យេរេមា 48

48
ការ​ជំនុំ​ជម្រះ​ជន​ជាតិ​ម៉ូអាប់
1ព្រះ​បន្ទូល​ស្ដី​ពី​ស្រុក​ម៉ូអាប់។
ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល
មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ វេទនា​ដល់​ក្រុង​នេបូរ
ព្រោះ​ត្រូវ​បំផ្លាញ​ហើយ ក្រុង​គារ‌យ៉ា‌ថែម​ក៏​ត្រូវ​ខ្មាស
គឺ​ត្រូវ​គេ​ចាប់​យក​បាន ក្រុង​មីសកាប​ត្រូវ​ខ្មាស​ដែរ
ហើយ​ត្រូវ​បំផ្លាញចោល
2សាសន៍​ម៉ូអាប់​លែង​មានកេរ្ត៍​ឈ្មោះ​ទៀត​ហើយ។
នៅ​ក្នុង​ក្រុង​ហែសបូន
គេ​បាន​បង្កើត​ការ​អាក្រក់​ទាស់​នឹង​វា​ថា៖
មក៍ យើង​កាត់​គេ​ចេញ​ពីសាសន៍​ទៅ
ឱ​ម៉ាតម៉ែន​អើយ អ្នក​ក៏​ដែរ
អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់ ដាវ​នឹង​ដេញ​តាម​អ្នក។
3មាន​ឮ​សូរ​សម្រែក​ចេញ​ពី​ក្រុង​ហូរ៉ូណែម
គឺ​ជា​ការ​ខូច‌បង់ ហើយ​បំផ្លាញ​យ៉ាង​សម្បើម
4ស្រុក​ម៉ូអាប់​បាន​ត្រូវ​បំផ្លាញ​ហើយ
ពួក​តូចៗ​របស់​គេ​បាន​ស្រែក​ឲ្យ​ឮ។
5ដ្បិត​គេ​នឹង​ឡើង​តាម​ផ្លូវ​ទៅ​ឯ​លូគីត​ទាំង​យំ​បណ្តើរ
ឯ​ត្រង់​ផ្លូវ​ចុះ​ទៅ​ឯ​ហូរ៉ូណែម
នោះ​មាន​ឮ​សម្រែក​ថប់​ព្រួយ​ពី​ការ​បំផ្លាញ។
6ចូរ​រត់​ទៅ​ឲ្យ​រួច​ជីវិត​ចុះ
ត្រូវ​រស់​នៅ​ដូច​ជា​ដើម​ឈើ​សោះ​កក្រោះ​នៅ​ទី​រហោ‌ស្ថាន
7ដ្បិតអ្នក​បាន​ទុក​ចិត្ត​នឹងកិច្ច​ការ​របស់​អ្នក
និង​ទ្រព្យ​សម្បត្តិ​របស់​អ្នក
បាន​ជា​អ្នក​នឹង​ត្រូវ​គេ​ចាប់​យក​ដែរ
ហើយ​ព្រះ‌កេម៉ូស​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ
ព្រម​ទាំង​ពួក​សង្ឃ និង​ពួកមន្ត្រី​ទាំង​អស់​ដែរ។
8មាន​មេ​បំផ្លាញ​មក​លើ​គ្រប់​ទាំង​ទី​ក្រុង
ឥត​មាន​ណា​មួយ​រួច​ឡើយ
ឯ​ច្រក​ភ្នំ​នឹង​ត្រូវ​វិនាស​ទៅ
ហើយ​ស្រុក​វាល​នឹង​ត្រូវ​បំផ្លាញ​ដែរ
ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។
9ចូរ​ឲ្យ​ម៉ូអាប់​មាន​ស្លាប​ចុះ ដើម្បី​ឲ្យ​បាន​ហើរ​ទៅ​ឲ្យ​រួច
ដ្បិត​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នឹង​ត្រូវ​ខូច‌បង់
ឥត​មាន​អ្នក​ណា​នៅ​ឡើយ
10អ្នក​ណា​ដែល​ធ្វើ​ការ​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រងើយ​កន្តើយ នោះ​ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ទប់​ដាវ​ខ្លួន​មិន​ឲ្យ​កម្ចាយ​ឈាម នោះ​ក៏​ត្រូវ​បណ្ដាសា​ដែរ។
11សាសន៍​ម៉ូអាប់​បាន​នៅ​ដោយ​ឥត​កង្វល់តាំង​ពី​ក្មេង​មក
គេ​បាន​រង​នៅ​លើក​ក​របស់​គេ
ឥត​ដែល​ចាក់​ផ្ទេរ​ពី​ដប​មួយ​ទៅ​ដល់​ដប​មួយ​ទៀត
ក៏​មិន​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឡើយ
ហេតុ​នោះ​បាន​ជា​គេ​មាន​រស​ជាតិ​នៅ​ដូច​ដដែល
ហើយ​ក្លិន​របស់​គេ​ក៏​មិន​បាន​ផ្លាស់​ប្រែ​ទៅ​ដែរ។
12ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​ចាត់​មនុស្ស​ទៅ​ឯ​គេ ដែល​នឹង​ចាក់​ផ្ទេរ​ចេញ​ឲ្យ​ដប​នៅ​ទទេ ហើយ​បំបែក​ដប​ឲ្យ​ខ្ទេច‌ខ្ទី​ដែរ។ 13ពេល​នោះ ម៉ូអាប់​នឹង​ខ្មាស​ចំពោះ​ព្រះ‌កេម៉ូស ដូច​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ខ្មាស​ចំពោះ​បេត-អែល ជា​ទី​ទុក​ចិត្ត​របស់​គេ​ដែរ។
14ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​ថា៖ យើង​ជា​មនុស្ស​ខ្លាំង​ពូកែ
ហើយ​ស្ទាត់​ជំនាញ​ក្នុង​ចម្បាំង?
15ស្រុក​ម៉ូអាប់​ត្រូវ​ខូច‌បង់​ហើយ
ទី​ក្រុង​របស់​គេ​បាន​ហុយ​ឡើង​ជា​ផ្សែង
ពួក​កំលោះៗ​ដ៏​ក្លាហាន​របស់​គេ​នឹង​ត្រូវ​គេ​សម្លាប់
នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រដែល​ព្រះ‌អង្គ​ព្រះ‌នាម​ថា
ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។
16សេចក្ដី​អន្តរាយ​របស់​សាសន៍​ម៉ូអាប់​ជិត​មក​ដល់​ហើយ
សេចក្ដី​វេទនា​របស់​គេ​ក៏​ប្រញាប់​រួស‌រាន់​ដែរ។
17អ្នក​រាល់​គ្នា​ដែល​នៅ​ជុំ‌វិញ​គេ​អើយ
ចូរ​យំ​ទួញ​នឹង​គេ​ចុះ ហើយ​អ្នក​រាល់​គ្នា
ដែល​ស្គាល់​ឈ្មោះ​គេ​អើយ
ចូរ​ពោល​ថា៖ ដំបង​ខែង​មាំ​នោះ​បាន​បាក់​យ៉ាង​ណា​ហ្ន៎
ជា​ដំបង​រុងរឿង​ផង។
18ឱ​កូន​ស្រី​ដែល​អាស្រ័យ​នៅ​ក្រុង​ឌីបូន​អើយ
ចូរ​ចុះ​ពី​សណ្ឋាន​រុងរឿង​ឧត្តម​របស់​អ្នក​មក
ហើយ​អង្គុយ​នៅ​ទី​ស្រេក​វិញ​ចុះ
ដ្បិត​មេ​ដែល​បំផ្លាញ​ស្រុក​ម៉ូអាប់
បាន​ឡើង​មក​ទាស់​នឹង​អ្នក​ហើយ
គេ​បាន​បំផ្លាញ​ទី​មាំ‌មួន​របស់​អ្នក។
19ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​អារ៉ូអ៊ើរ​អើយ
ចូរ​ឈរ​ក្បែរ​ផ្លូវ​មើល​ចុះ ចូរ​សួរ​អ្នក​ដែល​រត់
ហើយ​ស្រី​ដែល​បាន​រួច​មក​ថា៖ តើ​មាន​អ្វី​កើត​ឡើង?
20សាសន៍​ម៉ូអាប់​ត្រូវ​ខ្មាស ពី​ព្រោះ​ត្រូវ​រំលំ​ហើយ
ចូរ​ស្រែក​ទ្រហោ​យំ​ចុះ
ចូរ​ប្រាប់​នៅ​មាត់​ស្ទឹង​អើណូន​ថា៖
ម៉ូអាប់​ត្រូវ​ខូច‌បង់​ហើយ។
21ការ​សម្រេច​ទោស​បាន​ធ្លាក់​មក​លើ​ស្រុក​វាល គឺ​លើ​ហូឡូន យ៉ាហាស និង​មេផ្អាត 22លើ​ឌីបូន នេបូរ បេត-ឌីប្លាថែម 23លើ​គារ‌យ៉ា‌ថែម បេត-កាមូល បេត-មេយ៉ូន 24ហើយ​លើកេរីយ៉ុត បុសរ៉ា និង​អស់​ទាំង​ទី​ក្រុង នៅ​ស្រុក​ម៉ូអាប់​ទាំង​ជិត​ទាំង​ឆ្ងាយ។ 25ឯ​ស្នែង​របស់​សាសន៍​ម៉ូអាប់​នោះ​បាន​កាត់​ចេញ​ហើយ ដៃ​គេ​ក៏​ត្រូវ​បាក់​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។
26ចូរ​បង្អក​ឲ្យ​គេ​ស្រវឹង​ចុះ ដ្បិត​គេ​បាន​តម្កើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា ម៉ូអាប់​នឹង​ត្រូវ​ននៀល​ក្នុង​កម្អួត​របស់​ខ្លួន ហើយ​នឹង​ត្រូវ​គេ​មើល‌ងាយ​ដែរ។ 27តើ​សាសន៍​អ៊ីស្រា‌អែល​មិន​មែន​ជា​ទី​មើល‌ងាយ​ដល់​អ្នក​ឬ? តើ​បាន​ឃើញ​គេ​នៅ​កណ្ដាល​ពួក​ចោរ​ឬ? ដ្បិត​វេលា​ណា​ដែល​អ្នក​និយាយ​ពី​គេ នោះ​អ្នក​ចេះ​តែ​គ្រវី​ក្បាល។
28ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​ទាំង​ប៉ុន្មាន
ទៅ​អាស្រ័យ​នៅ​ក្នុង​ថ្ម​ចុះ ឲ្យ​បាន​ដូច​ជា​ព្រាប
ដែល​ធ្វើ​សម្បុក​នៅ​មាត់​ចម្រេះ​រអាង។
29យើង​បាន​ឮ​និយាយ​ពី​សេចក្ដី​អំនួត​របស់​សាសន៍​ម៉ូអាប់​ថា៖
គេ​អួត‌អាង​ខ្លាំង​ណាស់ គេ​មាន​អំនួត
គេ​វាយ‌ឫក និងមាន​ចិត្ត​ឆ្មើង‌ឆ្មៃ​ដែរ។
30ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
យើង​ស្តាប់​សេចក្ដី​ឃោរ‌ឃៅ​របស់​គេ
មិន​ជា​អ្វី​ទេ អស់​ទាំង​សេចក្ដី​អំនួត​របស់​គេ
មិន​បាន​បង្កើត​អ្វី​សោះ។
31ដូច្នេះ យើង​នឹង​ទ្រហោ​យំ​នឹង​សាសន៍​ម៉ូអាប់
យើង​នឹង​ស្រែក​ឡើង ដោយ​ព្រោះ​សាសន៍​ទាំង​មូល
ក៏​សោយ​សោក​ចំពោះ​ពួក​មនុស្ស
នៅ​គារ-ហារ៉ាសែត​ដែរ។
32ឱ​ដើម​ទំពាំង‌បាយ‌ជូរ​នៅ​ត្រង់​ស៊ីបម៉ា​អើយ
យើង​យំ​នឹង​អ្នក លើស​ជាង​យំ​នឹង​យ៉ាស៊ើរ​ទៅ​ទៀត
ខ្នែង​របស់​អ្នក​បាន​បោះ​ចេញ​ទៅ​ដល់​ត្រើយ​សមុទ្រ​ម្ខាង
បាន​លូក​ទៅ​ដល់​សមុទ្រ​យ៉ាស៊ើរ
មេ​បំផ្លាញ​បាន​ធ្លាក់​មក​លើ​ផល​រដូវ​ក្តៅ
និង​លើ​ផល​ទំពាំង‌បាយ‌ជូរ​របស់​អ្នក។
33សេចក្ដី​រីក‌រាយ និង​អំណរ
បាន​ដក​ចេញ​ពី​ចម្ការ​ដុះ‌ដាល ហើយ​ពី​ស្រុក​ម៉ូអាប់
យើង​បាន​ធ្វើ​ឲ្យ​លែង​មាន​ស្រា​ទំពាំង‌បាយ‌ជូរ
នៅ​ក្នុង​ធុង​ឃ្នាប​ទៀត ក៏​គ្មាន​អ្នក​ណា​ជាន់​ផ្លែ
ដោយ​សម្រែក​ខ្ញៀវ‌ខ្ញារ
សូរ​សម្រែក​របស់​គេ​មិន​មែន​ជា​សម្រែក​ពិត​ទេ។
34សម្រែក​របស់​ក្រុង​ហែសបូន និង​ក្រុង​អេលាលេ ឮ​បាន​ឆ្ងាយ ដូច​ឮ​រហូត​ទៅ​ដល់​យ៉ាហាស ហើយ​ឮ​ពី​សូអារ​ទៅ​ដល់​ហូរ៉ូណែម និង​អេ​ក្លាត​-សេលីស៊ីយ៉ា ដ្បិត​ទឹក​នៅ​នីមរីម​បាន​រីង​ស្ងួត​អស់​ហើយ។ 35មួយ​ទៀត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ធ្វើ​ឲ្យ​លែង​មាន​អ្នក​ណា​ថ្វាយ​តង្វាយ​នៅ​លើ​ទី​ខ្ពស់ និង​អ្នក​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ស្រុក​ម៉ូអាប់​ទៀតហើយ។
36ដូច្នេះ ចិត្ត​យើង​ថ្ងូរស្រណោះស្រុក​ម៉ូអាប់​ដូចសូរ​ខ្លុយ ហើយ​ចិត្ត​យើង​នឹង​ឮ​ឡើង​ដូច​ជា​ខ្លុយ ដោយ​ព្រោះ​មនុស្ស​ដែល​អាស្រ័យ​នៅ​គារ-ហារ៉ាសែត​ដែរ ពី​ព្រោះ​ផល​បរិបូរ​ដែល​គេ​បាន​ប្រមូល​ទុក បាន​វិនាស​អស់​ទៅ​ហើយ។ 37ដ្បិត​មនុស្សគ្រប់​គ្នា​បាន​កោរ​ត្រងោល ហើយ​កាត់​ពុក​ចង្កា គេ​បាន​ឆូត​សាច់​ដៃ​គ្រប់​គ្នា ហើយ​ស្លៀក​សំពត់​ធ្មៃ។ 38នៅ​លើ​ដំបូល​ផ្ទះ និង​នៅ​ក្នុង​ផ្លូវ​នៃ​ស្រុក​ម៉ូអាប់ មាន​ឮ​សុទ្ធ​តែ​សូរ​ទំនួញ​គ្រប់​កន្លែង ដ្បិត​យើង​បាន​បំបែក​សាសន៍​ម៉ូអាប់ ដូច​ជា​ភាជនៈ​ដែល​ឥត​មាន​អ្នក​ណា​ចូល​ចិត្ត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ 39គេ​នឹង​ស្រែក​ទ្រហោ​ថា៖ ស្រុក​ត្រូវ​បែក​បាក់​ខូច​យ៉ាង​ណា​ហ្ន៎ សាសន៍​ម៉ូអាប់​បាន​បែរ​ខ្នង ដោយ​ខ្មាស​ហ្ន៎ គឺ​យ៉ាង​នោះ​ដែល​សាសន៍​ម៉ូអាប់​នឹង​ត្រឡប់​ជា​ទី​មើល‌ងាយ និង​ជា​ទី​ស្ញែង​ខ្លាច ដល់​អស់​អ្នក​នៅ​ព័ទ្ធ​ជុំ‌វិញ​គេ។
40ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
មើល៍! ខ្មាំង​សត្រូវ​នឹង​ហើរ​មក​ដូច​ជា​ឥន្ទ្រី
ហើយ​ត្រដាង​ស្លាប​ពី​លើ​ស្រុក​ម៉ូអាប់។
41កេរីយ៉ុត​ត្រូវ​ចាប់​យក​ហើយ
គេ​ក៏​ចាប់​បាន​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន​ដែរ
នៅ​ថ្ងៃ​នោះ ចិត្ត​នៃ​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់
នឹង​បាន​ដូច​ជា​ចិត្ត​របស់​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន។
42ម៉ូអាប់​នឹង​ត្រូវ​បំផ្លាញ​ចេញ​ពី​ដំណែង​ជា​សាសន៍
ពី​ព្រោះ​គេ​បាន​តម្កើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា។
43ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ សេចក្ដី​ស្ញែង​ខ្លាច
រណ្តៅ និង​អន្ទាក់ មក​លើ​អ្នក​ហើយ។
44អ្នក​ណា​ដែល​រត់​រួច​ពី​សេចក្ដី​ស្ញែង​ខ្លាច
នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ
ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ
នឹង​ជាប់​អន្ទាក់​វិញ
ដ្បិត​យើង​នឹង​នាំ​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​មក​លើ​គេ
គឺ​មក​លើ​សាសន៍​ម៉ូអាប់
នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
45ពួក​អ្នក​ដែល​រត់
គេ​ឈរ​នៅ​ទាំង​អស់​កម្លាំង​ក្រោម​ម្លប់​ក្រុង​ហែសបូន
ប៉ុន្តែ មាន​ភ្លើង​ចេញ​ពី​ហែសបូន
និង​អណ្ដាត​ភ្លើង​ចេញ​ពី​កណ្ដាល​ស៊ីហុន
ទៅ​បញ្ឆេះ​ទី​បំផុត​នៃ​ស្រុក​ម៉ូអាប់
និង​ក្រយៅ​ក្បាល​នៃ​ពួក​ជ្រួល‌ជ្រើម​ទៅ។
46ឱ​ម៉ូអាប់​អើយ វរ​ដល់​អ្នក​ហើយ
ពួក​ព្រះ‌កេម៉ូស​កំពុង​វិនាស​ទៅ
ដ្បិត​ពួក​កូន​ប្រុស​កូន​ស្រី​របស់​អ្នក
ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​ហើយ។
47ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
ដល់​គ្រា​ក្រោយ យើង​នឹង​នាំ​ពួក​ម៉ូអាប់
ដែល​ជា​ឈ្លើយ​នោះ​មក​វិញ
ទោស​របស់​សាសន៍​ម៉ូអាប់ចប់​ត្រឹម​ប៉ុណ្ណេះ​ហើយ។

ទើបបានជ្រើសរើសហើយ៖

យេរេមា 48: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល