យ៉ូហាន 2:1-10

យ៉ូហាន 2:1-10 គកស១៦

បី​ថ្ងៃ​ក្រោយ​មក មាន​ពិធី‌មង្គល‌ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​មាតា​ព្រះ‌យេស៊ូវ​នៅ​ទីនោះ។ គេ​បាន​យាង​ព្រះ‌យេស៊ូវ និង​អញ្ជើញ​ពួក​សិស្ស​របស់​ព្រះ‌អង្គ ទៅ​ចូល​រួម​ពិធី​មង្គល​ការ​នោះ​ដែរ។ ពេល​អស់​ស្រា​ទំពាំង​បាយ​ជូរ មាតា​ព្រះយេ‌ស៊ូវ​ទូល​ព្រះ‌អង្គ​ថា៖ «គេ​អស់​ស្រា​ទំពាំង​បាយ​ជូរ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​មាតា​ថា៖ «អ្នក​ម្ដាយ​អើយ តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង? ពេល​វេលា​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ»។ មាតា​ព្រះ‌អង្គ​ប្រាប់​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់​ចុះ»។ នៅ​ទី​នោះ មាន​ពាង​ថ្ម​ប្រាំ​មួយ ដែល​សាសន៍​យូដា​ប្រើ​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ ពាង​មួយៗ​ចំណុះ​ទឹក​ពីរ​ឬ​បី​អម្រែក។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ» គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ប្រាប់​គេ​ថា៖ «ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​លោក​ចៅ​មហា​ទៅ» គេ​ក៏​ដង​យក​ទៅ​ជូន។ ពេល​ចៅមហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំង​បាយ​ជូរ ហើយ​មិន​ដឹង​ថា​ស្រា​នេះ​មក​ពី​ណា (មាន​តែ​ពួក​អ្នក​បម្រើ​ដែល​ដង​ទឹក​ប៉ុណ្ណោះ​ទើប​ដឹង) ចៅមហា​ក៏​ហៅ​កូន​កំលោះ​មក​និយាយ​ថា៖ «មនុស្ស​គ្រប់​គ្នា​តែង​លើក​ស្រា​ទំពាំង​បាយ​ជូរ​ឆ្ងាញ់ មក​ជូន​ភ្ញៀវ​ជា​មុន លុះ​បាន​ពិសា​ច្រើន​ហើយ ទើប​លើក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជា​ក្រោយ តែ​អ្នក​វិញ បែរ​ជា​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ពេល​នេះ»។

អាន យ៉ូហាន 2