យ៉ូប 3
3
លោកយ៉ូបដាក់បណ្ដាសាថ្ងៃកំណើតរបស់ខ្លួន
1បន្ទាប់មក លោកយ៉ូបក៏បើកមាត់ពោលពាក្យ
ប្រទេចផ្ដាសាថ្ងៃកំណើតរបស់ខ្លួន ។
2លោកពោលពាក្យថា៖
3«សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាសទៅ
គឺជាយប់ដែលគេប្រកាសថា
មានកូនមកចាប់ទំផ្ទៃនោះ
4សូមឲ្យថ្ងៃនោះបានសូន្យទៅ
សូមកុំឲ្យព្រះនឹករកពីស្ថានលើឡើយ
ក៏កុំឲ្យមានពន្លឺចាំងមកបំភ្លឺឲ្យសោះ។
5សូមឲ្យសេចក្ដីងងឹត និងម្លប់នៃសេចក្ដីស្លាប់
មកទទួលធ្វើជាម្ចាស់
សូមឲ្យមានពពកនៅជាប់ពីលើ
ហើយសូមឲ្យសូរ្យគ្រាសមកបំភ័យផង។
6រីឯយប់នោះ
សូមឲ្យសេចក្ដីងងឹតសូន្យសុងចាប់ទុក
កុំឲ្យយប់នោះមានកន្លែង
នៅជាមួយថ្ងៃឯទៀតក្នុងឆ្នាំឡើយ
ក៏កុំឲ្យរាប់ក្នុងខែនោះដែរ។
7សូមឲ្យយប់នោះបានទៅជាអសារឥតការ
ឥតមានឮសូរសៀងអរសប្បាយឡើយ
8សូមឲ្យពួកអ្នកដែលស្អប់ពេលថ្ងៃ
បានដាក់បណ្ដាសាដល់យប់នោះ
ព្រមទាំងពួកអ្នកដែលប្រុង
នឹងដាស់ក្រពើឡើងផង។
9សូមឲ្យអស់ទាំងផ្កាយ
ដែលភ្លឺនៅពេលព្រលប់ក្នុងយប់នោះ
បានងងឹត ដោយរកពន្លឺមិនឃើញឡើយ
ក៏កុំឲ្យបានឃើញបើកពន្លឺ
នៅពេលបច្ចូសកាលដែរ
10ព្រោះមិនបានបិទទ្វារផ្ទៃម្តាយខ្ញុំទេ
ក៏មិនបានបិទបាំងសេចក្ដីវេទនាពីភ្នែកខ្ញុំដែរ។
11ហេតុអ្វីបានជាខ្ញុំមិនស្លាប់ ចាប់តាំងពីក្នុងផ្ទៃ
ហើយប្រគល់វិញ្ញាណទៅវិញ
ក្នុងកាលដែលម្តាយខ្ញុំបានសម្រាលមកនោះ?
12ម្តេចក៏មានភ្លៅទទួលទ្រខ្ញុំ
និងដោះឲ្យខ្ញុំបៅ?
13កុំតែមានដូច្នោះ
នោះខ្ញុំបានដេកទៅដោយសុខស្រួល
ខ្ញុំនឹងបានដេកលក់ទៅ
ដោយមានសេចក្ដីសុខហើយ
14នៅជាមួយពួកស្តេច
និងពួកអ្នកប្រាជ្ញនៃលោកីយ
ជាពួកអ្នកដែលបានសង់ទីសម្ងាត់សម្រាប់ខ្លួន
15ឬនៅជាមួយពួកអ្នកជាប្រធាន
ដែលមានមាស
ហើយបានបំពេញផ្ទះគេដោយប្រាក់
16ឬប្រសិនបើគ្មានខ្ញុំសោះ
ដូចជាកូនរំលូតលាក់កំបាំង
គឺជាកូនដែលមិនបានឃើញពន្លឺឡើយ។
17នៅទីនោះពួកអាក្រក់លែងធ្វើទុក្ខ
នៅកន្លែងនោះ
ពួកនឿយហត់មានសេចក្ដីស្រាកស្រាន្ត។
18នៅទីនោះ ពួកអ្នកទោស
មានសេចក្ដីសម្រាកព្រមគ្នា
គេមិនឮសូរកំហែង
នៃអ្នកនាយតម្រួតទៀតទេ។
19មានទាំងអ្នកតូចអ្នកធំនៅទីនោះ
ហើយទាសករក៏បានរួចពីចៅហ្វាយខ្លួនដែរ។
20ហេតុអ្វីបានជាឲ្យមានពន្លឺភ្លឺ
ដល់មនុស្សរងវេទនា
ព្រមទាំងឲ្យជីវិតដល់អ្នក
ដែលមានសេចក្ដីជូរចត់ក្នុងចិត្តដូច្នេះ?
21គេទន្ទឹងចាំតែស្លាប់
តែសេចក្ដីស្លាប់មិនមកដល់សោះ
ទោះបើគេសង្វាតជីករក
លើសជាងរកកំណប់ក៏ដោយ
22គេមានសេចក្ដីរីករាយក្រៃលែង
ហើយក៏អរសប្បាយ នៅពេលគេប្រទះនឹងផ្នូរ។
23ហេតុអ្វីបានជាឲ្យពន្លឺភ្លឺដល់មនុស្ស
ដែលរកផ្លូវចេញពុំរួច
ជាអ្នកដែលព្រះបានធ្វើរបងព័ទ្ធជុំវិញ?
24ព្រោះតម្អូញរបស់ខ្ញុំ ចូលមកជំនួសអាហារ
ហើយសំឡេងថ្ងូររបស់ខ្ញុំក៏ហូរចូលមកដូចទឹក
25ដ្បិតសេចក្ដីដែលខ្ញុំខ្លាច នោះបានកើតដល់ខ្ញុំ
សេចក្ដីដែលនាំឲ្យខ្ញុំភ័យ
នោះក៏មកដល់ខ្ញុំហើយ។
26ខ្ញុំគ្មានសេចក្ដីសុខ គ្មានសេចក្ដីក្សេមក្សាន្ត
ក៏គ្មានសេចក្ដីសម្រាកឡើយ
គឺមានតែទុក្ខព្រួយប៉ុណ្ណោះ»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies