យេរេមា 47

47
ការ​ជំនុំ​ជម្រះ​ជន​ជាតិ​ភីលី‌ស្ទីន
1នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ពួក​សាសន៍​ភីលី‌ស្ទីន កាល​មុន​ដែល​ផារ៉ោន​បាន​វាយ​យក​ក្រុង​កាសា
2ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
មើល៍! មាន​ទឹក​ឡើង​ចេញ​ពី​ទិស​ខាង​ជើង
ទឹក​នោះ​នឹង​ត្រឡប់​ជា​ទន្លេ​ដែល​លិច​ច្រាំង
ក៏​នឹង​ជន់​ឡើង​លិច​ស្រុក និង​បណ្ដា​ដែល
នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែរ
គឺ​ទាំង​ទី​ក្រុង និង​មនុស្ស​ដែល​អាស្រ័យ​នៅ​ផង
នោះ​បណ្ដា​មនុស្ស​នឹង​ស្រែក​ឡើង
ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ទាំង​ប៉ុន្មាន​នឹង​ទ្រហោ​យំ
3ដោយ​ឮ​សូរ​ព្រូស‌ព្រឹប​នៃ​ជើង​សេះ​ដ៏​ខ្លាំង​ពូកែ​របស់​គេ
ដោយ​សូរ​រន្ថាន់​របស់​រទេះ​ចម្បាំង​គេ
និង​សូរ​រ៉ូង‌រ៉ាង​នៃ​កង់​រទេះ​ផង
ឪពុក​ទាំង​ប៉ុន្មាន​នឹង​មិន​ងាក​ទៅ​ក្រោយ​មើល​កូន​ឡើយ
ដោយ​ព្រោះ​ខ្សោយ​ដៃ
4ដ្បិត​ថ្ងៃ​ដែល​ត្រូវ​បំផ្លាញ​ពួក​ភីលី‌ស្ទីន​ទាំង​អស់
បាន​មក​ដល់​ហើយ
ដើម្បី​នឹង​កាត់​អស់​ទាំង​អ្នក​ជំនួយ
ដែល​នៅ​សល់​ចេញ​ពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន
ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​សាសន៍​ភីលី‌ស្ទីន
ជា​សំណល់​មនុស្ស​មក​ពី​កោះ​កាប់ថោរ។
5អ្នក​ក្រុង​កាសា​នឹង​កោសក់​កាន់​ទុក្ខ
អ្នក​ក្រុង​អាស‌កា‌ឡូន​ក៏​នឹង​ត្រូវ​វិនាស។
ឱ​សំណល់​មនុស្ស​ដែល​នៅ​ជ្រលង​ភ្នំអើយ
តើ​អ្នកនៅ​អារ​សាច់​ខ្លួន​ដល់​កាល​ណា​ទៀត ?
6ឱ​ដាវ​នៃ​ព្រះ‌យេហូវ៉ា​អើយ
តើ​ដល់​កាល​ណា​បាន​អ្នក​ឈប់​ទ្រឹង?
ចូរ​ស៊ក​ខ្លួន​ទៅ​ក្នុង​ស្រោម​វិញ
ចូរ​ផ្អាក ហើយ​ស្ងៀម​នៅចុះ។
7តើ​វា​នៅ​ស្ងៀម​ម្ដេច​បាន
ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ហើយ
គឺ​ព្រះ‌អង្គ​តម្រូវ​ឲ្យ​ទាស់​នឹង​ក្រុង​អាស‌កា‌ឡូន
និង​ឆ្នេរ​សមុទ្រដែរ។

ទើបបានជ្រើសរើសហើយ៖

យេរេមា 47: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល