យ៉ូប 20

20
ប្រសាសន៍​របស់​លោក​សូផារ៖ មនុស្ស​អាក្រក់ត្រូវ​ទទួល​ទោស
1ពេល​នោះ សូផារ ជា​សាសន៍​ណាអា‌ម៉ា
ឆ្លើយ​ឡើង​ថា៖
2«គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គំនិត​ខ្ញុំ
បណ្ដាល​ឲ្យ​ឆ្លើយ
ដោយ​ព្រោះ​សេចក្ដី​រួស‌រាន់​នៅ​ក្នុង​ចិត្ត​ខ្ញុំ។
3ខ្ញុំ​បាន​ឮ​សេចក្ដី​បន្ទោស​នោះ
ដែល​ជា​សេចក្ដី​ទំនាស់​ចិត្ត​ខ្ញុំ
វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង​របស់​ខ្ញុំ
ក៏​បណ្ដាល​ឲ្យ​ខ្ញុំ​ឆ្លើយ​ឡើង។
4តើ​អ្នក​មិន​បាន​ដឹង​សេចក្ដី​នេះ​ទេ​ឬ
ថា​តាំង​ពី​ចាស់​បុរាណ​មក
គឺ​ពី​កាល​ព្រះ​បាន​ដាក់​មនុស្ស​ឲ្យ​មាន​នៅ​ផែនដី
5នោះ​ជ័យ‌ជម្នះ​របស់​មនុស្ស​អាក្រក់
នៅ​មិន​យូរ​ប៉ុន្មាន
ហើយ​សេចក្ដី​រីក‌រាយ​របស់​មនុស្ស​ទមិឡ​ល្មើស
ក៏​នៅ​តែ​មួយ​ភ្លែត​ដែរ។
6ទោះ​បើ​គេ​មាន​កម្ពស់​ដល់​ផ្ទៃ​មេឃ
ហើយ​ក្បាល​គេ​លូត​ឡើង​ដល់​ពពក​ក៏​ដោយ
7គង់​តែ​នឹង​ត្រូវ​វិនាស​ទៅ​ជា‌និច្ច
ដូច​ជា​លាមក​របស់​ខ្លួន​គេ​ដែរ
ឯ​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​គេ
នោះ​នឹង​សួរ​ថា "តើ​គេ​នៅ​ឯ​ណា?"
8គេ​នឹង​ហោះ​ហើរ​ទៅ​បាត់​ដូច​ជា​យល់​សប្តិ
ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ
គេ​នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា
ការ​ស្រមើ​ស្រមៃ​នៅ​ពេល​យប់។
9នោះ​ភ្នែក​ដែល​ធ្លាប់​ឃើញ​គេ
នឹង​មិន​ឃើញ​គេ​ទៀត​ទេ
ហើយ​ទី​កន្លែង​របស់​គេ​នឹង​លែង​ឃើញ​គេ​ដែរ។
10កូន​ចៅ​គេ​នឹង​សូម​អង្វរ​ដល់​ពួក​ទាល់​ក្រ
ដៃ​របស់​ខ្លួន​គេ​នឹង​ត្រូវ​ប្រគល់
ទ្រព្យ‌សម្បត្តិ​ទៅ​វិញ។
11ឆ្អឹង​គេ​ពេញ​កម្លាំង​ដោយ​សណ្ឋាន​នៅ​ក្មេង
ប៉ុន្តែ នឹង​ត្រូវ​ដេក​ចុះ ទៅ​ក្នុង​ធូលី​ដី
ជា‌មួយ​ខ្លួន​គេ​ដែរ។
12ទោះ​បើ​សេចក្ដី​អាក្រក់
មាន​រស​ផ្អែម​នៅ​ក្នុង​មាត់​គេ
ទោះ​បើ​គេ​លាក់​សេចក្ដី​នោះ​នៅ​ក្រោម​អណ្ដាត
13ទោះ​បើ​លៃ​លក​សំចៃ​ទុក មិន​ចង់​លេប​ចុះ​ទៅ
គឺ​បៀម​ទុក​នៅ​តែ​ក្នុង​មាត់​ក៏​ដោយ
14គង់​តែ​អាហារ​នៅ​ក្នុង​ពោះ​គេ​បាន​ប្រែ
ទៅ​ជា​ពិស​នៃ​ពស់​ហនុមាន​នៅ​ក្នុង​ខ្លួន​គេ​ដែរ។
15គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល​ទៅ
ហើយ​នឹង​ត្រូវ​ក្អួត​ចេញ​មក​វិញ
ព្រះ​នឹង​កម្ចាត់​របស់​ទាំង​នោះ
ចេញ​ពី​ពោះ​គេ។
16គេ​នឹង​ជញ្ជក់​ពិស​របស់​ពស់​ហនុមាន
ហើយ​នឹង​ស្លាប់​ដោយ‌សារ​អណ្ដាត​ពស់​វែក
17គេ​នឹង​លែង​ឃើញ​ទឹក​ទន្លេ
ទឹក​ឃ្មុំ និង​ទឹក​ដោះ
ហូរ​ដូច​ទឹក​ស្ទឹង​ទៀត​ហើយ។
18អ្វីៗ​ដែល​គេ​ខ្វល់‌ខ្វាយ​រក​បាន
នឹង​ត្រូវ​បាត់​ទៅ​វិញ
ហើយ​ទំពា​លេប​មិន​បាន​ទេ
កម្រៃ​ដែលបាន​ពី​មុខ​របរ​គេ
នឹង​មិន​ធ្វើ​ឲ្យ​គេ​បាន​សប្បាយ​ចិត្ត​ឡើយ។
19ព្រោះ​គេ​បាន​សង្កត់‌សង្កិន
ឥត​រមិល​ដល់​ពួក​ទាល់​ក្រ
ក៏​បាន​រឹប​ជាន់​យក​ផ្ទះ​មួយ
ដែល​ខ្លួន​មិន​បាន​សង់​ផង។
20មុខ​ជានឹង​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ចិត្ត​ទេ
ហើយ​នឹង​ទុក​របស់​ដែល​គេ​ពេញ​ចិត្ត
ឲ្យ​គង់​នៅ​មិន​បាន​ឡើយ។
21គ្មាន​សល់​អ្វី​ដែល​គេ​មិន​បាន​ត្របាក់​លេប
ចូល​ទៅ​នោះ​ទេ
ហេតុ​នោះ សេចក្ដី​ចម្រើន​របស់​គេ
នឹង​មិន​នៅ​ស្ថិត‌ស្ថេរ​ឡើយ។
22ក្នុង​កាល​ដែល​កំពុងតែ​បរិបូរ
នោះ​គេ​នឹង​ត្រូវ​ខ្វះ​ខាត​វិញ
អស់​អ្នក​ដែល​មាន​សេចក្ដី​លំបាក
នឹង​មក​សង្កត់​លើ​គេ។
23ព្រះ​នឹង​បោះ​សេចក្ដី​ក្រោធ​យ៉ាង​សហ័ស
មក​ចម្អែត​ពោះ​គេ
ហើយ​ទម្លាក់​សេចក្ដី​ក្រោធ​នោះ​មក​លើ​គេ
ទុក​ជា​អាហារ។
24គេ​នឹង​រត់​ចេញ​ពី​គ្រឿង​ដែក
ហើយ​ធ្នូ​លង្ហិន​នឹង​បាញ់​ទម្លុះ​ខ្លួន។
25គេ​នឹង​ដក​ព្រួញ​ចេញ​ពី​ខ្លួន​មក
មុខ​ព្រួញ​ដែល​ភ្លឺ​ផ្លេក​នឹង​ចេញ​ពី​ពោះ​គេ​មក
សេចក្ដី​តក់​ស្លុត​នឹង​កើត​មាន​ឡើង​ដល់​គេ។
26អស់​ទាំង​សេចក្ដី​ងងឹត
បាន​មក​បង្ខូច​ទ្រព្យ‌សម្បត្តិ​គេ
នឹង​មាន​ភ្លើង​ដែល​ឥត​មនុស្ស​ផ្លុំ
បាន​ឆេះ​បំផ្លាញ​គេ
ព្រម​ទាំង​បន្សុស​ទាំង​អស់
ដែល​នៅ​សល់​ក្នុង​ទី​លំនៅ​របស់​គេ។
27ឯ​ផ្ទៃ​មេឃ​ក៏​នឹង​សម្ដែង​ពី​អំពើ​ទុច្ចរិត​របស់​គេ
ហើយ​ទាំង​ផែនដី
នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ​ដែរ
28ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​របស់​គេ
នឹង​ចាក​ចេញ​ទៅ
ទាំង​អស់​នឹង​ហូរ​បាត់​ទៅ
នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ។
29នេះ​ជា​ចំណែករបស់​មនុស្ស​អាក្រក់
ត្រូវ​ទទួល​ពី​ព្រះ ជា​មត៌ក
ដែល​ព្រះ​ចែក​ឲ្យ​ដល់​គេ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 20: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល