យេរេមា 46
46
ការជំនុំជម្រះស្រុកអេស៊ីព្ទ
1នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរសាសន៍ដទៃទាំងប៉ុន្មាន។
2ពីស្រុកអេស៊ីព្ទ គឺពីដំណើរពលទ័ពរបស់ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ ដែលនៅត្រង់កើកេមីស ក្បែរមាត់ទន្លេអ៊ើប្រាត ជាស្រុកដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនបានវាយយក ក្នុងឆ្នាំទីបួននៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា
3ចូររៀបចំខែលតូចខែលធំ ហើយចូលទៅឯចម្បាំងចុះ
4ឱពួកពលសេះអើយ ចូរត្រៀមសេះ ហើយឡើងជិះចុះ
ចូរចេញមកទាំងពាក់មួកសឹក ចូរខាត់លំពែង
ហើយពាក់អាវក្រោះទៅ
5ហេតុអ្វីបានជាយើងត្រូវឃើញដូច្នេះ
គេត្រូវស្លុតចិត្ត ហើយបានថយចេញទៅ
ពួកខ្លាំងពូកែរបស់គេបានត្រូវវាយផ្ដួលចុះ
ក៏រត់ទៅឥតងាកបែរទៅខាងក្រោយឡើយ
ព្រោះមានសេចក្ដីស្ញែងខ្លាចនៅគ្រប់ជុំវិញ
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
6កុំបើកឲ្យមនុស្សលឿនរត់ទៅបាត់
ឬមនុស្សខ្លាំងពូកែរួចខ្លួនឡើយ
គេបានចំពប់ដួលចុះ នៅស្រុកខាងជើង
ក្បែរទន្លេអ៊ើប្រាតហើយ
7តើអ្នកណានេះ ដែលឡើងមក
ដូចជាទឹកជន់ដែលទឹកនោះកម្រើកឡើងដូចជាទន្លេ
8ស្រុកអេស៊ីព្ទឡើងមកដូចជាទឹកជន់
ហើយទឹកនោះក៏កម្រើកឡើងដូចជាទន្លេ
គេអួតថា៖ យើងនឹងក្រោកឡើង
យើងនឹងគ្របលើផែនដី
យើងនឹងបំផ្លាញអស់ទាំងទីក្រុង
និងមនុស្សដែលអាស្រ័យនៅ។
9ឱសេះទាំងឡាយអើយ ចូរឡើងទៅ
ឱរទេះចម្បាំងទាំងឡាយអើយ ចូរសម្រុកចូលចុះ
ហើយត្រូវឲ្យមនុស្សដែលជំនាញ
ក្នុងចម្បាំងចេញទៅដែរ
គឺទាំងពួកអេធីយ៉ូពី និងពួកពូត
ជាពួកអ្នកដែលកាន់ខែល ហើយពួកលូឌដែលកាន់
ហើយយឹតធ្នូ។
10ដ្បិតថ្ងៃនេះជាថ្ងៃរបស់ព្រះអម្ចាស់យេហូវ៉ា
នៃពួកពលបរិវារ គឺជាថ្ងៃសងសឹក
ជាការសងសឹករបស់ព្រះអង្គផ្ទាល់ទៅពួកខ្មាំងសត្រូវ។
ដាវនឹងស៊ីទាល់តែឆ្អែត ក៏ផឹកឈាមគេយ៉ាងស្កប់ស្កល់
ព្រោះព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គមានយញ្ញបូជានៅស្រុកខាងជើងក្បែរទន្លេអ៊ើប្រាត។
11ឱកូនស្រីក្រមុំនៃស្រុកអេស៊ីព្ទអើយ
ចូរឡើងទៅឯស្រុកកាឡាត យកប្រទាលមុខសះចុះ
អ្នកនឹងប្រើថ្នាំច្រើនមុខ ជាឥតប្រយោជន៍ទេ
អ្នកនឹងមើលខ្លួនមិនជាឡើយ។
12អស់ទាំងសាសន៍បានឮនិយាយពី
សេចក្ដីអាម៉ាស់ខ្មាសរបស់អ្នក
ហើយផែនដីក៏ឮពេញដោយសម្រែករបស់អ្នកដែរ
ដ្បិតមនុស្សខ្លាំងពូកែបានចំពប់នឹងមនុស្សខ្លាំងពូកែ
ហើយទាំងពីរបានដួលជាមួយគ្នា។
13នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលនឹងហោរាយេរេមា ពីដំណើរនេប៊ូក្នេសា ជាស្តេចសាសន៍បាប៊ីឡូន ដែលនឹងមកវាយស្រុកអេស៊ីព្ទ
14ចូរថ្លែងប្រាប់នៅស្រុកអេស៊ីព្ទ
ហើយប្រកាសប្រាប់នៅក្រុងមីកដុល
ព្រមទាំងនៅក្រុងណូព និងនៅក្រុងថាផ្នេសផង
ត្រូវប្រាប់ថា៖ ចូរឈរឡើង ហើយរៀបខ្លួនចុះ
ដ្បិតដាវបានស៊ីនៅព័ទ្ធជុំវិញអ្នកអស់ហើយ។
15ហេតុអ្វីបានជាមនុស្សខ្លាំងពូកែរបស់អ្នក
ត្រូវដួលចុះដូច្នេះ?
គេមិនអាចឈរនៅបានឡើយ
ព្រោះយើងនេះជាយេហូវ៉ាច្រានគេឲ្យដួល។
16ព្រះអង្គបានធ្វើឲ្យដួលច្រើនគ្នាហើយ
គេបានដួលគរលើគ្នា គេបាននិយាយគ្នាថា៖
ចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើង
នៅឯស្រុកកំណើតរបស់យើងវិញ
ដើម្បីគេចឲ្យរួចពីដាវដែលធ្វើទុក្ខនេះ។
17នៅទីនោះ គេបានស្រែកឡើងថា៖
ផារ៉ោន ជាស្តេចអេស៊ីព្ទ ជាសូរកំទរទទេ
ព្រះអង្គបានទុកឲ្យពេលដែលស្រួលកន្លងហួសទៅ។
18ឯមហាក្សត្រដែលព្រះនាមថាព្រះយេហូវ៉ា
នៃពួកពលបរិវារ
ព្រះអង្គស្បថដោយព្រះជន្មព្រះអង្គដ៏គង់នៅថា
ភ្នំតាបោរនៅកណ្ដាលស្រុកភ្នំ
និងភ្នំកើមែលនៅឆ្នេរសមុទ្រជាយ៉ាងណា
នោះពិតប្រាកដជាគេនឹងមកយ៉ាងនោះដែរ។
19ឱកូនស្រីដែលនៅស្រុកអេស៊ីព្ទអើយ
ចូរផ្គត់ផ្គង់ដល់ខ្លួន សម្រាប់នឹងទៅជាឈ្លើយចុះ
ដ្បិតក្រុងណូពនឹងត្រូវខូចបង់
ហើយដុតចោលឥតមានអ្នកណានៅ។
20ស្រុកអេស៊ីព្ទជាគោក្រមុំយ៉ាងល្អក្រៃលែង
ប៉ុន្តែ មេបំផ្លាញបានចេញពីស្រុកខាងជើងមក
ក៏មកដល់ហើយ។
21មួយទៀត ជើងឈ្នួលរបស់ស្រុកអេស៊ីព្ទ
ប្រៀបដូចជាកូនគោបំប៉ននៅកណ្ដាលស្រុក
គេក៏បានបែរខ្នងដែរ
គេបានរត់ចេញទៅជាមួយគ្នា ឥតឈរនៅទេ
ដ្បិតថ្ងៃអន្តរាយរបស់គេ
គឺជាវេលាធ្វើទោសដល់គេបានមកលើគេហើយ។
22សូរសន្ធឹកថ្ងៃនោះ ដូចជាសូរនៃពស់លូន
ដ្បិតពួកនោះនឹងដើរមកជាក្បួនទ័ព
ក៏មកទាស់នឹងគេ មានទាំងពូថៅដូចអ្នកកាប់ឈើ។
23ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
គេនឹងកាប់រំលំព្រៃរបស់ស្រុកអេស៊ីព្ទ
ទោះបើជាព្រៃស្តុក ដែលចូលមិនបានក៏ដោយ
ដ្បិតគេមានគ្នាច្រើនជាងកណ្តូប គឺហួសប្រមាណ។
24កូនស្រីរបស់ស្រុកអេស៊ីព្ទនឹងត្រូវខ្មាស
នាងនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃ
របស់ពួកសាសន៍ពីស្រុកខាងជើង។
25ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលថា៖ មើល៍! យើងនឹងធ្វើទោសដល់អាំម៉ូននៃក្រុងថេប និងផារ៉ោន ហើយស្រុកអេស៊ីព្ទ ព្រមទាំងព្រះទាំងប៉ុន្មាន និងស្តេចរបស់គេផង គឺផារ៉ោន និងអស់អ្នកដែលទុកចិត្តដល់វា។ 26យើងនឹងប្រគល់គេ ទៅក្នុងកណ្ដាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ គឺទៅក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកបម្រើវាដែរ ក្រោយមក ស្រុកអេស៊ីព្ទនឹងមានគេអាស្រ័យនៅ ដូចកាលពីដើមវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
27ប៉ុន្តែ ឱយ៉ាកុប ជាអ្នកបម្រើរបស់យើងអើយ
កុំខ្លាចឲ្យសោះ ឱអ៊ីស្រាអែលអើយ
កុំស្រយុតចិត្តឡើយ
ដ្បិតមើល៍ យើងនឹងជួយសង្គ្រោះអ្នក
ឲ្យបានរួចពីទីឆ្ងាយ ហើយពូជអ្នកចេញពីស្រុក
ដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលមកវិញ
ហើយនឹងនៅដោយសុខស្រួលនឹងសេចក្ដីស្ងប់ស្ងាត់
ឥតមានអ្នកណាបំភ័យឡើយ។
28ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
ឱយ៉ាកុប ជាអ្នកបម្រើរបស់យើងអើយ
កុំខ្លាចឲ្យសោះ ដ្បិតយើងនៅជាមួយអ្នកហើយ
យើងនឹងធ្វើឲ្យអស់ទាំងនគរ
ដែលយើងបានបណ្ដេញអ្នកទៅនោះ
បានផុតអស់រលីង តែយើងនឹងមិនឲ្យអ្នកអស់រលីងទេ
គឺនឹងគ្រាន់តែវាយផ្ចាលអ្នកតាមខ្នាតប៉ុណ្ណោះ
ប៉ុន្តែ យើងមិនទុកឲ្យអ្នកនៅជាឥតទោសឡើយ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 46: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies