ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសាសន៍យូដា ដែលជឿដល់ព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច»។ គេទូលឆ្លើយថា៖ «យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ មិនដែលធ្វើជាបាវបម្រើរបស់អ្នកណាឡើយ ម្តេចក៏អ្នកថា "អ្នករាល់គ្នានឹងបានរួច" ដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប គេជាបាវបម្រើរបស់អំពើបាបហើយ។ បាវបម្រើ គេមិននៅជាប់ក្នុងផ្ទះរហូតទេ តែកូនវិញ នៅជាប់រហូត។ ដូច្នេះ បើព្រះរាជបុត្រារំដោះអ្នករាល់គ្នាឲ្យបានរួច នោះអ្នករាល់គ្នានឹងបានរួចមែន។ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជលោកអ័ប្រាហាំ តែអ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យខ្ញុំ មិនស្ថិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាឡើយ។ ខ្ញុំនិយាយតែសេចក្តីណាដែលខ្ញុំបានឃើញជាមួយព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាធ្វើតែអ្វីដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។ គេទូលព្រះអង្គថា៖ «ឪពុករបស់យើង គឺលោកអ័ប្រាហាំ»។ ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «បើអ្នករាល់គ្នាពិតជាកូនចៅរបស់លោកអ័ប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើតាមលោកមិនខាន តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ជាមនុស្សដែលប្រាប់អ្នករាល់គ្នាពីសេចក្តីពិត ដែលខ្ញុំបានឮពីព្រះ។ លោកអ័ប្រាហាំមិនបានធ្វើដូច្នេះទេ។ អ្នករាល់គ្នាពិតជាធ្វើតាមឪពុករបស់ខ្លួនមែន»។ ដូច្នេះ គេទូលថា៖ «យើងរាល់គ្នាមិនមែនជាកូនសហាយទេ យើងមានព្រះវរបិតាតែមួយ គឺជាព្រះ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «បើព្រះជាព្រះវរបិតារបស់អ្នករាល់គ្នាមែន នោះអ្នកនឹងស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមកទីនេះ។ ខ្ញុំមិនបានមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមក។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំនិយាយដូច្នេះ? គឺដោយព្រោះអ្នករាល់គ្នាស្តាប់ពាក្យរបស់ខ្ញុំមិនបាន។ អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនឈរលើសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងវាឡើយ កាលណាវាពោលពាក្យភូតភរ នោះដុះចេញពីចិត្តវាមក ដ្បិតវាជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។ ប៉ុន្តែ ព្រោះតែខ្ញុំនិយាយសេចក្តីពិត អ្នករាល់គ្នាមិនជឿខ្ញុំ។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាម្នាក់ អាចចោទប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ? តែបើខ្ញុំនិយាយសេចក្តីពិតវិញ ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? អ្នកណាដែលកើតមកពីព្រះ តែងស្តាប់តាមព្រះបន្ទូលរបស់ព្រះ តែអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ»។
អាន យ៉ូហាន 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 8:31-47
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ