យ៉ូប 3

3
លោក​យ៉ូប​ដាក់​បណ្ដាសា​ថ្ងៃ​កំណើត​របស់​ខ្លួន
1បន្ទាប់​មក លោក​យ៉ូប​ក៏​បើក​មាត់​ពោល​ពាក្យ
ប្រទេច​ផ្ដាសា​ថ្ងៃ​កំណើត​របស់​ខ្លួន ។
2លោក​ពោល​ពាក្យ​ថា៖
3«សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើត​មក​ត្រូវ​វិនាស​ទៅ
គឺ​ជា​យប់​ដែល​គេ​ប្រកាស​ថា
មាន​កូន​មក​ចាប់​ទំ​ផ្ទៃ​នោះ
4សូម​ឲ្យ​ថ្ងៃ​នោះ​បាន​សូន្យ​ទៅ
សូម​កុំ​ឲ្យ​ព្រះ​នឹក​រក​ពី​ស្ថាន​លើ​ឡើយ
ក៏​កុំ​ឲ្យ​មាន​ពន្លឺ​ចាំង​មក​បំភ្លឺ​ឲ្យ​សោះ។
5សូម​ឲ្យ​សេចក្ដី​ងងឹត និង​ម្លប់​នៃ​សេចក្ដី​ស្លាប់
មក​ទទួល​ធ្វើ​ជា​ម្ចាស់
សូម​ឲ្យ​មាន​ពពក​នៅ​ជាប់​ពី​លើ
ហើយ​សូម​ឲ្យ​សូរ្យ‌គ្រាស​មក​បំភ័យ​ផង។
6រីឯ​យប់​នោះ
សូម​ឲ្យ​សេចក្ដី​ងងឹត​សូន្យ‌សុង​ចាប់​ទុក
កុំ​ឲ្យ​យប់​នោះ​មាន​កន្លែង
នៅ​ជា‌មួយ​ថ្ងៃ​ឯ​ទៀត​ក្នុង​ឆ្នាំ​ឡើយ
ក៏​កុំ​ឲ្យ​រាប់​ក្នុង​ខែ​នោះ​ដែរ។
7សូម​ឲ្យ​យប់​នោះ​បាន​ទៅ​ជា​អសារ​ឥត​ការ
ឥត​មាន​ឮ​សូរសៀង​អរ​សប្បាយ​ឡើយ
8សូម​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​ពេល​ថ្ងៃ
បាន​ដាក់​បណ្ដាសា​ដល់​យប់​នោះ
ព្រម​ទាំង​ពួក​អ្នក​ដែល​ប្រុង
នឹង​ដាស់​ក្រពើ​ឡើង​ផង។
9សូម​ឲ្យ​អស់​ទាំង​ផ្កាយ
ដែល​ភ្លឺ​នៅ​ពេល​ព្រលប់​ក្នុង​យប់​នោះ
បាន​ងងឹត ដោយ​រក​ពន្លឺ​មិន​ឃើញ​ឡើយ
ក៏​កុំ​ឲ្យ​បាន​ឃើញ​បើក​ពន្លឺ
នៅ​ពេល​បច្ចូស‌កាល​ដែរ
10ព្រោះ​មិន​បាន​បិទ​ទ្វារ​ផ្ទៃ​ម្តាយ​ខ្ញុំ​ទេ
ក៏​មិន​បាន​បិទ​បាំង​សេចក្ដី​វេទនា​ពី​ភ្នែក​ខ្ញុំ​ដែរ។
11ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្លាប់ ចាប់​តាំង​ពី​ក្នុង​ផ្ទៃ
ហើយ​ប្រគល់​វិញ្ញាណ​ទៅ​វិញ
ក្នុង​កាល​ដែល​ម្តាយ​ខ្ញុំ​បាន​សម្រាល​មក​នោះ?
12ម្តេច​ក៏​មាន​ភ្លៅ​ទទួល​ទ្រ​ខ្ញុំ
និង​ដោះ​ឲ្យ​ខ្ញុំ​បៅ?
13កុំ​តែ​មាន​ដូច្នោះ
នោះ​ខ្ញុំ​បាន​ដេក​ទៅ​ដោយ​សុខ​ស្រួល
ខ្ញុំ​នឹង​បាន​ដេក​លក់​ទៅ
ដោយ​មាន​សេចក្ដី​សុខ​ហើយ
14នៅ​ជា‌មួយ​ពួក​ស្តេច
និង​ពួក​អ្នក​ប្រាជ្ញ​នៃ​លោកីយ
ជា​ពួក​អ្នក​ដែល​បាន​សង់​ទី​សម្ងាត់​សម្រាប់​ខ្លួន
15ឬ​នៅ​ជា‌មួយ​ពួក​អ្នក​ជា​ប្រធាន
ដែល​មាន​មាស
ហើយ​បាន​បំពេញ​ផ្ទះ​គេ​ដោយ​ប្រាក់
16ឬ​ប្រសិន‌បើ​គ្មាន​ខ្ញុំ​សោះ
ដូច​ជា​កូន​រំលូត​លាក់​កំបាំង
គឺ​ជា​កូន​ដែល​មិន​បាន​ឃើញ​ពន្លឺ​ឡើយ។
17នៅ​ទី​នោះ​ពួក​អាក្រក់​លែង​ធ្វើ​ទុក្ខ
នៅ​កន្លែង​នោះ
ពួក​នឿយ​ហត់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត។
18នៅ​ទី​នោះ ពួក​អ្នក​ទោស
មាន​សេចក្ដី​សម្រាក​ព្រម​គ្នា
គេ​មិន​ឮ​សូរ​កំហែង
នៃ​អ្នក​នាយ​តម្រួត​ទៀត​ទេ។
19មាន​ទាំង​អ្នក​តូច​អ្នក​ធំ​នៅ​ទី​នោះ
ហើយ​ទាសករ​ក៏​បាន​រួច​ពី​ចៅ‌ហ្វាយ​ខ្លួន​ដែរ។
20ហេតុ​អ្វី​បាន​ជា​ឲ្យ​មាន​ពន្លឺ​ភ្លឺ
ដល់​មនុស្ស​រង​វេទនា
ព្រម​ទាំង​ឲ្យ​ជីវិតដល់​អ្នក
ដែល​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត​ដូច្នេះ?
21គេ​ទន្ទឹង​ចាំ​តែ​ស្លាប់
តែ​សេចក្ដី​ស្លាប់​មិន​មក​ដល់​សោះ
ទោះ​បើ​គេ​សង្វាត​ជីក​រក
លើស​ជាង​រក​កំណប់​ក៏​ដោយ
22គេ​មាន​សេចក្ដី​រីក‌រាយ​ក្រៃ‌លែង
ហើយ​ក៏​អរ​សប្បាយ នៅ​ពេល​គេ​ប្រទះ​នឹង​ផ្នូរ។
23ហេតុ​អ្វី​បាន​ជា​ឲ្យ​ពន្លឺ​ភ្លឺ​ដល់​មនុស្ស
ដែល​រក​ផ្លូវ​ចេញ​ពុំ​រួច
ជា​អ្នក​ដែល​ព្រះ​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ?
24ព្រោះ​តម្អូញ​របស់​ខ្ញុំ ចូល​មក​ជំនួស​អាហារ
ហើយ​សំឡេង​ថ្ងូរ​របស់​ខ្ញុំ​ក៏​ហូរចូល​មក​ដូច​ទឹក
25ដ្បិត​សេចក្ដី​ដែល​ខ្ញុំ​ខ្លាច នោះ​បាន​កើត​ដល់​ខ្ញុំ
សេចក្ដី​ដែល​នាំ​ឲ្យ​ខ្ញុំ​ភ័យ
នោះ​ក៏​មក​ដល់​ខ្ញុំ​ហើយ។
26ខ្ញុំ​គ្មាន​សេចក្ដី​សុខ គ្មាន​សេចក្ដី​ក្សេម‌ក្សាន្ត
ក៏​គ្មាន​សេចក្ដី​សម្រាក​ឡើយ
គឺ​មាន​តែ​ទុក្ខ​ព្រួយ​ប៉ុណ្ណោះ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល