យ៉ូប 17

17
លោក​យ៉ូប​អធិស្ឋានសូមឲ្យបាន​ធូស្បើយ
1វិញ្ញាណ​ខ្ញុំខ្ទេច​ខ្ទាំ​អស់​ហើយ
អាយុ​របស់​ខ្ញុំ​ចេះ​តែកន្លង​ទៅ ផ្នូរ​ក៏​រង់‌ចាំ​ខ្ញុំ។
2នៅ​ជុំ​វិញ​ខ្ញុំ​មាន​សុទ្ធ​តែ​មនុស្ស​ឡក‌ឡឺយ
ហើយ​ភ្នែក​ខ្ញុំ​ត្រូវ​មើល​សេចក្ដី​ចាក់​រុក
របស់​គេ​ជា‌និច្ច។
3សូម​ព្រះ‌អង្គ​ប្រោស​មេត្តា ធានា​ឲ្យ​ទូល‌បង្គំ
ចំពោះ​ព្រះ‌អង្គ​ផង
បើ​ពុំ​នោះ តើ​មាន​អ្នក​ណា​នឹង​ចាប់​ដៃ
យល់​ព្រម​នឹង​ទូល‌បង្គំ​បាន?
4ដ្បិត​ព្រះ‌អង្គ​បាន​បង្ខាំង​ចិត្ត​គេ​ចេញ​ពី​យោបល់
ហេតុ​នោះ ព្រះ‌អង្គ​នឹង​មិន​តម្កើង​គេ​ឡើយ។
5គេ​លួង​លោម​មិត្ត​សម្លាញ់​ខ្លួន
ឲ្យ​តែ​បាន​ទ្រព្យ​សម្បត្តិ
ហើយ​ភ្នែក​របស់​កូន​គេ​កាន់​តែ​ងងឹត។
6ប៉ុន្តែ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​សេចក្ដី​ប្រៀប‌ធៀប
ដល់​មនុស្ស
ហើយ​គេ​ស្តោះ​ដាក់​ចំ​មុខ​ខ្ញុំ។
7ភ្នែក​ខ្ញុំ​ក៏​ស្រវាំង ដោយ​សេចក្ដី​ទុក្ខ​ព្រួយ
ហើយ​អវយវៈ​រូប​កាយ​ខ្ញុំ​ទាំង​អស់
ទុក​ដូច​ជា​ស្រមោល​ទទេ។
8មនុស្ស​ទៀង​ត្រង់​នឹង​មាន​សេចក្ដី​អស្ចារ្យ
ពី​ដំណើរ​នេះ
ហើយ​មនុស្ស​ផូរ‌ផង់ គេ​នឹង​លើក​គ្នា
ទាស់​នឹង​មនុស្ស​ទមិឡ​ល្មើស។
9ចំណែក​អ្នក​សុចរិត គេ​នឹង​ព្យាយាម​ក្នុង​ផ្លូវ​គេ
ហើយ​អ្នក​ណា​ដែល​មាន​ដៃ​ស្អាត
អ្នក​នោះ​នឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង។
10ចំណែក​អ្នក​រាល់​គ្នា សូម​អញ្ជើញ​មក​វិញ
តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា ខ្ញុំ​មិន​ឃើញ​អ្នក​ណា​មួយ
ដែល​មាន​ប្រាជ្ញា​ឡើយ។
11អស់​ទាំង​ថ្ងៃ​អាយុ​ខ្ញុំ​បាន​កន្លង​ហួស​ទៅ
គម្រោង​ការ​របស់​ខ្ញុំ​ត្រូវ​រលាយ
គឺ​អស់​ទាំង​បំណង​របស់​ខ្ញុំ​បាន​កាត់​ផ្តាច់​ហើយ។
12គេ​ថា "ធ្វើ​ឲ្យ​យប់​ទៅ​ជា​ថ្ងៃ
ពន្លឺ​នៅ​ក្បែរ​ងងឹត​ដែរ"។
13បើ​កាល​ណា​ខ្ញុំ​សង្ឃឹម​នឹង​ឲ្យ​បាន
ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទុក​ជា​ទី​លំនៅ​ខ្ញុំ
បើ​ខ្ញុំ​ក្រាល​កន្ទេល​ដេក​របស់​ខ្ញុំ​នៅ​ស្ថាន​ងងឹត
14បើ​ខ្ញុំ​ពោល​ដល់​ផ្នូរ​ថា "ឯង​ជា​ឪពុក​ខ្ញុំ"
ហើយ​ពោល​ទៅ​ដង្កូវ​ថា "ឯង​ជា​ម្តាយ
ឬ​ជា​បង‌ប្អូន​ស្រី​របស់​ខ្ញុំ"
15តើ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ឯ​ណា?
តើ​មាន​អ្នក​ណា​ឃើញ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំទេ?
16តើ​វា​នឹង​ចុះ​ទៅ​ឯ​ទ្វារ
នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់?
តើ​យើង​នឹង​ចុះ​ទៅ​ជា‌មួយ​គ្នា
ចូល​ក្នុង​ធូលី​ដីឬ?»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 17: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល