យ៉ូប 18

18
ប្រសាសន៍​លើក​ទី​ពីរ​របស់​លោក​ប៊ីល‌ដាដ៖ ព្រះ​ដាក់​ទោស​មនុស្ស​អាក្រក់
1បន្ទាប់​មក ប៊ីលដាឌ សាសន៍​ស៊ូអា
ក៏​ឆ្លើយ​ឡើង​ថា៖
2«តើ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ
និយាយ​ដល់​កាល​ណា​ទៀត?
ចូរ​ពិចារ‌ណា​ចុះ រួច​យើង​នឹង​និយាយ។
3ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​រាប់​ទុក
ដូច​ជា​សត្វ​តិរច្ឆាន?
ហេតុ​អ្វី​បានជា​យើង​ទៅ​ជា​មនុស្ស​ល្ងី​ល្ងើ
នៅ​ក្នុង​ភ្នែក​របស់​អ្នក?
4ឱ​អ្នក​ដែល​ហែក‌ហួរ​ខ្លួន​ដោយ​សេចក្ដី​កំហឹង
តើ​ផែនដី​ត្រូវ​ចោល​ស្ងាត់​ដោយ​ព្រោះ​អ្នក
ឬ​ថ្ម​ត្រូវ​រើ​ចេញ​ពី​កន្លែង​របស់​វា​ឬ?
5ឯ​ពន្លឺ​នៃ​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ
ហើយ​រងើក​ភ្លើង​របស់​គេ​នឹង​លែង​ភ្លឺ។
6ពន្លឺ​នៅ​ក្នុង​ទី​លំនៅ​គេ​នឹង​ត្រូវ​ងងឹត​វិញ
ហើយ​ចង្កៀង​នៅ​ពី​លើ​គេ​នឹង​រលត់​ទៅ។
7អស់​ទាំង​ជំហាន​នៃ​កម្លាំង​គេ​នឹង​កាន់​តែ​អន់​ថយ
ហើយ​គំនិត​របស់​ខ្លួន​នឹង​ផ្តួល​គេ​ផង។
8ដ្បិត​ជើង​ខ្លួន​គេ​នាំ​ឲ្យ​គេ​ជាប់​មង
គេ​ដើរ​លើ​រង្វង់​អន្ទាក់​ជា‌និច្ច។
9អន្ទាក់​នឹង​រូត​ជាប់​កែង​ជើង​គេ
ហើយ​អន្ទាក់​សាង​នឹង​វាត់​ឡើង​ជាប់​គេ។
10មាន​ខ្សែ​រូត​បង្កប់​ក្នុង​ដី​សម្រាប់​ចាប់​គេ
ហើយ​មាន​អង្គប់​រង់‌ចាំ​គេ​នៅ​ផ្លូវ។
11សេចក្ដី​ស្ញែង​ខ្លាច​នឹង​បំភ័យ​គេ​នៅ​គ្រប់​ទិស
ហើយ​នឹង​ដេញ​តាម​ប្រកិត​នៅ​កែង​ជើង​គេ។
12កម្លាំង​គេ​ហេវ​ទៅ​ដោយ​អត់​ឃ្លាន
ហើយ​សេចក្ដី​អន្តរាយ​នឹង​ប្រុង‌ប្រៀប
ជា​ស្រេច​នៅ​ខាង​គេ
13ជំងឺ​រោគា​បាន​បំផ្លាញ​ស្បែករបស់​គេ​អស់
ហើយ​សេចក្ដី​ស្លាប់ក៏​លេបត្របាក់
ដៃជើង​របស់​គេ​ដែរ។
14គេ​នឹង​ត្រូវ​រលើង​ចេញ​ពី​ទី​លំនៅ
ដែល​បាន​យក​ជា​ទី​ពឹង
ហើយ​នឹង​ត្រូវ​នាំ​ទៅ​ចំពោះ​ស្តេច
នៃ​សេចក្ដី​ស្ញែង​ខ្លាច។
15មនុស្ស​ក្រៅ​វង្ស​ត្រកូល​របស់​គេ
នឹង​មក​នៅ​ក្នុង​ទី​លំនៅ​គេ​វិញ
ហើយ​នឹង​មាន​ស្ពាន់‌ធ័រ​រោយ​ចុះ​មក​លើ
ទី​អាស្រ័យ​របស់​គេ។
16នៅ​ខាង​ក្រោម ឫស​គេ​នឹង​ត្រូវ​ក្រៀម​ស្ងួត​ទៅ
ហើយ​ខាង​លើ​មែក​របស់​គេ​នឹង​ត្រូវ​កាច់​ចេញ។
17ទាំង​សេចក្ដី​នឹក​ចាំ​ពី​គេ
នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅ
ហើយ​នឹង​លែង​ឮ​និយាយ
ពី​ឈ្មោះ​គេ​តាម​ផ្លូវ​ត​ទៅ។
18គេ​នឹង​ត្រូវ​ដេញ​ចេញ​ពី​ពន្លឺ​ទៅ​ក្នុង​ទី​ងងឹត
ហើយ​ត្រូវ​ប្រដេញ​ចេញ​ពី​លោកីយ​ផង។
19គេ​នឹង​គ្មាន​កូន ឬ​ចៅ​ក្នុង​វង្ស​ត្រកូល​របស់​គេ
ឬ​អ្នក​ណា​នៅ​សល់​ក្នុង​កន្លែង
ដែល​គេ​អាស្រ័យ​នោះ​ឡើយ។
20ពួក​ជំនាន់​ក្រោយ​នឹង​មាន​សេចក្ដី​អស្ចារ្យ
ពី​ប្រវត្តិ​របស់​គេ
ដូច​ជា​ជំនាន់​មុន​បាន​ភ័យ​ខ្លាច​ដែរ។
21ប្រាកដ​ជា​យ៉ាង​នោះ​ហើយ
ដែល​ជា​ទី​លំនៅ​របស់​មនុស្ស​អាក្រក់
នេះ​ហើយ​ជា​កន្លែង​របស់​អ្នក
ដែល​មិន​ស្គាល់​ព្រះ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 18: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល