង​ដាក់​កន្លុះ​នៅ​ច្រមុះ​វា
ឬ​យក​តម្ពក់​ថ្ពក់​ថ្គាម​វា​បាន​ឬ?
3តើ​វា​នឹង​អង្វរ​ឯង
ឬ​នឹង​និយាយ​ពាក្យ​ស្រទន់​ដល់​ឯង​ឬ?
4តើ​វា​នឹង​ចុះ​សន្យា​នឹង​ឯង
ឲ្យ​ឯង​បាន​យក​វា​ទៅ​បម្រើ​ជា​ដរាប​ឬ?
5តើ​ឯង​នឹង​លេង​ជា‌មួយ​វា ដូច​ជា​លេង​នឹង​ចាប
ឬ​ចង​វា​ទុក​ឲ្យ​ពួក​ទាសី​ឯង​ឬ?
6តើ​ពួក​នេសាទ​នឹង​ចាប់​វា​លក់
ដោយ​បែង​ចំណែក​ទៅ​ឲ្យ​ពួក​ឈ្មួញ​ឬ?
7តើ​ឯង​អាច​នឹង​ចាក់​ស្បែក​វា​ពេញ​ដោយ​ផ្លែ​ច្បូក
ឬ​ក្បាល​វា​ដោយ​ស្ន​ចាក់​ត្រី​បាន​ឬ?
8ចូរ​ឯង​ដាក់​ដៃ​ពាល់​វា​មើល
រួច​ឲ្យ​ចាំ​ទុក កុំ​ឲ្យ​ធ្វើ​ទៀត
9 មើល៍! ដែល​ចាំ​ចាប់​វា នោះ​នឹង​ខក​ចិត្ត​ហើយ
គ្រាន់​តែ​ឃើញ​វា នោះ​ស្លុត​ចិត្ត​ហើយ។
10បើ​គ្មាន​អ្នក​ណា​អាច​ហ៊ាន​ដាស់​វា​ឡើងដូច្នេះ
តើ​មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​យើង​បាន?
11តើ​អ្នក​ណា​ដែល​ឲ្យ​អ្វី​មកយើង​ជា​មុន
ដើម្បី​ឲ្យ​យើង​ត្រូវ​សង​គេ​វិញ?
អ្វីៗ​សព្វ​សារពើ​នៅ​ក្រោម​មេឃ​ជា​របស់​យើង។
12យើង​មិន​ទាន់​ឈប់​និយាយ​ពី​ជើង និង​កម្លាំង​វា
ឬ​ពី​រាង​ដ៏​សម‌សួន​របស់​វា​ផង។
13តើ​មាន​អ្នក​ណា​អាច​នឹង​ពន្លាត់​ស្បែក​វា​បាន?
តើ​អ្នក​ណា​ហ៊ាន​ដាក់​បង្ហៀរ​ក្នុង​មាត់​វា?
14តើ​អ្នក​ណា​អាច​នឹង​បើក​មាត់​វា​បាន?
ធ្មេញ​វា​នៅ​ព័ទ្ធ​ជុំ‌វិញ​គួរ​ស្ញែង​ខ្លាច
15ស្រកា​វា​ជា​ទី​អំនួត​ដល់​វា ក៏​ជាប់​គ្នា​ដូច​ជា​ត្រា
16មួយៗ​ភ្ជាប់​គ្នា
ដល់​ម៉្លេះ​បាន​ជា​ខ្យល់​ចូល​មិន​បាន​ផង
17មួយ​ប្រទល់​នឹង​មួយ ហើយ​ក៏​ជាប់ៗ​គ្នា
និង​ផ្តាច់​ចេញ​ពី​គ្នា​មិន​បាន​ឡើយ។
18កាល​ណា​វា​ព្រួស​ទឹក​ចេញ នោះ​ក៏​បែក​ជា​ពន្លឺ
ភ្នែក​វា​ក៏​ដូច​ជា​អរុណ​រះ
19មាន​អណ្ដាត​ភ្លើង​ចេញ​ពី​មាត់​វា
ហើយ​ផ្កា​ភ្លើង​ហើរ​ចេញ​មក​ដែរ។
20មាន​ផ្សែង​ចេញ​ពី​រន្ធ​ច្រមុះ​វា​ដូច​ជា​ចេញ​ពី​ឆ្នាំង
ឬ​ពី​ថ្លាង​ដែល​ពុះ។
21ខ្យល់​ដង្ហើម​វា​បង្កាត់​ភ្លើង​ឡើង
ហើយ​មាន​អណ្ដាត​ភ្លើង​ចេញ​ពី​មាត់​វា​មក។
22នៅ​ត្រង់​ក​វា មាន​កម្លាំង​ណាស់
ហើយ​សេចក្ដី​ស្ញែង​ខ្លាច
ក៏​លោត​កញ្ឆេង​នៅ​មុខ​វា
23សាច់​ស្រទាប់​របស់​វា​ក៏​ជាប់ៗ​គ្នា
ក៏​មាំ​ណាស់ និង​បក​ចេញ​មិន​បាន។
24បេះ​ដូង​វា​រឹង​ដូច​ជា​ថ្ម
អើ ក៏​រឹង​ដូច​ថ្ម​ត្បាល់​កិន។
25កាល​ណា​វា​ចំកោង​ខ្លួន​ឡើង
នោះ​មនុស្ស​ខ្លាំង​ពូកែ​ក៏​ភ័យ​ខ្លាច
ហើយ​រត់​ទៅ​ដោយ​ភាំង​ស្លុត។
26បើ​អ្នក​ណា​យក​ដាវ​ទៅ​កាប់​វា ក៏​មិន​ឈ្នះ
ហើយ​លំពែង ដែក​ពួយ
ឬ​ស្ន​ក៏​ឥត​ប្រយោជន៍។
27វា​រាប់​ដែក​ដូច​ជា​ចំបើង
ហើយ​លង្ហិន​ដូច​ជា​ឈើ​ពុក
28ព្រួញ​នឹង​ធ្វើ​ឲ្យ​វា​រត់​មិន​បាន
ហើយ​បាញ់គ្រាប់​ថ្ម
ក៏​ត្រឡប់​ដូច​ជា​ជញ្ជ្រាំង​ដល់​វា។
29វា​រាប់ដំបង​ដូច​ជា​ចំបើង
ហើយ​ក៏​សើច​ឡក​ដាក់​លំពែង។
30ពោះ​វា​មាន​ដូច​ជា​អំបែង​ឆ្នាំង
ក៏​ធ្វើ​ស្នាម​ដូច​ជា​រនាស់​នៅ​លើ​ភក់។
31វា​ធ្វើ​ឲ្យ​ទឹក​ជ្រៅ​ចេញ​ពពុះ​ឡើង​ដូច​ជា​ឆ្នាំង
ក៏​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​ដូច​ជា​ក្រឡ​ទឹក​អប់។
32វា​ធ្វើ​ឲ្យ​មាន​ផ្លូវ​ភ្លឺ​តាម​ក្រោយ​វា
គេ​នឹង​ស្មាន​ថា​ទី​ជម្រៅ​មាន​សក់​ស្កូវ​ហើយ។
33នៅ​លើ​ផែនដី​គ្មាន​សត្វ​ណា​ដូច​វា​ឡើយ
ជា​សត្វ​ដែល​កើត​មក​ឥត​មាន​ភ័យ​ខ្លាច។
34វា​មើល​ទៅ​ឃើញ​គ្រប់​ទាំង​អស់​ដែល​ខ្ពស់
ជា​សត្វ​ដែល​គ្រប់‌គ្រង​លើ​អស់​ទាំង​សត្វ
ដែល​មាន​សេចក្ដី​អំនួត»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 41: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ