យ៉ូហាន 8:31-47

យ៉ូហាន 8:31-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ជន‌ជាតិ​យូដា ដែល​បាន​ជឿ​លើ​ព្រះអង្គ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស​របស់​ខ្ញុំ​មែន។ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី‌ភាព»។ គេ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ជា​កូន​ចៅ​លោក​អប្រាហាំ! យើង​ខ្ញុំ​មិន​ដែល​ធ្វើ​ខ្ញុំ​បម្រើ​អ្នក​ណា​ឡើយ ម្ដេច​ក៏​លោក​គ្រូ​ថា “អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព”​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ជា​ខ្ញុំ​បម្រើ​របស់​អំពើ​បាប។ ធម្មតា ខ្ញុំ​បម្រើ​មិន​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់​ជាប់​រហូត​ទេ មាន​តែ​កូន​របស់​ម្ចាស់​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​ជាប់​រហូត​ត​ទៅ។ ប្រសិន​បើ​ព្រះ‌បុត្រា​រំដោះ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ពិត​ជា​មាន​សេរី‌ភាព។ ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ ប៉ុន្តែ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ព្រោះ​ពាក្យ​របស់​ខ្ញុំ​មិន​ស្ថិត​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ឡើយ។ ខ្ញុំ​និយាយ​តែ​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​ព្រះ‌បិតា រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា»។ គេ​ទូល​ព្រះអង្គ​ថា៖ «ឪពុក​របស់​យើង​គឺ​លោក​អប្រាហាំ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «បើ​អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ​លោក​អប្រាហាំ​មែន អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​កិច្ចការ ដូច​លោក​អប្រាហាំ​ធ្លាប់​ធ្វើ​នោះ​មិន​ខាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌ជាម្ចាស់ លោក​អប្រាហាំ​មិន​បាន​ប្រព្រឹត្ត​ដូច្នេះ​ទេ។ អ្នក​រាល់​គ្នា​ធ្វើ​កិច្ចការ​ដែល​ឪពុក​អ្នក​រាល់​គ្នា​ប្រព្រឹត្ត»។ គេ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ជា​កូន​ពេញ​ច្បាប់ យើង​មាន​ឪពុក​តែ​មួយ​គត់​គឺ​ព្រះ‌ជាម្ចាស់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ពិត​ជា​ឪពុក​អ្នក​រាល់​គ្នា​មែន ម៉្លេះ​សម​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​ពុំ‌ខាន ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ‌ជាម្ចាស់​មក​ទី​នេះ។ ខ្ញុំ​មិន​មែន​មក​ដោយ​ចិត្ត​ឯង​ឡើយ គឺ​ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​ដូច្នេះ? គឺ​មក​ពី​អ្នក​រាល់​គ្នា​មិន​អាច​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​បាន។ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​មារ​សា‌តាំង* ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​ចំណង់​ចិត្ត​ឪពុក​អ្នក​រាល់​គ្នា។ តាំង​ពី​ដើម​រៀង​មក វា​បាន​សម្លាប់​មនុស្ស ហើយ​មិន​កាន់​តាម​សេចក្ដី​ពិត​ទេ ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​ខ្លួន​វា​សោះ។ ពេល​វា​និយាយ​កុហក នោះ​វា​និយាយ​ចេញ​ពី​គំនិត​វា​ផ្ទាល់ ព្រោះ​វា​ជា​មេ​កុហក ហើយ​ជា​ឪពុក​នៃ​អ្នក​កុហក។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​និយាយ​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ទេ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​នរណា​អាច​ចោទ​ប្រកាន់​ថា ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​បាន? បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ? អ្នក​ណា​កើត​មក​ពី​ព្រះ‌ជាម្ចាស់ អ្នក​នោះ​តែង​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​មែន​កើត​មក​ពី​ព្រះ‌ជាម្ចាស់​ទេ បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ខ្ញុំ​ដូច្នេះ»។

ចែក​រំលែក
អាន យ៉ូហាន 8

យ៉ូហាន 8:31-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាសន៍​យូដា ដែល​ជឿ​ដល់​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច»។ គេ​ទូល​ឆ្លើយ​ថា៖ «យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ មិន​ដែល​ធ្វើ​ជា​បាវ​បម្រើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា "អ្នក​រាល់​គ្នា​នឹង​បាន​រួច" ដូច្នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប គេ​ជា​បាវ​បម្រើ​របស់​អំពើ​បាប​ហើយ។ បាវ​បម្រើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​រហូត​ទេ តែ​កូន​វិញ នៅ​ជាប់​រហូត។ ដូច្នេះ បើ​ព្រះ‌រាជ‌បុត្រា​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រួច​មែន។ ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ តែ​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ព្រោះ​ពាក្យ​ខ្ញុំ មិន​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ឡើយ។ ខ្ញុំ​និយាយ​តែ​សេចក្តី​ណា​ដែល​ខ្ញុំ​បាន​ឃើញ​ជាមួយ​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «ឪពុក​របស់​យើង គឺ​លោក​អ័ប្រា‌ហាំ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «បើ​អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ​របស់​លោក​អ័ប្រា‌ហាំ​មែន អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​តាម​លោក​មិន​ខាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ជា​មនុស្ស​ដែល​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្តី​ពិត ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ។ លោក​អ័ប្រា‌ហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​ឪពុក​របស់​ខ្លួន​មែន»។ ដូច្នេះ គេ​ទូល​ថា៖ «យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះ‌វរបិតា​តែ​មួយ គឺ​ជា​ព្រះ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «បើ​ព្រះ​ជា​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក​ទី​នេះ។ ខ្ញុំ​មិន​បាន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ដែល​ខ្ញុំ​និយាយ​ដូច្នេះ? គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្តាប់​ពាក្យ​របស់​ខ្ញុំ​មិន​បាន។ អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សម្លាប់​គេ​តាំង​ពី​ដើម​មក វា​មិន​ឈរ​លើ​សេចក្តី​ពិត​ទេ ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ឡើយ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​ពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កុហក ហើយ​ជា​ឪពុក​នៃ​សេចក្តី​កុហក។ ប៉ុន្តែ ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្តី​ពិត អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ម្នាក់ អាច​ចោទ​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ? តែ​បើ​ខ្ញុំ​និយាយ​សេចក្តី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ? អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ តែង​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ តែ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ»។

ចែក​រំលែក
អាន យ៉ូហាន 8

យ៉ូហាន 8:31-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច គេ​ទូល​ឆ្លើយ​ថា យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ ក៏​មិន​ដែល​ធ្វើ​ជា​បាវ​បំរើ​របស់​អ្នក​ណា​ឡើយ ម្តេច​ក៏​អ្នក​ថា យើង​នឹង​បាន​រួច​ដូច្នេះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​ជា​បាវ​បំរើ​របស់​អំពើ​បាប​នោះ​ហើយ រីឯ​បាវ​បំរើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​ជា​ដរាប​ទេ តែ​ព្រះ‌រាជ‌បុត្រា ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ ដូច្នេះ បើ​ព្រះ‌រាជ‌បុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ ប៉ុន្តែ អ្នក​រាល់​គ្នា​រក​សំឡាប់​ខ្ញុំ ពី​ព្រោះ​ពាក្យ​ខ្ញុំ​គ្មាន​កន្លែង​ដក់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ខ្ញុំៗ​និយាយ​តែ​សេចក្ដី​ណា ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ធ្វើ​តែ​ការ ដែល​បាន​ឃើញ​នៅ​ឯ​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ គេ​ទូល​ឆ្លើយ​ថា គឺ​លោក​អ័ប្រា‌ហាំ ជា​ឪពុក​នៃ​យើង​រាល់​គ្នា ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា បើ​អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ពិត នោះ​នឹង​ធ្វើ​តាម​លោក​ជា​ប្រាកដ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​ចង់​សំឡាប់​ខ្ញុំ​វិញ ជា​មនុស្ស​ដែល​យក​សេចក្ដី​ពិត ដែល​បាន​ឮ​ពី​ព្រះ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា លោក​អ័ប្រា‌ហាំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ អ្នក​រាល់​គ្នា​ធ្វើ​តាម​តែ​ឪពុក​របស់​ខ្លួន ដូច្នេះ គេ​ទូល​ថា យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះវរ‌បិតា​តែ​១ គឺ​ជា​ព្រះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា បើ​ព្រះ​ជា​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​បាន​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក ហើយ​ក៏​មក​ដល់ មិន​មែន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ គឺ​មក​តែ​ពី​ស្តាប់​ពាក្យ​ខ្ញុំ​មិន​បាន​ប៉ុណ្ណោះ អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​វា​ទេ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្ដី​នោះ​ឯង ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្ដី​ពិត បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចាប់​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ តែ​បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​មិន​ជឿ​ដល់​ខ្ញុំ​សោះ អ្នក​ណា​ដែល​កើត​អំពី​ព្រះ នោះ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែរ ឯ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ។

ចែក​រំលែក
អាន យ៉ូហាន 8

យ៉ូហាន 8:31-47

យ៉ូហាន 8:31-47 គខបយ៉ូហាន 8:31-47 គខបយ៉ូហាន 8:31-47 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ