យ៉ូប 21

21
ចម្លើយ​របស់​លោក​យ៉ូប៖ ជា​រឿយ​ៗ ឃើញ​តែ​មនុស្ស​អាក្រក់​មាន​សុភមង្គល
1លោក​យ៉ូប​ឆ្លើយ​ឡើង​ថា៖
2«សូម​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​ខ្ញុំ​សិន
ឲ្យ​ខ្ញុំ​បាន​ក្សាន្ត​ទុក្ខ​ត្រឹម​ប៉ុណ្ណេះ។
3សូម​ទ្រាំ​ឲ្យ​ខ្ញុំ​និយាយ​ខ្លះ​ផង
ក្រោយ​ដែល​ខ្ញុំ​និយាយ​ចប់​ហើយ
ចាំ​ឡក‌ឡឺយ​ចុះ។
4ចំណែក​ខ្ញុំ តើ​តម្អូញ​ខ្ញុំ​បាន​តម្រង់​ដល់​មនុស្ស​ឬ?
ហេតុ​អ្វីបាន​ជា​ខ្ញុំ​មិន​អន់​ចិត្ត?
5ចូរ​មើល​មក​ខ្ញុំ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ចុះ
ហើយ​យក​ដៃ​ខ្ទប់​មាត់​ទៅ។
6កាល​ណា​ខ្ញុំ​នឹក​ពី​សេចក្ដី​ទាំង​នេះ
ខ្ញុំ​តក់‌ស្លុត​ណាស់
ហើយ​សេចក្ដី​ភ័យ​ខ្លាច​ក៏ធ្វើឲ្យ​ខ្ញុំព្រឺ។
7ហេតុ​អ្វី​បាន​ជា​ពួក​មនុស្ស​អាក្រក់
មាន​ជីវិត​រស់​នៅ
មាន​អាយុ​វែង ហើយ​មាន​អំណាច​កាន់​តែ​ខ្លាំង?
8ពូជ​ពង្ស​របស់​គេ​បាន​រឹង​មាំ​ឡើង​ជា‌មួយគេ
និង​កូន​ចៅ​របស់​គេ​នៅ​ចំពោះ​គេ​ដែរ។
9ក្នុង​ផ្ទះ​របស់​គេមាន​តែសេចក្ដី​សុខ
ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ
ហើយ​ក៏​គ្មាន​ដំបង​របស់​ព្រះ​ប៉ះ‌ពាល់​គេ​ដែរ។
10គោ​ឈ្មោល​របស់​គេ​ជាន់​មេ​ឥត​ខាន
គោ​ញី​ក៏​បង្កើត​កូន​ឥត​រលូត​ដែរ។
11គេ​ឲ្យ​កូន​តូចៗ​របស់​គេ
ចេញ​ទៅ​ដូច​ជា​ហ្វូង​ចៀម
ហើយ​កូន​ធំៗ​ក៏​លោត​កញ្ឆាត់‌កញ្ឆេង​ផង។
12វា​រាល់​គ្នា​ច្រៀង​តាម​ចង្វាក់​គែន និង​ស៊ុង
ហើយ​ក៏​អរ​សប្បាយ​តាម​សំឡេង​ខ្លុយ។
13រាល់​ថ្ងៃ គេ​ចំណាយ​ពេល​ដោយ​អ្វីៗ
ដែល​គេ​ពេញ​ចិត្ត
ហើយ​គេ​ក៏​ចុះ​ទៅ​ស្ថាន
ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ស្រួល។
14គេ​ទូល​ដល់​ព្រះ​ថា "ចូរ​ថយ​ចេញ​ពី​យើង​ទៅ
យើង​មិន​ចូល​ចិត្ត​ផ្លូវ​ព្រះ‌អង្គ​ទេ។
15តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​អ្វី
ដែល​យើង​ត្រូវ​គោរព?
ហើយ​បើ​យើង​អធិ‌ស្ឋាន​ដល់​ព្រះ‌អង្គ
តើ​នឹង​មាន​ប្រយោជន៍​អ្វី?"
16តើ​មិន​មែន​ជាទ្រព្យ​សម្បត្តិ​របស់​គេ
ដែល​ស្ដែង​ពី​ស្នា​ដៃ​របស់​គេ​ទេ​ឬ?
គំនិត​របស់​មនុស្ស​អាក្រក់ស្ថិត​នៅ​ឆ្ងាយ​ពី​ខ្ញុំ។
17តើ​ប៉ុន្មាន​ដង​ហើយ
ដែល​ចង្កៀង​របស់​មនុស្ស​អាក្រក់​រលត់?
តើ​ប៉ុន្មាន​ដង​ហើយ
ដែល​មាន​សេចក្ដី​លំបាក​កើត​ដល់​គេ?
តើ​ប៉ុន្មាន​ដង​ហើយ ដែល​ព្រះ​ចែក​សេចក្ដី​វេទនា
ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ?
18គឺ​ជា​ច្រើន​ដង គេ​ដូច​ជា​ចំបើង​បណ្តោយ​ខ្យល់
ហើយ​ដូច​ជា​អង្កាម​ដែល​ខ្យល់​ព្យុះ​ផាត់​យក​ទៅ
19អ្នក​ថា ព្រះ​បាន​ប្រមូល​ទុក​អំពើ​ទុច្ចរិត
របស់​មនុស្ស​សម្រាប់​កូន​ចៅ​របស់​គេ
តែ​សូមព្រះ​ដាក់​ទោស​ដល់ពួក​គេ​នោះ​វិញ
ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន។
20ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​នោះ
ឃើញ​សេចក្ដី​វិនាស​របស់​ខ្លួន
ព្រម​ទាំង​ផឹក​ស្រូប​សេចក្ដី​ក្រោធរបស់​ព្រះ
ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ផង។
21តើ​គេ​ខ្វល់អ្វី​ដល់​ពួក​វង្ស​របស់​ខ្លួន
ដែល​នៅ​ជំនាន់​ក្រោយ
បើ​កាល​ណា​ចំនួន​ខែ​នៃ​ជីវិត​គេ
បាន​ផុត​ទៅ​ហើយនោះ?
22តើ​មាន​អ្នក​ណា​បង្រៀន​ចំណេះ​ដល់​ព្រះ​បាន
ឃើញ​ហើយ​ថា គឺ​ព្រះ‌អង្គ​ហើយ
ដែល​ជំនុំ‌ជម្រះ​ទាំង​ពួក​អ្នក​ធំៗ​ផង។
23អ្នក​ខ្លះ​រស់​នៅ​យ៉ាង​ស្រណុក
មាន​សេចក្ដី​សុខ ក៏​ស្លាប់​បាត់​ទៅ
ក្នុង​កាល​ដែល​នៅ​មាន​កម្លាំង​ពេញ​ប្រាណ
24គឺ​ក្នុង​កាល​ដែល​សាច់​គេ​នៅ​ស្រស់​ល្អ
ហើយ​ខួរ​ឆ្អឹង​ក៏​នៅ​សើមៗ​នៅ​ឡើយ។
25អ្នក​ខ្លះ​ទៀត​ស្លាប់​ទៅ​ទាំង​មាន​ចិត្ត​ជូរ​ល្វីង
មិន​ដែល​ស្គាល់​ជាតិ​នៃ​សេចក្ដី​ល្អ​ឡើយ។
26ពួក​គេ​ដេក​ទៅ​ក្នុង​ធូលី​ដី
ហើយ​ក៏​មាន​ដង្កូវចោះ​ខ្មោច​គេ​ដូច​គ្នា។
27នែ៎ ខ្ញុំ​ស្គាល់​គំនិត​របស់​អ្នក​រាល់​គ្នា​ហើយ
ក៏​យល់អ្វី​ដែល​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ដែរ។
28ដ្បិត​អ្នក​រាល់​គ្នា​ថា
"តើ​ផ្ទះ​របស់​សេដ្ឋី​នៅ​ឯ​ណា​ឥឡូវ?
តើ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នៅ​ឯ​ណា?"
29តើ​អ្នក​រាល់​គ្នា​មិន​បាន​សួរ
ពួក​អ្នក​ដំណើរ​ដូច្នេះ​ទេ​ឬ?
តើ​មិន​បាន​ស្គាល់​គោល​គំនិត​របស់​គេ​ដែរ​ទេ​ឬ?
30គឺ​ថា មនុស្ស​អាក្រក់
ត្រូវ​បម្រុង​ទុក​ដល់​ថ្ងៃ​អន្តរាយ
គេ​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ថ្ងៃ​នៃ​សេចក្ដី​ឃោរ‌ឃៅ។
31តើ​អ្នក​ណា​នឹង​ប្រាប់​ផ្ទាល់​រូប​គេ​ពី​ផ្លូវ​របស់​គេ
តើ​អ្នក​ណា​នឹង​សង​គេ
តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត?
32ប៉ុន្តែ នឹង​ត្រូវ​សែង​គេ​នាំ​យក​ទៅ​ឯ​ទី​បញ្ចុះ​សព
ហើយ​នឹង​មាន​មនុស្ស​ចាំ​យាម​ផ្នូរ​ដែរ។
33គំនរ​ដុំ​ដី​នៅ​ច្រក​ភ្នំ​នឹង​បាន​ស្រួល​ដល់​គេ
ហើយ​មនុស្ស​ទាំង​អស់​នឹង​ទៅ​តាម​គេ
ដូច​ជា​មាន​មនុស្ស​ឥត​គណនា
បាន​ទៅ​មុខ​គេ​ដែរ
34តើ​អ្នក​រាល់​គ្នា​យក​សេចក្ដី​ឥត​ប្រយោជន៍
មក​កម្សាន្ត​ចិត្ត​ខ្ញុំ​ធ្វើ​អី?
ចម្លើយ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​កុហក»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 21: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល