យេរេមា 48
48
ការជំនុំជម្រះជនជាតិម៉ូអាប់
1ព្រះបន្ទូលស្ដីពីស្រុកម៉ូអាប់។
ព្រះយេហូវ៉ានៃពួកពលបរិវារ
ជាព្រះរបស់សាសន៍អ៊ីស្រាអែល
មានព្រះបន្ទូលដូច្នេះថា៖ វេទនាដល់ក្រុងនេបូរ
ព្រោះត្រូវបំផ្លាញហើយ ក្រុងគារយ៉ាថែមក៏ត្រូវខ្មាស
គឺត្រូវគេចាប់យកបាន ក្រុងមីសកាបត្រូវខ្មាសដែរ
ហើយត្រូវបំផ្លាញចោល
2សាសន៍ម៉ូអាប់លែងមានកេរ្ត៍ឈ្មោះទៀតហើយ។
នៅក្នុងក្រុងហែសបូន
គេបានបង្កើតការអាក្រក់ទាស់នឹងវាថា៖
មក៍ យើងកាត់គេចេញពីសាសន៍ទៅ
ឱម៉ាតម៉ែនអើយ អ្នកក៏ដែរ
អ្នកនឹងត្រូវចោលស្ងាត់ ដាវនឹងដេញតាមអ្នក។
3មានឮសូរសម្រែកចេញពីក្រុងហូរ៉ូណែម
គឺជាការខូចបង់ ហើយបំផ្លាញយ៉ាងសម្បើម
4ស្រុកម៉ូអាប់បានត្រូវបំផ្លាញហើយ
ពួកតូចៗរបស់គេបានស្រែកឲ្យឮ។
5ដ្បិតគេនឹងឡើងតាមផ្លូវទៅឯលូគីតទាំងយំបណ្តើរ
ឯត្រង់ផ្លូវចុះទៅឯហូរ៉ូណែម
នោះមានឮសម្រែកថប់ព្រួយពីការបំផ្លាញ។
6ចូររត់ទៅឲ្យរួចជីវិតចុះ
ត្រូវរស់នៅដូចជាដើមឈើសោះកក្រោះនៅទីរហោស្ថាន
7ដ្បិតអ្នកបានទុកចិត្តនឹងកិច្ចការរបស់អ្នក
និងទ្រព្យសម្បត្តិរបស់អ្នក
បានជាអ្នកនឹងត្រូវគេចាប់យកដែរ
ហើយព្រះកេម៉ូសនឹងត្រូវចាប់ទៅជាឈ្លើយ
ព្រមទាំងពួកសង្ឃ និងពួកមន្ត្រីទាំងអស់ដែរ។
8មានមេបំផ្លាញមកលើគ្រប់ទាំងទីក្រុង
ឥតមានណាមួយរួចឡើយ
ឯច្រកភ្នំនឹងត្រូវវិនាសទៅ
ហើយស្រុកវាលនឹងត្រូវបំផ្លាញដែរ
ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។
9ចូរឲ្យម៉ូអាប់មានស្លាបចុះ ដើម្បីឲ្យបានហើរទៅឲ្យរួច
ដ្បិតទីក្រុងទាំងប៉ុន្មានរបស់គេនឹងត្រូវខូចបង់
ឥតមានអ្នកណានៅឡើយ
10អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្ដាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកម្ចាយឈាម នោះក៏ត្រូវបណ្ដាសាដែរ។
11សាសន៍ម៉ូអាប់បាននៅដោយឥតកង្វល់តាំងពីក្មេងមក
គេបានរងនៅលើកករបស់គេ
ឥតដែលចាក់ផ្ទេរពីដបមួយទៅដល់ដបមួយទៀត
ក៏មិនដែលត្រូវនាំទៅជាឈ្លើយឡើយ
ហេតុនោះបានជាគេមានរសជាតិនៅដូចដដែល
ហើយក្លិនរបស់គេក៏មិនបានផ្លាស់ប្រែទៅដែរ។
12ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងចាត់មនុស្សទៅឯគេ ដែលនឹងចាក់ផ្ទេរចេញឲ្យដបនៅទទេ ហើយបំបែកដបឲ្យខ្ទេចខ្ទីដែរ។ 13ពេលនោះ ម៉ូអាប់នឹងខ្មាសចំពោះព្រះកេម៉ូស ដូចជាពួកវង្សអ៊ីស្រាអែលបានខ្មាសចំពោះបេត-អែល ជាទីទុកចិត្តរបស់គេដែរ។
14ម្តេចបានជាអ្នករាល់គ្នាថា៖ យើងជាមនុស្សខ្លាំងពូកែ
ហើយស្ទាត់ជំនាញក្នុងចម្បាំង?
15ស្រុកម៉ូអាប់ត្រូវខូចបង់ហើយ
ទីក្រុងរបស់គេបានហុយឡើងជាផ្សែង
ពួកកំលោះៗដ៏ក្លាហានរបស់គេនឹងត្រូវគេសម្លាប់
នេះជាព្រះបន្ទូលនៃមហាក្សត្រដែលព្រះអង្គព្រះនាមថា
ព្រះយេហូវ៉ានៃពួកពលបរិវារ។
16សេចក្ដីអន្តរាយរបស់សាសន៍ម៉ូអាប់ជិតមកដល់ហើយ
សេចក្ដីវេទនារបស់គេក៏ប្រញាប់រួសរាន់ដែរ។
17អ្នករាល់គ្នាដែលនៅជុំវិញគេអើយ
ចូរយំទួញនឹងគេចុះ ហើយអ្នករាល់គ្នា
ដែលស្គាល់ឈ្មោះគេអើយ
ចូរពោលថា៖ ដំបងខែងមាំនោះបានបាក់យ៉ាងណាហ្ន៎
ជាដំបងរុងរឿងផង។
18ឱកូនស្រីដែលអាស្រ័យនៅក្រុងឌីបូនអើយ
ចូរចុះពីសណ្ឋានរុងរឿងឧត្តមរបស់អ្នកមក
ហើយអង្គុយនៅទីស្រេកវិញចុះ
ដ្បិតមេដែលបំផ្លាញស្រុកម៉ូអាប់
បានឡើងមកទាស់នឹងអ្នកហើយ
គេបានបំផ្លាញទីមាំមួនរបស់អ្នក។
19ឱអ្នកដែលអាស្រ័យនៅក្រុងអារ៉ូអ៊ើរអើយ
ចូរឈរក្បែរផ្លូវមើលចុះ ចូរសួរអ្នកដែលរត់
ហើយស្រីដែលបានរួចមកថា៖ តើមានអ្វីកើតឡើង?
20សាសន៍ម៉ូអាប់ត្រូវខ្មាស ពីព្រោះត្រូវរំលំហើយ
ចូរស្រែកទ្រហោយំចុះ
ចូរប្រាប់នៅមាត់ស្ទឹងអើណូនថា៖
ម៉ូអាប់ត្រូវខូចបង់ហើយ។
21ការសម្រេចទោសបានធ្លាក់មកលើស្រុកវាល គឺលើហូឡូន យ៉ាហាស និងមេផ្អាត 22លើឌីបូន នេបូរ បេត-ឌីប្លាថែម 23លើគារយ៉ាថែម បេត-កាមូល បេត-មេយ៉ូន 24ហើយលើកេរីយ៉ុត បុសរ៉ា និងអស់ទាំងទីក្រុង នៅស្រុកម៉ូអាប់ទាំងជិតទាំងឆ្ងាយ។ 25ឯស្នែងរបស់សាសន៍ម៉ូអាប់នោះបានកាត់ចេញហើយ ដៃគេក៏ត្រូវបាក់ដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
26ចូរបង្អកឲ្យគេស្រវឹងចុះ ដ្បិតគេបានតម្កើងខ្លួនទាស់នឹងព្រះយេហូវ៉ា ម៉ូអាប់នឹងត្រូវននៀលក្នុងកម្អួតរបស់ខ្លួន ហើយនឹងត្រូវគេមើលងាយដែរ។ 27តើសាសន៍អ៊ីស្រាអែលមិនមែនជាទីមើលងាយដល់អ្នកឬ? តើបានឃើញគេនៅកណ្ដាលពួកចោរឬ? ដ្បិតវេលាណាដែលអ្នកនិយាយពីគេ នោះអ្នកចេះតែគ្រវីក្បាល។
28ឱពួកអ្នកស្រុកម៉ូអាប់អើយ ចូរចេញពីទីក្រុងទាំងប៉ុន្មាន
ទៅអាស្រ័យនៅក្នុងថ្មចុះ ឲ្យបានដូចជាព្រាប
ដែលធ្វើសម្បុកនៅមាត់ចម្រេះរអាង។
29យើងបានឮនិយាយពីសេចក្ដីអំនួតរបស់សាសន៍ម៉ូអាប់ថា៖
គេអួតអាងខ្លាំងណាស់ គេមានអំនួត
គេវាយឫក និងមានចិត្តឆ្មើងឆ្មៃដែរ។
30ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
យើងស្តាប់សេចក្ដីឃោរឃៅរបស់គេ
មិនជាអ្វីទេ អស់ទាំងសេចក្ដីអំនួតរបស់គេ
មិនបានបង្កើតអ្វីសោះ។
31ដូច្នេះ យើងនឹងទ្រហោយំនឹងសាសន៍ម៉ូអាប់
យើងនឹងស្រែកឡើង ដោយព្រោះសាសន៍ទាំងមូល
ក៏សោយសោកចំពោះពួកមនុស្ស
នៅគារ-ហារ៉ាសែតដែរ។
32ឱដើមទំពាំងបាយជូរនៅត្រង់ស៊ីបម៉ាអើយ
យើងយំនឹងអ្នក លើសជាងយំនឹងយ៉ាស៊ើរទៅទៀត
ខ្នែងរបស់អ្នកបានបោះចេញទៅដល់ត្រើយសមុទ្រម្ខាង
បានលូកទៅដល់សមុទ្រយ៉ាស៊ើរ
មេបំផ្លាញបានធ្លាក់មកលើផលរដូវក្តៅ
និងលើផលទំពាំងបាយជូររបស់អ្នក។
33សេចក្ដីរីករាយ និងអំណរ
បានដកចេញពីចម្ការដុះដាល ហើយពីស្រុកម៉ូអាប់
យើងបានធ្វើឲ្យលែងមានស្រាទំពាំងបាយជូរ
នៅក្នុងធុងឃ្នាបទៀត ក៏គ្មានអ្នកណាជាន់ផ្លែ
ដោយសម្រែកខ្ញៀវខ្ញារ
សូរសម្រែករបស់គេមិនមែនជាសម្រែកពិតទេ។
34សម្រែករបស់ក្រុងហែសបូន និងក្រុងអេលាលេ ឮបានឆ្ងាយ ដូចឮរហូតទៅដល់យ៉ាហាស ហើយឮពីសូអារទៅដល់ហូរ៉ូណែម និងអេក្លាត-សេលីស៊ីយ៉ា ដ្បិតទឹកនៅនីមរីមបានរីងស្ងួតអស់ហើយ។ 35មួយទៀតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងធ្វើឲ្យលែងមានអ្នកណាថ្វាយតង្វាយនៅលើទីខ្ពស់ និងអ្នកដែលដុតកំញានថ្វាយដល់ព្រះរបស់ខ្លួននៅក្នុងស្រុកម៉ូអាប់ទៀតហើយ។
36ដូច្នេះ ចិត្តយើងថ្ងូរស្រណោះស្រុកម៉ូអាប់ដូចសូរខ្លុយ ហើយចិត្តយើងនឹងឮឡើងដូចជាខ្លុយ ដោយព្រោះមនុស្សដែលអាស្រ័យនៅគារ-ហារ៉ាសែតដែរ ពីព្រោះផលបរិបូរដែលគេបានប្រមូលទុក បានវិនាសអស់ទៅហើយ។ 37ដ្បិតមនុស្សគ្រប់គ្នាបានកោរត្រងោល ហើយកាត់ពុកចង្កា គេបានឆូតសាច់ដៃគ្រប់គ្នា ហើយស្លៀកសំពត់ធ្មៃ។ 38នៅលើដំបូលផ្ទះ និងនៅក្នុងផ្លូវនៃស្រុកម៉ូអាប់ មានឮសុទ្ធតែសូរទំនួញគ្រប់កន្លែង ដ្បិតយើងបានបំបែកសាសន៍ម៉ូអាប់ ដូចជាភាជនៈដែលឥតមានអ្នកណាចូលចិត្តឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 39គេនឹងស្រែកទ្រហោថា៖ ស្រុកត្រូវបែកបាក់ខូចយ៉ាងណាហ្ន៎ សាសន៍ម៉ូអាប់បានបែរខ្នង ដោយខ្មាសហ្ន៎ គឺយ៉ាងនោះដែលសាសន៍ម៉ូអាប់នឹងត្រឡប់ជាទីមើលងាយ និងជាទីស្ញែងខ្លាច ដល់អស់អ្នកនៅព័ទ្ធជុំវិញគេ។
40ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
មើល៍! ខ្មាំងសត្រូវនឹងហើរមកដូចជាឥន្ទ្រី
ហើយត្រដាងស្លាបពីលើស្រុកម៉ូអាប់។
41កេរីយ៉ុតត្រូវចាប់យកហើយ
គេក៏ចាប់បានទីមាំមួនទាំងប៉ុន្មានដែរ
នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់
នឹងបានដូចជាចិត្តរបស់ស្រីដែលឈឺនឹងសម្រាលកូន។
42ម៉ូអាប់នឹងត្រូវបំផ្លាញចេញពីដំណែងជាសាសន៍
ពីព្រោះគេបានតម្កើងខ្លួនទាស់នឹងព្រះយេហូវ៉ា។
43ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
ឱពួកអ្នកស្រុកម៉ូអាប់អើយ សេចក្ដីស្ញែងខ្លាច
រណ្តៅ និងអន្ទាក់ មកលើអ្នកហើយ។
44អ្នកណាដែលរត់រួចពីសេចក្ដីស្ញែងខ្លាច
នឹងធ្លាក់ទៅក្នុងរណ្តៅ
ហើយអ្នកណាដែលឡើងរួចពីរណ្តៅ
នឹងជាប់អន្ទាក់វិញ
ដ្បិតយើងនឹងនាំឆ្នាំដែលត្រូវធ្វើទោសមកលើគេ
គឺមកលើសាសន៍ម៉ូអាប់
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
45ពួកអ្នកដែលរត់
គេឈរនៅទាំងអស់កម្លាំងក្រោមម្លប់ក្រុងហែសបូន
ប៉ុន្តែ មានភ្លើងចេញពីហែសបូន
និងអណ្ដាតភ្លើងចេញពីកណ្ដាលស៊ីហុន
ទៅបញ្ឆេះទីបំផុតនៃស្រុកម៉ូអាប់
និងក្រយៅក្បាលនៃពួកជ្រួលជ្រើមទៅ។
46ឱម៉ូអាប់អើយ វរដល់អ្នកហើយ
ពួកព្រះកេម៉ូសកំពុងវិនាសទៅ
ដ្បិតពួកកូនប្រុសកូនស្រីរបស់អ្នក
ត្រូវចាប់ទៅជាឈ្លើយហើយ។
47ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
ដល់គ្រាក្រោយ យើងនឹងនាំពួកម៉ូអាប់
ដែលជាឈ្លើយនោះមកវិញ
ទោសរបស់សាសន៍ម៉ូអាប់ចប់ត្រឹមប៉ុណ្ណេះហើយ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 48: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies